Friday, June 18, 2010
លោកស៊ូយ៉ា ស៊ូប៊ឺឌី អ្នករាយការណ័ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជានៅក្នុងសន្និសីទកាសែត។
ស៊ូប៊ឺឌី៖ ប្រព័ន្ធតុលាការកម្ពុជានៅតែជួបការលំបាកក្នុងការផ្តល់តុត្តិធម៌ដល់ពលរដ្ឋខ្មែរ
ដោយ Sebastian Strangio និង ជាង សុខា(ភ្នំពេញ ប៉ុស្តិ៍)
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្លែងនៅចុងបញ្ចប់នៃបេសកកម្មលើកទី ៣ មកប្រទេសកម្ពុជាថា គុណវិបតិ្តធ្ងន់ធ្ងរក្នុងដំណើរការនៃប្រព័ន្ធតុលាការកម្ពុជា បានប៉ះពាល់សមត្ថភាពរបស់តុលាការក្នុងការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋសាមញ្ញ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក ស៊ូរីយ៉ា ស៊ូប៊ឺឌី អ្នករាយការណ៍ពិសេសស្តីពីសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្លែងថា កង្វះធនធាន បញ្ហាស្ថាប័ន និងការជ្រៀតជ្រែកពីខាងក្រៅ បានបង្កើតជាស្ថាប័នមួយ ដែល «មិនទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ»។ លោកបញ្ជាក់ថា ៖ «មានចំនួនប្រជាពលរដ្ឋកាន់តែច្រើន
ឡើងដែលជាប់ឃុំឃាំងដោយសារតែគុណវិបត្តិផ្សេងៗក្នុងប្រព័ន្ធយុត្តិធម៌ខាងព្រហ្មទណ្ឌ ហើយករណីនៃបរាជ័យក្នុងការផ្តល់យុត្តិធម៌មានច្រើន»។
លោកស៊ូប៊ឺឌី បានបញ្ជាក់ថា នេះគឹជាករណីបញ្ហាសិទិ្ធដីធ្លី និងសេរីភាពបញ្ចេញមតិ ជាពិសេស។ លោកបានបន្ថែមទៀតថា ៖ «ខ្ញុំខ្វល់ខ្វាយដោយសារតែផលប៉ះពាល់នៃវិវាទដីធ្លី សម្បទានដីធ្លី និងការតាំងទីលំដៅជាថ្មីរបស់ប្រជាពលរដ្ឋសាមញ្ញ ... និងការថយចុះនៃសេរីភាពខាងនយោបាយ ដើម្បីជជែកវែកញែកក្នុងសង្គម ដោយសារតែការប្រើប្រាស់មិនសមស្របនូវបណ្តឹងបរិហារកេរ្តិ៍ ផ្តល់ព័ត៌មានមិនពិត និងញុះញង់ប្រឆាំងនឹងអ្នកសារព័ត៌មាន សកម្មជនសិទិ្ធមនុស្ស និងគូប្រឆាំងខាងនយោបាយ»។
ក្នុងអំឡុងដំណើរទស្សនកិច្ច រយៈពេល ១០ ថ្ងៃមកកាន់ប្រទេសកម្ពុជា ដែលផ្តោតលើប្រព័ន្ធតុលាការ លោក ស៊ូប៊ឺឌី បានចូលគាល់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មន្រ្តីជាន់ខ្ពស់នានា ចៅក្រម សមាជិកសង្គមស៊ីវិល និងអ្នកតំណាងគណបក្សនយោបាយ។ ប៉ុន្តែលោក ស៊ូបេដី បានឲ្យដឹងថា ជំនួបជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្រោងនៅព្រឹកថ្ងៃព្រហស្បតិ៍ត្រូវបានលុបចោល ដោយសារតែ«បញ្ហាសុខភាព»។ លោក
បានបន្តទៀតថា៖ «ខ្ញុំនឹងប្រើប្រាស់វិធីសាស្រ្តដទៃទៀត ដើម្បីផ្ញើសាររបស់ខ្ញុំទៅលោកនាយករដ្ឋមន្រ្តី»។
ប្រជាពលរដ្ឋនានាបានដាក់ញ្ញត្តិជូនលោកស៊ូប៊ឌី ដោយផ្ទាល់ និងបានស្នើសុំលោកឲ្យធ្វើអន្តរាគមន៍ក្នុងករណីរបស់ពួកគេ។ កាលពីថ្ងៃចន្ទ ក្នុងរយៈពេលដ៏ខ្លីមួយ លោកបានជួបជា
មួយអ្នកតំណាងប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងវិវាទដីធ្លី ក្នុងខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តកំពង់ស្ពី និងខេត្តកំពង់ឆ្នាំង។ នៅថ្ងៃបន្ទាប់ លោក រស់ សុឃិត អ្នកសារព័ត៌មានកំពុងជាប់ពន្ធនាគារ បានសរសេរលិខិតទៅលោក ស៊ូប៊ឺឌី ស្នើសុំលោកធ្វើអន្តរាគមន៍ក្នុងករណីរបស់ខ្លួន។ លោក រស់ សុឃិត បានជាប់ពន្ធនាគារក្នុងខែវិច្ឆិកា បន្ទាប់ពីលោកត្រូវបានកាត់ឲ្យជាប់ទោស ដោយសារតែលោកបានផ្ញើសារទូរស័ព្ទប្រមាថមួយទៅលោក សយ សុភាព ដែលជាពិធីករល្បីឈ្មោះម្នាក់។
លោក ស៊ូប៊ឺឌី បានថ្លែងថា ជំហររបស់គាត់មិនអនុញ្ញាតឲ្យគាត់យកចិត្តទុកដាក់លើបណ្តឹងនីមួយៗឡើយ ប៉ុន្តែលោកបានបញ្ជាក់ថា ការជួបដោយផ្ទាល់បានបង្ហាញពី «ទម្រង់ជាក់លាក់» ក្នុងប្រតិបតិ្តការនៃប្រព័ន្ធយុត្តិធម៌ នៅប្រទេសកម្ពុជា។ លោកបានបន្តថា៖«ប្រជាពលរដ្ឋទាំងនោះ មានអត្ថប្រយោជន៍ណាស់សម្រាប់ខ្ញុំក្នុងការបញ្ជាក់នូវសេចក្តីត្រូវការក្នុងការធ្វើកំណែទម្រង់ ហើយវិស័យអ្វីខ្លះ ដែលត្រូវធ្វើកំណែទម្រង់»។
លោកបានបន្ថែមទៀតថា លោកស្នើសុំរដ្ឋាភិបាលបង្កើតជា«កាលវិភាគច្បាស់លាស់»
សម្រាប់អនុវត្តនូវអនុសាសន៍របស់លោកស្តីពីប្រព័ន្ធតុលាការ។ លោកបានថ្លែងថា៖ «នេះជាកាតព្វកិច្ច ដែលអនុវត្តដោយស្ម័គ្រចិត្តដោយរដ្ឋាភិបាលកម្ពុជា ហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងគោរពតាមការប្តេជ្ញាសន្យារបស់»។ លោក ស៊ូប៊ឺឌី នឹងរាយការណ៍ពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងខែកញ្ញាខាងមុខនេះ។
លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា រូបលោកមិនដឹងថា តើអ្វីខ្លះដែលលោក ស៊ូប៊ឺឌី នឹងរាយការណ៍ដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សឡើយ ប៉ុន្តែ លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចមានរយៈពេលខ្លី មិនអាចធ្វើការវាយតម្លៃសមស្របលើប្រព័ន្ធតុលាការឡើយ។ ផ្ទុយទៅវិញ លោកបានបន្ថែមទៀតថា អង្គការសហប្រជាជាតិគួរបង្កើតក្រុមការងារ ដើម្បីធ្វើការជាមួយនឹងរដ្ឋាភិបាលលើបញ្ហាសិទិ្ធមនុស្ស។ លោកបាន
បញ្ជាក់ដូច្នេះថា ៖ «ដើម្បីមានរបាយការណ៍សមស្រប ពួកគេគួរបង្កើតក្រុមការងារមួយ និងធ្វើការជាមួយនឹងរដ្ឋាភិបាល ដូច្នេះ ពួកគេនឹងមានសេចក្តីលម្អិត និងព័ត៌មានបន្ថែមទៀត មុនពេលវាយតម្លៃ»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងថា គណបក្សបានផ្តល់អនុសាសន៍ដល់លោកស៊ូប៊ឺឌី ពីភាពលម្អៀងខាងនយោបាយរបស់តុលាការ ជាពិសេសទាក់ទងរឿងក្តីប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី និងលោកស្រី មូរ សុខហួរ សមាជិករដ្ឋសភាដែលជាអ្នករិះគន់មិនសំចៃមាត់។ លោកបានបន្ថែមទៀតថា លទ្ធភាពចូលដល់
ស្ថាប័នអន្តរជាតិក្នុងអង្គការសហប្រជាជាតិ ដែលសលោក ស៊ូប៊ឺឌី អាចធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានមកលើប្រទេសកម្ពុជា ប៉ុន្តែលោកមិនជ្រួលជ្រាលឡើយ។ លោកបានបញ្ជាក់ដូច្នេះថា៖ «រហូតមកដល់ពេលនេះ ខ្ញុំមានជំនឿទុកចិត្តតិចទៅៗ ប៉ុន្តែយើងនឹងរង់ចាំមើល»៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment