លោកស៊ូយ៉ា ស៊ូប៊ឺឌី ធ្វើទស្សនកិច្ចនៅកម្ពុជាជាលើកទី៣ ដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិមនុស្ស
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស៊ូយ៉ា ស៊ូប៊ឺឌីនឹងមកបំពេញបេសកកម្មនៅ
កម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ។ នេះជាបេសកកម្មលើកទី៣ របស់អ្នករាយការណ៍
ពិសេសរូបនេះនៅកម្ពុជាដោយមានការស្វាគមន៍ពីមន្ត្រីរដ្ឋាភិបាលកម្ពុជានិងគណបក្សប្រឆាំងផងដែរហើយរំពឹងថាមន្ត្រីរូបនេះនឹងជួយកែប្រែស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាឲ្យកាន់តែប្រសើរ។
………………………………………………………….
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដំណើរបេសកកម្មរបស់លោកស៊ូយ៉ា ស៊ូប៊ឺឌី នៅក្នុងប្រទេសកម្ពុជា លើកទី៣នេះ គឺផ្តោតលើដំណើរការ
វិស័យយុត្តិធម៌។ វិស័យយុត្តិធម៌ដែលអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាគូសបញ្ជាក់ថា គឺជា ផ្នែកមួយនៃការបន្តវាយតម្លៃរបស់លោកលើស្ថាប័នដ៏សំខាន់នេះ ដើម្បីចូលរួមលើកស្ទូយ និងការពារសិទ្ធិមនុស្ស ពោលគឺ ដើម្បីឲ្យមានការចូលរួមពីមនុស្សទូទៅ ដើម្បីធ្វើឲ្យមានប្រព័ន្ធយុត្តិធម៌មួយល្អ និងត្រឹមត្រូវ។ គួរបញ្ជាក់ថា នៅ ក្នុងបេសកកម្មលើកទី១ នៅក្នុងឆ្នាំ ២០០៩ អ្នករាយការណ៍ពិសេសរូបនេះ បានផ្តោតជាសំខាន់លើការស្វែងយល់ពីស្ថានការណ៍សិទ្ធិមនុស្សទូទៅនៅកម្ពុជា ក្រោយពីលោកត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សជ្រើសតាំង ឲ្យធ្វើជាអ្នករាយការណ៍ពិសេសជំនួសតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ យ៉ាស្ហ ហ្គាយ ហើយបេសកកម្មលើកទី២របស់លោកនៅខែមករា ឆ្នាំ ២០១០ គឺតាមដាន និងពិនិត្យមើលប្រសិទ្ធភាព ការងាររបស់ស្ថាប័នរដ្ឋទាំងឡាយដែលទទួលខុសត្រូវក្នុងការលើកស្ទួយ និងការពារនីតិរដ្ឋ និងដោះស្រាយ បញ្ហាសិទ្ធិមនុស្សរបស់ប្រជាជនកម្ពុជា។
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹង ក្រាបបង្គុំចូលគាល់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។តាមការគ្រោងទុកលោកនឹងជួបពិភាក្សាជាមួយនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមមន្ត្រីតំណាង ឲ្យស្ថាប័នដែលមានការពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់ និងយុត្តិធម៌ និងមន្ត្រីនៅក្រសួងយុត្តិធម៌ ក៏ដូចជាប្រជា ពលរដ្ឋដែលបានប្រើប្រាស់ប្រព័ន្ធតុលាការ សង្គមស៊ីវិលព្រមទាំងដៃគូអភិវឌ្ឍន៍នានាដែលបានចូលរួមនៅក្នុងវិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ មន្ត្រីគណបក្សប្រឆាំងនៅកម្ពុជាក៏ត្រូវគេរំពឹងថានឹងមានការជួប ពិភាក្សាជាមួយនឹងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែរ។ បញ្ហាជាច្រើន ជាពិសេសទាក់ទងនឹងប្រព័ន្ធយុត្តិធម៌កម្ពុជាបច្ចុប្បន្ននឹងត្រូវបានគេលើកឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ លោកស៊ូយ៉ា ស៊ូប៊ឺឌីនៅកម្ពុជាលើកនេះ។
នៅពេលទាក់ទងនៅថ្ងៃអាទិត្យនេះ ទាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា និងមន្ត្រីគណបក្សប្រឆាំងបានស្វាគមន៍ ចំពោះបេសកកម្មនេះ ដោយរំពឹងថានឹងទទួលបានកិច្ចសហប្រតិបត្តិការផ្លែផ្កា និងអាចកែប្រែប្រព័ន្ធយុត្តិធម៌
នៅកម្ពុជា។ ប្រព័ន្ធយុត្តិធម៌ និងសិទ្ធិមនុស្សកម្ពុជា ដែលតាមការកត់សម្គាល់របស់លោកកឹម សុខា ប្រធាន
គណបក្សសិទ្ធិមនុស្ស គឺមិនទាន់បានឆ្លើយតបនៅឡើយចំពោះអ្វីដែលរដ្ឋាភិបាលបានសន្យា។ ដូច្នេះការចុះមក ត្រួតពិនិត្យរបស់មន្ត្រីអង្គការសហប្រជាជាតិនេះគឺជាការល្អ ដើម្បីកែប្រែចំណុចអវិជ្ជមាន។ លោកកឹម សុខា បានថ្លែងថា ដំណើរការប្រព័ន្ធយុត្តិធម៌ដែលជាប្រធានបទនៃដំណើរទស្សនកិច្ចរបស់លោកស៊ូប៊ឺឌីលើក នេះ គឺជាប្រធានបទសំខាន់ ខណៈដែលប្រជាជនខ្មែរកំពុងតែជួបប្រទះនូវភាពអយុត្តិធម៌ និងក្នុងពេលដែល
រដ្ឋាភិបាលបានប្រើប្រាស់ឥទ្ធិពលតុលាការមកគាបសង្កត់លើប្រជាពលរដ្ឋដែលបានសម្តែងមតិរបស់ខ្លួន និងកំពុងតែធ្វើការទាមទារដីធ្លីរបស់ខ្លួនជាដើម។ បើតាមលោកកឹម សុខា គឺប្រជាពលរដ្ឋកំពុងតែអស់សង្ឃឹម ជាមួយនឹងប្រព័ន្ធយុត្តិធម៌កម្ពុជា។ ដូច្នេះវត្តមានរបស់លោកស៊ូយ៉ា ស៊ូប៊ឺឌី គឺនឹងមានសារៈសំខាន់ក្នុងការកែ
ប្រែបញ្ហាទាំងនេះ។ ក៏ប៉ុន្តែការលើកលែងថា ប្រព័ន្ធយុត្តិធម៌កម្ពុជាមិនដំណើរការល្អ មានភាពអយុត្តិធម៌នេះ
ត្រូវបានច្រានចោលដោយមន្ត្រីរដ្ឋាភិបាលកម្ពុជា។ លោកទិត សុធា មន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៌មាន និង
ប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា អ្វីដែលលើកឡើងដោយមន្ត្រីគណបក្សប្រឆាំងគ្រាន់
តែជាមតិរិះគន់តែប៉ុណ្ណោះ ប៉ុន្តែមិនបានស្តែងពីការពិតនៅកម្ពុជាឡើយ។ កម្ពុជាដែលតាមការអះអាងរបស់ លោកទិត សុធា មានប្រព័ន្ធតុលាការមួយដែលកំពុងតែដើរលើផ្លូវត្រូវក្នុងការផ្តល់យុត្តិធម៌ជួនដល់ពលរដ្ឋខ្មែរ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅថ្ងៃនេះថា ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងលោកស៊ូយ៉ា ស៊ូប៊ឺឌី គឺមានលក្ខណៈល្អបំផុត និងមានភាពខុសប្លែកគ្នាពីទំនាក់ទំនងជាមួយនឹងលោកយ៉ាស្ហ ហ្គាយ។ ខុសគ្នានៅ ត្រង់ថា អ្នករាយការណ៍ពិសេសថ្មីនេះ បានស្គាល់ពីស្ថានការណ៍គោរពសិទ្ធិមនុស្សជាក់ស្តែងនៅកម្ពុជា និង បានសរសេររបាយការណ៍ដោយឈរនៅលើការពិត ស្តាប់ទាំងគ្រប់ភាគីទាំងអស់មិនថា រដ្ឋាភិបាល ឬបក្ស ប្រឆាំង និងសង្គមស៊ីវិលទេ ពោលគឺលោកស៊ូយ៉ា ស៊ូប៊ឺឌី បានធ្វើសំយោគរបាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់ លោកបានល្អ។ លោកទិត សុធា បានបន្តថា រដ្ឋាភិបាលរំពឹងថារបាយការណ៍របស់លោកស៊ូយ៉ា ស៊ូប៊ឺឌី នឹងផ្តល់ យុត្តិធម៌សម្រាប់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងស្វាគមន៍ចំពោះអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិ
មនុស្សនៅកម្ពុជា
No comments:
Post a Comment