Saturday, June 19, 2010

បច្ចុប្បន្នភាពកម្ពុជា

រតនាគារ កំនត់ពេល ២ សប្តាហ៍ ឲ្យលោកស្រី មូរ សុខហួរ បង់ប្រាក់ពិន័យ
ដោយ លី ម៉េងហួរ (វិទ្យុបារាំងអន្តរជាតិ)

ប្រធាន រតនាគារ រាជធានីភ្នំពេញ លោក កែ ប៊ុនឡេង បានជូនដំណឹង នៅថ្ងៃសុក្រនេះ ទៅដល់លោកស្រី មូរ សុខហួរ ឲ្យបង់ប្រាក់ពិន័យ ក្នុងរយៈពេល ២ សប្តាហ៍ លើសំណុំ រឿងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ បើសិនជាលោកស្រី មូរ សុខហួរ មិនព្រមបង់ប្រាក់ពិន័យនោះទេ គឺលោកស្រី មូរ សុខហួរ ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៦ ខែ។

ក្នុង លិខិតជូនដំណឹង នៅថ្ងៃនេះ លោក កែ ប៊ុនឡេង ប្រធានរតនាគារ រាជធានីភ្នំពេញ បានសូមឲ្យលោកស្រី មូរ សុខហួរ យកប្រាក់ពិន័យ ៨,៥ លានរៀល ស្មើប្រមាណ ២ពាន់ដុល្លារ នៅអង្គភាពរតនាគារ រាជធានីភ្នំពេញ ជាសាច់ប្រាក់ ឬដោយបង្វែរចូលគណនី នៅធនាគារជាតិ ក្នុងរយៈពេល ២ សប្តាហ៍ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ។
លិខិតបង្គាប់ឲ្យលោកស្រី មូរ សុខហួរ បង់ប្រាក់ពិន័យជូនរដ្ឋ នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានធ្វើឡើង តាមដីការបស់លោក សុខ រឿន ព្រះរាជអាជ្ញារងតុលាការរាជធានីភ្នំពេញ ទៅកាន់ប្រធានរតនាគារ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០។
តុលាការទាំង៣ថ្នាក់ របស់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ ចាប់តាំងពីខែសីហា ឆ្នាំមុន រហូតដល់ថ្ងៃទី២មិថុនានេះ បានសម្រេចឲ្យលោកស្រី មូរ សុខហួរ ចាញ់ក្តី លោកនាយករដ្ឋមន្ត្រី ក្នុងរឿងបរិហារកេរ្តិ៍ ។ តុលាការ បានសម្រេចផ្តន្ទាទោសលោកស្រី មូរ សុខហួរ ដោយពិន័យជាប្រាក់ ៨ លានរៀល ជាសំណងជម្ងឺចិត្តលោកនាយករដ្ឋមន្ត្រី និងពិន័យ ៨,៥ លានរៀល បង់ចូលថវិការដ្ឋ។
លោកស្រី មូរ សុខហួរ បានចាកចេញពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិក។ លោកស្រីបានប្រកាសថា លោកស្រី នឹងមិនព្រមបង់ប្រាក់ពិន័យនោះទេ ព្រោះលោកស្រី មិនបានធ្វើអ្វីខុស ដូចការចោទប្រកាន់ឡើយ។
លោកស្រី មូរ សុខហួរ អាចប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល ៦ ខែ ប្រសិនបើមិនព្រមបង់ប្រាក់ពិន័យ ក្នុងរឿងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី។
យ៉ាងណាក៏ដោយ កាលពីអាទិត្យមុន លោកស្រី មូរ សុខហួរ បានផ្តើមយុទ្ធនាការប្រមូលញតិ្ត តាមប្រព័ន្ធអ៊ិនថឺណេត អមដោយស្នាមមេដៃអ្នកគាំទ្រ ប្រមាណ ២០០០ នាក់ ដើម្បីប្តឹងតវ៉ាលើសំណុំរឿងនេះ ដាក់ទៅកាន់លោកប្រធានាធិបតីអាមេរិក អូបាម៉ា។
ចំណែកសំណុំរឿងរដ្ឋាភិបាលប្តឹង លោក សម រង្ស៊ី ពីបទផែនទីក្លែងក្លាយ នៅតុលាការក្រុងភ្នំពេញ ត្រូវបានបិទការស៊ើបសួរហើយ កាលពីថ្ងៃទី១១ ខែមិថុនា។ បទចោទប្រកាន់ថ្មីនោះ នឹងត្រូវផ្តន្ទាទោសលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ឲ្យជាប់ពន្ធនាគារពី ៥ ទៅ ១៨ ឆ្នាំ បន្ថែមលើទោសជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង។
ក្រុមអ្នកច្បាប់ បានអះអាងថា លោកស្រី មូរ សុខហួរ និងលោក សម រង្ស៊ី កំពុងប្រឈមនឹងការបាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជាសកលនៅឆ្នាំ២០១៣ ខាងមុខ៕

No comments:

Post a Comment