បច្ចុប្បន្នភាពកម្ពុជា
តុលាការកំពូលចាត់វិធានការប្រឆាំងលោកស្រី មួរ សុខហួរ
ដោយ ប៉ែន បូណា (វិទ្យុបារាំងអន្តរជាតិ)
តុលាការ កំពូលនៃប្រទេសកម្ពុជាបាន ចាត់វិធានការបង្ខំឲ្យលោកស្រីមួរ សុខហួរអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីបង់ ប្រាក់ពិន័យចំនួន១៦លានរៀលទៅតាមការសម្រេចរបស់តុលាការទាំងបី ថ្នាក់នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ដីការបស់តុលាការកំពូលបាន ទៅដល់តុលាការសាលាដំបូងរាជធានីភ្នំពេញនៅចុងសប្តាហ៍នេះ។ប៉ុន្តែ លោកស្រីមួរសុខហួរ ដែលបានហៅការកាត់សេចក្តី របស់តុលាការថាជាអំពើអយុត្តិធម៌នោះនៅតែបដិសេធមិនព្រមបង់ ប្រាក់ឡើយ។ភាពតានតឹងអាចនឹងកើត មានឡើងនៅពេលខាងមុខប្រសិនបើ តុលាការចាត់វិធានការចាប់បង្ខំអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី រូបនេះដាក់ពន្ធនាគារ។
ប្រភព ពីតុលាការឲ្យដឹងថាតុលាការកំពូលបានសម្រេចចាត់វិធានការបង្ខំឲ្យ លោកស្រីមួរសុខហួរអ្នកតំណាងរាស្រ្តខេត្តកំពតរបស់គណបក្សសម រង្ស៊ីបង់ប្រាក់ពិន័យនៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាមួយលោក នាយករដ្ឋមន្ត្រីហ៊ុនសែន។
ដីការបស់តុលាការកំពូលបានមកដល់តុលាការរាជធានីភ្នំពេញហើយនៅចុង សប្តាហ៍នេះដើម្បីស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការ បន្ត។ប៉ុន្តែលោកស្រីមួរសុខហួរបានអះអាងនៅថ្ងៃនេះថាលោកស្រី មិនទាន់បានទទួលដីកាណាមួយពីសាលាដំបូងរាជធានីភ្នំពេញទាក់ទងនឹង បញ្ហានេះនៅឡើយទេ។យ៉ាងណាក៏ដោយតំណាងរាស្ត្រស្ត្រីគណបក្សសម រង្ស៊ីរូបនេះនៅតែអះអាងជាថ្មីទៀតថាលោកស្រីនឹងមិនព្រមបង់ ប្រាក់ជាដាច់ខាតហើយក៏មិនរត់គេចទៅណាដែរ។
លោកស្រីមួរសុខហួរអ្នកតំណាងរាស្ត្រខេត្តកំពតត្រូវបានតុលាការ ទាំងបីថ្នាក់របស់ប្រទេសកម្ពុជាកាត់សេចក្តីឲ្យចាញ់ក្តីលោកនាយក រដ្ឋមន្ត្រីហ៊ុនសែនក្នុងបទបរិហារកេរ្តិ៍។លោកស្រីត្រូវបាន តុលាការផ្តន្ទាទោសឲ្យបង់ប្រាក់ពិន័យសរុប១៦លានរៀលឬប្រហាក់ ប្រហែលនឹង៤០០០ដុល្លារអាមេរិក។ប៉ុន្តែតុលាការដដែលបានទាត់ចោល ពាក្យបណ្តឹងរបស់លោកស្រីមួរសុខហួរដែលប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនក្នុងបទបរិហារកេរ្តិ៍ដូចគ្នា។
បើយោងតាមនីតិវិធីច្បាប់លោកស្រីមួរសុខហួរអាចនឹងត្រូវតុលាការ ចាត់វិធានការបង្ខំឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំក្នុងបទមិន ព្រមគោរពតាមនីតិវិធីរបស់តុលាការ។នីតិវិធីនេះមិនបានធ្វើឲ្យ លោកស្រីមួរសុខហួរកោតខ្លាចឡើយ។លោកស្រីអះអាងថាសុខចិត្តទទួលយក ជម្រើសជាប់ពន្ធនាគារជាជាងការបង់ប្រាក់ទៅតាមការកាត់សេចក្តីរបស់ តុលាការដែលលោកស្រីចាត់ទុកថា«អយុត្តិធម៌»។
ស្របពេលជាមួយគ្នានេះអ្នកតំណាងរាស្រ្តស្ត្រីគណបក្សសមរង្ស៊ី កំពុងបន្តយុទ្ធនាការប្រមូលអ្នកគាំទ្រដើម្បីធ្វើញ្ញត្តិសុំ អន្តរាគមន៍ពីលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាឲ្យជួយ ដោះស្រាយបញ្ហានេះ។លោកស្រីមួរសុខហួរបានឲ្យដឹងនៅថ្ងៃនេះថា ញ្ញត្តិនោះទទួលបានអ្នកគាំទ្រជិត១០០០នាក់ហើយដែលបានចុះហត្ថលេខា គាំទ្រលោកស្រីក្នុងនោះក៏មានអ្នកនៅក្រៅប្រទេសដែរ។ញ្ញត្តិនេះ ត្រូវគេគ្រោងនឹងផ្ញើជូនប្រធានាធិបតីអាមេរិកនិងអង្គការ សហប្រជាជាតិក្នុងពេលឆាប់ៗនេះ។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានអះអាងថាញ្ញត្តិរបៀបនេះនឹងគ្មាន ទម្ងន់ទៅលើប្រទេសណាមួយទេពីព្រោះនេះជារឿងផ្លូវច្បាប់ដែល លោកស្រីមួរសុខហួរមិនគោរព។យ៉ាងណាក៏ដោយលោកស្រីមួរសុខហួរបាន ពន្យល់តបវិញថាលោកស្រីមិនប្រឆាំងនឹងច្បាប់ឡើយតែលោកស្រី ប្រឆាំងនឹងការអនុវត្តន៍ច្បាប់ដែលលោកស្រីអះអាងថា«អយុត្តិធម៌» តែប៉ុណ្ណោះ៕
No comments:
Post a Comment