Saturday, June 26, 2010


ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ

សាលក្រម​ឌុច​ជា​វិញ្ញាសា​មួយ​សម្រាប់​វាស់​ស្ទង់​ពីភាព​ជឿជាក់​ទៅលើ​សាលាក្តី​ខ្មែរ​ក្រហម

ដោយ ប៉ែន បូណា (វិទ្យុបារាំងអន្តរជាតិ)

ប្រជាពលរដ្ឋ​ខ្មែរ​​ជា​ពិសេស​ជន​រងគ្រោះ​ដែល​បាន​រួច​ជីវិត​ពី​គុក​ ទួលស្លែង​​និង​ក្រុម​​គ្រួសារ​អ្នក​ដែល​បាន​ស្លាប់​យ៉ាង​វេទនា​នៅ​ឯ​វាល​ ពិឃាត​ជើងឯក​​កំពុង​ទន្ទឹង​រង់ចាំ​យ៉ាង​​អន្ទះសា​នូវ​ការ​ប្រកាស​សាលក្រម​ សំណុំ​រឿង​ឌុច​​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ស ២១​ដែល​គេ​គ្រោង​នឹង​ប្រកាស​ជា​សាធារណៈ​នៅ​​ថ្ងៃ​ទី ២៦​ខែ​កក្កដា​ខាង​មុខ​នេះ។ ក្នុង​អំឡុង​ពេល​រង់ចាំ​នេះ​ជនរងគ្រោះ​ទាំងនោះ​សុទ្ធ​តែ​​ប្រាថ្នា​ចង់​ឃើញ​ ការ​ផ្តន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ដែល​ជា​ទោស​កម្រិត​ខ្ពស់បំផុត​នៅ​កម្ពុជា។​តើ​នឹង​មាន​អ្វី​កើត​ឡើង​​ប្រសិន​បើ​សាលក្រម​នេះ​​មិន​ សម​តាម​បំណង​របស់​ជនរងគ្រោះ?

ពីពេលនេះ​រហូត​ដល់​ថ្ងៃ​ទី ២៦​កក្កដា​គឺ​ជា​រយៈ​ពេល​មិន​យូរ​ឡើយ​​ប៉ុន្តែ​ក្តី​អន្ទះសា​ចង់​ឃើញ​ សាលក្រម​ផ្តន្ទាទោស​ឌុច​ហាក់​បាន​ធ្វើ​ឲ្យ​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​​ និង​ជនរង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ទាំង​អស់ ជា​ពិសេស​បំផុត​គឺ​អ្នករង​គ្រោះ​ផ្ទាល់​ក្នុង​គុក​ទួលស្លែង​តែ​ម្តង​មាន​ អារម្មណ៍​ថា​យូរ។

យូរ​ឬ​ឆាប់​គឺ​ជា​បញ្ហា​មួយ​​ប៉ុន្តែ​​តើ​សាលក្រម​ដែល​គេ​នឹង​ប្រកាស​ ផ្តន្ទាទោស​ឌុច​​ក្នុង​រយៈ​ពេល​មួយ​ខែ​ទៀត​ខាង​មុខ​នេះ​​នឹង​ធ្វើ​ឲ្យ​អ្នក​ ទន្ទឹង​រង់ចាំ​មាន​អារម្មណ៍​បែប​ណា?​​គឺ​ជា​រឿង​សំខាន់​មួយ​ទៀត។​​ទោះបី​ជា​ ពេល​នេះ​គេ​មិន​ទាន់​ដឹង​ពី​ខ្លឹមសារ​នៃ​​សាលក្រម​នេះ​ក្តី​​តែ​អ្វី​ដែល​គេអាច​មើល​ឃើញ​នោះ​គឺ​​មាន​សម្មតិកម្ម​ពីរ​ដែល​អាច​នឹង​​កើត​ឡើង​ក្នុង​ថ្ងៃ​ ប្រកាស​សាលក្រម​ឌុច។ ទី ជនរ​ងគ្រោះ​អាច​នឹង​ស្ងប់ចិត្ត​​និង​មាន​​អារម្មណ៍​ថា ទទួល​បាន​យុត្តិធម៌​ប្រសិន​បើ​សាលក្រម​នោះ​មាន​ទម្ងន់​សម​តាម​​ក្តីប្រាថ្នារបស់​ពួកគេ។ រីឯ​ដំណើរការ​ទៅ​មុខ​ទៀត​នៃ​តុលាការ​ខ្មែរក្រហម នឹង​រឹតតែ​ទទួល​​បាន​ការ​ជឿ​ទុកចិត្ត​ពី​សំណាក់​ជនរងគ្រោះ​និង​មហាជន​ទូទៅ​ ថែម​មួយ​កម្រិត​ទៀត។

ទី ប្រសិនបើ​សាលក្រម​នេះ​បែរ​ជា​គ្មាន​ទម្ងន់​គ្រប់​គ្រាន់​សម​តាម​ ក្តីប្រាថ្នា​របស់​ជន​រងគ្រោះ​ទេ​នោះ ពួក​គេ​នឹង​ខក​ចិត្ត​​ហើយ​មាន​អារម្មណ៍​ថា ខ្លួន​មិន​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ឡើយ។ ក្នុង​ករណី​នេះ​​សាលាក្តី​ខ្មែរក្រហម​ច្បាស់​ជា​នឹង​ទទួល​រង​ការ​រិះគន់​ជា​ ថ្មី​ទៀត ហើយ​ដំណើរការ​ទៅ​មុខ​ក្នុង​សំណុំ​រឿង ០០២​​ក៏​អាច​នឹង​មិន​សូវ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​ភាគី​រដ្ឋប្បវេណីប៉ុន្មាន​ឡើយ ដោយ​ហេតុ ថា​ពួក​គេ​មិន​សូវ​ជា​មាន​ជំនឿ​ថា​ខ្លួន​នឹង​ទទួល​បាន​យុត្តិធម៌។

ជាការ​ពិត ជន​រងគ្រោះ​គ្រប់​គ្នា សុទ្ធ​តែ​ប្រាថ្នា​ចង់​ឃើញ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ដែល​មាន​បាត​ដៃ​ប្រឡាក់​ ជោគជាំ​ទៅ​ដោយ​ឈាម​ទាំង​នោះ​ទទួល​ទោស​ក្នុង​កម្រិត​ខ្ពស់​បំផុត។ ចង់​បាន​ទោស​ខ្ពស់​បំផុត​ពីព្រោះ​តែ​ពួក​គេ​ទទួល​រង​ការ​ឈឺចាប់​ដែល​មិន​ ធ្លាប់​ជួប​ប្រទះ​ក្នុង​ជីវិត​មនុស្សជាតិ។ ទោះជា​យ៉ាងណា​ក៏ដោយ ទាំងនេះ វា​គ្រាន់​តែ​ជា​អារម្មណ៍​របស់​ជន​រងគ្រោះ​តែ​ប៉ុណ្ណោះ​ដែល​ទោះ​តិច​ឬ​ច្រើនពួក​គេ​មិន​អាច​ចៀស​ផុត​ពី​ការ​ចង់​បាន​យុត្តិធម៌​មួយ​តាម​បែប «សងសឹក» ប៉ុន្តែ​ពេល​ខ្លះ​​អារម្មណ៍​បែប​នេះ​ក៏​អាច​នឹង​មិន​ឆ្លុះ​បញ្ចាំង​ពី​ យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ដែរ។ នៅ​ក្នុង​សវនាការ​ចុងក្រោយ​​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០០៩ ព្រះរាជ​អាជ្ញា​បាន​ទាមទារ​ឲ្យ​ផ្តន្ទាទោស​ឌុច​តែ​រយៈ​ពេល ៤០​ឆ្នាំ​ប៉ុណ្ណោះ។

ប្រសិន​បើ​គេ​និយាយ​ពី​ជីវិត​របស់​ឌុច​ដែល​ពេល​នេះ​មាន​អាយុ​៦៧​​ឆ្នាំ​ទៅ​ ហើយ​នោះ ការ​ផ្តន្ទាទោស​៤០​ឆ្នាំ​​និង​ទោស​មួយ​ជីវិត​គឺ​គ្មាន​អ្វី​ខុស​គ្នា​ឡើយ​ ពោល​គឺ​ជន​ជាប់​ចោទ​រូប​នេះ​គង់​តែ​ត្រូវ​ស្ថិត​ក្នុង​ពន្ធនាគារ​រហូត​ដល់​ ថ្ងៃ​ស្លាប់​តែ​ដដែល។ ប៉ុន្តែ​បើ​និយាយ​ពី​ទម្ងន់​ទោស​វិញ «៤០ឆ្នាំ» និង «មួយជីវិត»​ពិត​ជា​មាន​ន័យ​មិន​ដូច​គ្នា​ឡើយ។ ឥឡូវនេះ​ទម្ងន់​ទោស​របស់​ឌុច​ត្រូវ​បាន​ចៅ​ក្រម​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ សម្រេច​រួច​ទៅ​ហើយ​ដោយ​នៅ​សល់​តែ​ការ​ប្រកាស​ជា​សាធារណៈ​តែ​ប៉ុណ្ណោះ។ តើ​ការ​កំណត់​ទោស កាំង​ហ្គិចអ៊ាវ​ហៅ​ឌុច​ត្រូវ​ឈរ​នៅ​លើ​ហេតុ​ផល​អ្វី​ខ្លះ​? នេះ​គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម។ ប៉ុន្តែ​ការ​ពេញចិត្ត ឬ​ខកចិត្ត ការ​រិះគន់​ឬ​អបអរសាទរ​ក៏​ជា​សិទ្ធិ​របស់​ជន​រងគ្រោះ​ដែរ។

សរុប​មក​វិញ សវនាការ​សំណុំ​រឿង ០០១​ដែល​បាន​ឈាន​ដល់​ទីបញ្ចប់​កាលពី​ចុង​ឆ្នាំ​២០០៩ គឺ​ជា​ជោគ​ជ័យ​មួយ​ជំហាន​របស់​សាលាក្តី​ខ្មែរក្រហម។ ប៉ុន្តែ សាលក្រម​ដែល​គេ​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់​ៗ​នេះ គឺ​ជា​វិញ្ញាសា​ចុង​ក្រោយ​ដែល​អាច​​បញ្ជាក់​ពី​តម្លៃ​ពិត​ប្រាកដ​របស់​ សាលាក្តី​នេះ។ «ពៀរ​រំងាប់​ដោយ​ការ​មិន​ចង​ពៀរ» នេះ ជា​ទ្រឹស្តី​ព្រះពុទ្ធសាសនា​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ប្រកាន់​យក​និង​បានបង្ហាញ​ពី​ភាព​អត់ធ្មត់​រយៈ​ពេល ៣០​ឆ្នាំ​មក​ហើយ។

ប៉ុន្តែ «យុត្តិធម៌ ត្រូវ​តែ​ផ្តល់​ជូន​ដល់​ជន​រងគ្រោះ» នេះ​ក៏​ជា​គោលការណ៍​ដែល​តុលាការ​ខ្មែរ​ក្រហម​ត្រូវ​ប្រកាន់​យក​និង​បំពេញ​ ឲ្យ​បាន​ដូចគ្នា​ដែរ។ លទ្ធផល​ដែល​ផ្ទុយ​ពីនេះ អាច​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សាលាក្តី​ខ្មែរក្រហម​ដោយ​ចៀស​មិនផុត៕

No comments:

Post a Comment