ព័ត៌មានទាន់ហេតុការណ៍
រដ្ឋាភិបាលកម្ពុជា និងប្រទេសម្ចាស់ជំនួយកំពុងតែបន្តប្រជុំគ្នានៅវិមានរដ្ឋាភិបាល (ក្រុមប្រឹក្សាអភិវឌ្ឍន៍
កម្ពុជា) ហើយគ្រោងនឹងបិទបញ្ចប់នៅពេលបន្តិចទៀតនេះ ជាមួយនឹងការធ្វើសន្និសីទកាសែតមួយបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំវាងរដ្ឋាភិបាល និងម្ចាស់ជំនួយនេះ។
អង្គវេទិកា បានពិភាក្សាលើការអនុវត្តបច្ចុប្បន្នភាពផែនការអភិវឌ្ឍ យុទ្ធសាស្រ្តជាតិឆ្នាំ២០០៩‑១៣ របស់រដ្ឋាភិបាល ក៏ដូចជាគោលនយោបាយដើម្បីធានាស្ថិរភាពមីក្រូសេដ្ឋកិច្ចក្នុងអំឡុង ពេលវិបត្តិសេដ្ឋកិច្ចសាកល។ ក្នុងខែធ្នូ ឆ្នាំ២០០៨ ប្រទេសកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ចំនួន ៩៥១.៥លានដុល្លារអាមេរិក ធៀបនឹង ៦៩០លានដុល្លារអាមេរិកក្នុងខែមិថុនា ឆ្នាំ២០០៧។
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានថ្លែងបន្ទាប់ពីចប់កិច្ចប្រជុំ កាលពីថ្ងៃពុធថា កិច្ចប្រជុំនេះប្រព្រឹត្តទៅយ៉ាងរលូន ហើយលោកមិនបានឮការតវ៉ាណាមួយពីម្ចាស់ជំនួយឡើយ។ លោកបានថ្លែងថា៖ «ខ្ញុំមិនដឹងថា រដ្ឋាភិបាលនឹងទទួលបានជំនួយប៉ុន្មានពីប្រទេសផ្តល់ជំនួយនៅក្នុង ឆ្នាំនេះនោះទេ ប៉ុន្តែគិតថា យើងអាចទទួលបានជំនួយតាមការរំពឹងទុករបស់យើង»។ នៅក្នុងកិច្ចប្រជុំម្ចាស់ជំនួយ‑រដ្ឋាភិបាលប្រចាំត្រីមាសនៅក្នុងខែ មេសា លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា និន្នាការជំនួយកំពុងបន្តកើនឡើង ហើយតម្រូវការរបស់រដ្ឋាភិបាលនឹងឡើងដល់ ១ ពាន់លានដុល្លារក្នុងឆ្នាំ២០១០។
No comments:
Post a Comment