មន្ត្រីកម្ពុជាស្វាគមន៍ការកាត់ទោស ឈុន យ៉ាសិទ្ធិ ដាក់ពន្ធនាគារមួយជីវិត
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានថ្លែងស្វាគមន៍ នៅថ្ងៃនេះ ចំពោះការសម្រេចសេចក្តីរបស់តុលា
ការសហដ្ឋអាមេរិកដែលបានផ្តន្ទាទោសអតីតមេដឹកនាំចលនាអ្នកប្រយុទ្ធខ្មែរសេរី (CFF) ដាក់ទោសអស់ មួយជីវិត បន្ទាប់ពីបានរកឃើញថា លោកបានប៉ុនប៉ងក្នុងការផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីឆ្នាំ ២០០០។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃពុធថា ៖«យើងអបអរសាទរចំពោះរដ្ឋាភិបាលអាមេរិកដែលបានសម្រេចកាត់
ទោស ឈុន យ៉ាសិទ្ធិនេះ ព្រោះពួកនេះ [CFF] ជាពួកភេរវកម្ម។ អំពើភេរវរកម្មនេះ មិនមែននៅតែកម្ពុជាទេ នៅសហរដ្ឋអាមេរិក និងគ្រប់ប្រទេសទាំងអស់ គឺជាការគំរាមកំហែងដល់សន្តិសុខ និងមនុស្សជាតិ»។
លោក ឈុន យ៉ាសិទ្ធិ ជនជាតិខ្មែរ សញ្ជាតិអាមេរិក មេដឹកនាំចលនាអ្នកប្រយុទ្ធខ្មែរសេរី ត្រូវបានតុលាការរដ្ឋឡូអែនជឺឡេសកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីបានរកឃើញកំហុសថា បានរៀបចំផែនការក្នុងការផ្តួលរំលំរដ្ឋាភិបាលលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន តាមរយៈរដ្ឋប្រហារមិនបានសម្រេចមួយ។ រដ្ឋប្រហារដឹកនាំដោយឈុន យ៉ាសិទ្ធិ បានធ្វើឡើងកាលពីថ្ងៃទី ២៤ខែវិច្ឆិកា ឆ្នាំ ២០០០ ដោយមានការប្រយុទ្ធគ្នាកណ្តាលក្រុងភ្នំពេញ និងមានការបាញ់ ចូលអគាររដ្ឋាភិបាល និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ផងដែរ។ ការវាយប្រយុទ្ធរបស់ក្រុម CFF ត្រូវបានបើកឡើងប្រឆាំងរដ្ឋាភិ
បាលក្រោមឈ្មោះថា «ប្រតិបត្តិការភ្នំភ្លើង»។
មានអាយុ ៥៣ ឆ្នាំ ឈុន យ៉ាសិទ្ធិ បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិក នៅក្នុង ទសវត្សរ៍ឆ្នាំ ១៩៨០។ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារមិនបានសម្រេចរបស់ក្រុម CFF រដ្ឋាភិបាលកម្ពុជា បាន
ធ្វើការស៊ើបអង្កេត និងឈានដល់ការចាប់មនុស្សពាក់ព័ន្ធចំនួនជាង ១០០ នាក់ និងធ្វើការផ្តន្ទាទោសដាក់ពន្ធ នាគារលើអ្នកសង្ស័យមួយចំនួន។ លោកហោ ណាំហុង បានថ្លែងថា ទង្វើដែលក្រុម CFF ធ្វើគឺជាអំពើ
ភេរវកម្ម។
No comments:
Post a Comment