Saturday, June 26, 2010

បច្ចុប្បន្នភាពកម្ពុជា

បក្សសម រង្ស៊ីពិចារណាបង់ប្រាក់ជំនួសលោកស្រី មូរ សុខហួរ

គណបក្ស​សម រង្ស៊ី កំពុង​ពិចារណា​អំពី​ការ​បង់​ប្រាក់​ជំនួស​លោកស្រី មួរ សុខហួរ​ដើម្បី​បញ្ចៀស​បញ្ហា​ដែល​នឹង​កើត​ឡើង​ចំពោះ​លោកស្រី​តំណាងរាស្រ្ត​ របស់​ខ្លួន។ គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រឆាំង​បាន​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា​ក្នុង​ កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ យ៉ាងណាក៏ដោយ គណបក្ស​សម រង្ស៊ី​នៅ​រង់ចាំ​ពិគ្រោះ​យោបល់​ជាមួយ​លោកស្រី​មួរ សុខហួរ​សិន។ លោកស្រី​មួរ សុខហួរ​ដែល​កំពុង​ស្ថិត​នៅ​ឯ​សហរដ្ឋអាមេរិក បាន​អះអាង​មុន​នឹង​ចេញ​ដំណើរ​ថា លោកស្រី​មិន​ព្រម​បង់ប្រាក់​ក្នុង​រឿង​ចាញ់ក្តី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឡើយ។




មន្ត្រី ​គណបក្ស​សម រង្ស៊ី បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​ប្រឆាំង​មាន​បំណង​បញ្ចប់​សំណុំ​រឿងក្តី​របស់​លោកស្រី​មួរ សុខហួរ ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​បទ​បរិហារកេរ្តិ៍។ លោក​គឹម សួរភិរិទ្ធ តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី​និង​ជា​អ្នកនាំពាក្យ​ស្តីទី​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​បញ្ជាក់​ថា គណបក្ស​របស់​លោក​កំពុង​ពិចារណា​រឿង​បង់ប្រាក់​ជំនួស​លោកស្រី​មួរ សុខហួរ។

លោកស្រី​មួរ សុខហួរ តំណាងរាស្រ្ត​ខេត្តកំពត​នៃ​គណបក្ស​សម រង្ស៊ី​ត្រូវ​បាន​
តុលាការ ​កំពូល​កាត់ក្តី​កាលពី​ថ្ងៃ​ទី ២​មិថុនា​ឲ្យ​ចាញ់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​បទ​បរិហាកេរ្តិ៍។ លោកស្រី​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​បង់​ប្រាក់​សង​ជម្ងឺចិត្ត​លោក​នាយក​ រដ្ឋមន្ត្រី​ចំនួន ៨​លាន​រៀល​និង​ប្រាក់​ពិន័យ​ចំនួន ៨​លាន​៥​សែន​រៀល​ទៀត​ត្រូវ​បង់​ចូល​ថវិកាជាតិ។ ប៉ុន្តែ​លោកស្រី​មួរ​ សុខហួរ​មិន​ទទួល​យក​ការ​វិនិច្ឆ័យ​របស់​តុលាការ​ឡើយ ហើយ​ក៏​បាន​បដិសេធ​មិន​ព្រម​បង់ប្រាក់​ដែរ។

ការ​បដិសេធ​មិន​ព្រម​បង់ប្រាក់​តាម​ការ​បង្គាប់​របស់​តុលាការ អាច​ធ្វើ​ឲ្យ​លោកស្រី​ប្រឈម​មុខ​ទៅ​នឹង​ទោស​ជាប់​ពន្ធនាគារ។ យ៉ាងណាក៏ដោយ ឥឡូវ​នេះ គណបក្ស​ប្រឆាំង​ហាក់​បាន​បន្ទន់​ឥរិយាបថ​បន្តិច​ហើយ។ លោក​គឹម សួរភិរិទ្ធ​បាន​ពន្យល់​ថា ក្នុង​នាម​ជា​ខ្មែរ គណបក្ស​របស់​លោក​ចង់​បង្ហាញ​ពី​ការ​សម្រប​សម្រួល​ដើម្បី​បញ្ចប់​បញ្ហា​ដែល​ អាច​នឹង​នាំ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​នយោបាយ​របស់​គណបក្ស​ប្រឆាំង។ យ៉ាងណា​ក៏ដោយ អ្នកនាំ​ពាក្យ​ស្តីទី​របស់​គណបក្ស​សម រង្ស៊ី​បាន​អះអាង​ថា គេ​នៅ​រង់ចាំ​ពិគ្រោះ​យោបល់​ជាមួយ​លោកស្រី​មួរ សុខហួរ​សិន​មុន​នឹង​សម្រេច​បង់ប្រាក់​នេះ។

លោកស្រី​មួរ សុខហួរ​ពេលនេះ​កំពុង​បំពេញ​បេសកកម្ម​នៅ​ឯ​សហរដ្ឋអាមេរិក។ លោកស្រី​បាន​ចាកចេញ​ពី​ប្រទេស​កាល​ពី​យប់​ថ្ងៃ​ទី ១៧​មិថុនា ដោយ​នាំ​ទៅ​ជាមួយ​នូវ​ញ្ញត្តិ​ដែល​មាន​ហត្ថលេខា​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​​ ២០០០​នាក់​ទៅ​ជូន​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា។ ញ្ញត្តិ​នេះ មាន​គោលដៅ​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក​​អូបាម៉ា​ជូយ​អន្តរាគមន៍​ចំពោះ​ប្រពន្ធ័ ​យុត្តិធម៌​នៅ​កម្ពុជា​ដែល​លោកស្រី​អះអាង​ថា «អយុត្តិធម៌» និង​មាន​ភាព​លំអៀង។

ព័ត៌មាន​ស្តីពី​ការ​បង់ប្រាក់​ជំនួស​លោកស្រី​មួរ សុខហួរ​ពី​សំណាក់​គណបក្ស​សម រង្ស៊ី​ហាក់​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ធូរស្រាល​បន្តិច។ យ៉ាងណា​ក៏ដោយ គេ​នៅ​ចាំមើល​ប្រតិកម្ម​ពី​លោកស្រី​មួរ សុខហួរ​សិន ថា​តើ​លោកស្រី​សុខចិត្ត​ទទួល​យក​សំណើ​របស់​គណបក្ស​សម រង្ស៊ី​ដើម្បី​បញ្ចប់​បញ្ហា​ឬ​ក៏​សុខចិត្ត​ដើរ​ចូល​ពន្ធនាគារ៕

No comments:

Post a Comment