Friday, June 18, 2010

បច្ចុប្បន្នភាពកម្ពុជា


កម្ពុជាទាត់ចោលព័ត៌មានថាមេដឹកនាំក្រុមអាវក្រហមលាក់ខ្លួននៅកម្ពុជា

ដោយជាង សុខា (ភ្នំពេញ ប៉ុស្តិ៍)


ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​នឹង​ទី​ក្រុង​បាងកក​ដែល​ចេះ​តែ​បន្ត​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ក្នុង​បំណង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា ខណៈ​ពេល​នយោ​បាយ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ខ្លួន​កំពុង​តែ​ជ្រួល​ច្របល់។

នៅ​ក្នុង​សេចក្តី​ប្រកាស​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​(PQRU)​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី អ្នក​នាំ​ពាក្យ​កម្ពុជា​បាន​ថ្លែង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា​រហូត​ដល់​ថ្ងៃ​ទី ១៦ ខែ​មិថុនា មាន​សេចក្តី​រាយ​ការណ៍​ក្លែង​ក្លាយ​ចំនួន ២ អំពី​ការ​រា​រាំង និង​បំបែក​ក្រុម​បាតុករ​អាវ​ក្រហម​ត្រូវ​បាន​បង្កើត​ឡើង​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​កម្ពុជា​ពី​សំណាក់​ជន​អគតិ​ថៃ​មួយ​ក្តាប់​តូច។

សេចក្តី​ថ្លែង​ការណ៍​នោះ​សរសេរ​ថា៖​«ជា​ថ្មី​ម្តង​ទៀត ប្រទេស​កម្ពុជា​សូម​ស្នើ​ដោយ​ទទូច​ឲ្យ​រដ្ឋា​ភិបាល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ​បញ្ឈប់​ជា​បន្ទាន់ និង​ទាំង​ស្រុង​នូវ​ឥរិយាបថ​បង្ក​រឿង​ដោយ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​គ្មាន​មូលដ្ឋាន ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ពី​សំណាក់​មតិ​ជាតិ និង​អន្តរជាតិ ហើយ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ទ្វេ​ភាគី​ដ៏​ល្អ​របស់​ប្រទេស​ទាំង ២ ធ្លាក់​ចូល​ក្នុង​គ្រោះ​ថ្នាក់»។

សេចក្តី​ថ្លែង​ការណ៍​នោះ​បន្ថែម​ថា៖​«ប្រទេស​កម្ពុជា​ជឿ​លើ​ធម៌​ពិត និង​អហិង្សា ហើយ​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ទៅ​នឹង​គោល​ការណ៍​រួម​រស់​ជាមួយ​គ្នា​ដោយ​សន្តិភាព។ ប្រទេស​នេះ​ពុំ​ដែល​មាន​បំណង​ព្យាបាទ​ប្រទេស​ដទៃ ហើយ​ក៏​ជឿ​ថា​សម្អប់​បង្កើត​សម្អប់ ហើយ​តណ្ហា និង​អំពើ​ហិង្សា​ប្រាកដ​ជា​នាំ​ក្តី​វិនាស​ដល់​ខ្លួន​ឯង»។

ប្រតិកម្ម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទូរទស្សន៍​ថៃ ASTV បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ពុធ និង​បាន​ស្រង់​សម្តី​ពី​ជំនួយ​ការ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​ដោយ​សម្អាង​ទៅ​លើ​ប្រភព​ព័ត៌មាន​ដែល​មិន​អាច​បញ្ជាក់​បាន​ដែល​ផ្តល់​ជូន​ដោយ​ស្ថាប័ន​សន្តិសុខ​ជាតិ​ថៃ​ដែល​បាន​លើក​ឡើង​ថា មេ​ដឹក​នាំ​ក្រុម​អាវ​ក្រហម ២ រូប​គឺ​លោក អារីស្មាន់ ភុងរួងរុង និង​លោក ស៊ូផន អាថាវង្ស បាន​គេច​ខ្លួន​ចូល​កាស៊ីណូ​ក្នុង​ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​ថៃ។

លោក ទិត សុធា អ្នក​នាំ​ពាក្យ​របស់​អង្គភាព​នេះ​បាន​ថ្លែង​ថា ព័ត៌មាន​នេះ​មាន​ចេតនា​បង្ក​បញ្ហា​ជាមួយ​ប្រទេស​កម្ពុជា ហើយ​គឺ​បង្ហាញ​ពី​កម្សោយ​នៃ​ក្រុម​ចារកម្ម​ថៃ ដែល​តែង​តែ​ផ្តល់​ព័ត៌មាន​មិន​ពិត​ទៅ​មេ​ដឹក​នាំ​របស់​ពួក​គេ ដែល​ជានិច្ចកាល​អាច​បណ្តាល​ឲ្យ​មាន​ទំនាស់​ជាមួយ​ប្រទេស​ជិត​ខាង៕

1 comment:

  1. eToro is the #1 forex broker for beginner and full-time traders.

    ReplyDelete