បច្ចុប្បន្នភាពកម្ពុជា
រថយន្តយោធាជំនួយរបស់ចិនបានមកដល់កម្ពុជាហើយ
ដោយ ជាង សុខា (ភ្នំពេញ ប៉ុស្តិ៍)
អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងឲ្យដឹងថា រថយន្តយោធាចំនួន ២៥៧ គ្រឿងដែលជំនួយរបស់ប្រទេសចិននឹងមកដល់កំពង់ផែសមុទ្រក្រុងព្រះសីហនុ ប្រទេសកម្ពុជានៅថ្ងៃ[សុក្រ]នេះ។
ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិមានប្រសាសន៍ថា មន្ត្រីក្នុងក្រសួងរបស់លោក និងអ្នកបើកបរត្រូវបានបញ្ជូនទៅក្រុងព្រះសីហនុតាំងពីថ្ងៃពុធដើម្បីទទួលការដឹកជញ្ជូនរថយន្តទាំងអស់នោះតាមនាវា ហើយពិធីប្រគល់-ទទួលផ្លូវការនឹងត្រូវប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញនាសប្តាហ៍ក្រោយរវាងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា។
លោក ឈុំ សុជាតិ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា៖«ការដឹកជញ្ជូនតាមនាវានឹងមកដល់តាមការគ្រោងទុក»។
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន មុនពេលប្រារព្ធបើកពិធីតាំងពិព័រណ៍ពិភពលោកនៅក្រុងស៊ាងហៃ ប្រទេសចិនកាលពីខែឧសភា លោកប្រធានាធិបតីចិន ហ៊ូ ជីនតាវ បានសម្រេចផ្តល់ឲ្យប្រទេសកម្ពុជានូវរថយន្តយោធាជាច្រើនគ្រឿង រួមជាមួយនឹងឯកសណ្ឋានយោធា ៥ ម៉ឺនសម្រាប់ផងដែរ។ ការផ្តល់ឲ្យនេះធ្វើឡើងរយៈពេលមិនដល់ ១ ខែក្រោយពេលដែលសហរដ្ឋអាមេរិកបានលុបចោលកិច្ចព្រមព្រៀងផ្តល់ជំនួយរថយន្តស្រដៀងគ្នានេះ ក្រោយពេលមានការបញ្ជូនត្រឡប់ទៅប្រទេសចិនវិញដ៏ចម្រូងចម្រាសនូវជនជាតិភាគតិចអ៊ុយហួរ ២០ រូបដែលកំពុងស្វែងរកសិទ្ធិជ្រកកោនកាលពីខែធ្នូ ឆ្នាំកន្លងទៅ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិនព្រែកក្តាម ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី ៣១ ខែឧសភា លោក ហ៊ុន សែន មានបំណងចង់ធ្វើព្យុហយាត្រាក្បួនរថយន្តពីក្រុងព្រះសីហនុមករាជធានីភ្នំពេញ។
យ៉ាងណាមិញ លោក ឈុំ សុជាតិ បានថ្លែងថា វានឹងពុំមានការធ្វើព្យុហយាត្រាក្បួនរថយន្តយោធាទេ ហើយពួកគេគ្រាន់តែបើកមករាជធានីភ្នំពេញធម្មតាប៉ុណ្ណោះ។
រថយន្តទាំង ២៥៧ គ្រឿងនោះរួមមានរថយន្តដឹកជញ្ជូនយោធា ២០០ គ្រឿង រថយន្តសង្គ្រោះបន្ទាន់ ២០ គ្រឿង រថយន្តដឹកអគ្គមេបញ្ជាការ ៣០ គ្រឿង រថយន្តជួសជុលចល័ត ៥ គ្រឿង និងរថយន្តដឹករថក្រោះ ២ គ្រឿង៕
No comments:
Post a Comment