បច្ចុប្បន្នភាពកម្ពុជា
លោកហ៊ុន សែនចូលរួមប្រជុំវេទិកាសេដ្ឋកិច្ចនៅហូជីមិញ
ដោយ លាង ដឺលុច (វិទ្យុបារាំងអន្តរជាតិ) www.khmer.rfi.fr (http://www.khmer.rfi.fr)
លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែននឹងចេញដំណើរទៅចូលរួមវេទិការសេដ្ឋកិច្ចក្នុងក្របខណ្ឌតំបន់ អាស៊ីបូព៌ាដែលនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងហូជីមិញប្រទេស វៀតណាម។ លោកហ៊ុន សែនគ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍មួយលើប្រធានបទ៖ ប្រែក្លាយមេគង្គជាតំបន់លូតលាស់និងភាពជាអ្នកដឹកនាំ។
ប្រមុខ រដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាទៅចូលរួមក្នុងកិច្ច ប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ីបូព៌ាឆ្នាំ២០១០។ វេទិកាសេដ្ឋកិច្ចនេះនឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃនៅក្នុងទីក្រុង ហូជីមិញប្រទេសវៀតណាមនៅថ្ងៃទី៦និងទី៧មិថុនានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីខ្មែរនឹងធ្វើសុន្ទរកថាមួយក្នុងពិធីបើកកិច្ច ប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនេះ និងចូលរួមពិភាក្សាក្នុងប្រធានបទ "ប្រែក្លាយមេគង្គជាតំបន់លូតលាស់និងភាពជាអ្នកដឹកនាំ"។ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរលោក កុយ គួងបានថ្លែងអោយដឹងថា កិច្ចប្រជុំជាអន្តរជាតិផ្តោតទៅលើការផ្លាស់ប្តូរទស្សនៈគ្នាលើការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានវៀតណាម នេះជាលើកទីមួយហើយដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ីបូព៌ានេះ។ តាមគម្រោង មានមនុស្សមិនតិចជាង៤០០នាក់ជាមេដឹកនាំប្រទេសជាអ្នកជំនួញធំៗនិងជា អង្គការក្រៅរដ្ឋាភិបាលផងដែលនឹងចូលរួមក្នុងកិច្ចប្រជុំ២ថ្ងៃនេះ។
យោងតាមការផ្សព្វផ្សាយរបស់កាសែតថៃThe Nation នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វីចាជីវ៉ាក៏នឹងចេញដំណើរទៅចូលរួមក្នុងកិច្ចប្រជុំនៅប្រទេសវៀតណាម នេះផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានសរសេរថា ក្រៅពីចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម ផងដែរ។ ផ្ទុយទៅវិញ បើទោះណាជាមានវត្តមានលោកនាយករដ្ឋមន្ត្រីថៃនៅក្នុងកិច្ចប្រជុំ នៅទីក្រុងហូជីមិញក៏ដោយ មិនមានព័ត៌មានថាប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃអាចជួបគ្នា ឬយ៉ាងណាដើម្បីដោះស្រាយបញ្ហាព្រំដែន និងការស្តារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញនោះទេ៕
No comments:
Post a Comment