បច្ចុប្បន្នភាពកម្ពុជា
ជ្រើសរើសបានហើយសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចេញពីព្រឹទ្ធសភានិងរដ្ឋសភា
ដោយ លី ម៉េងហួរ (វិទ្យុបារាំងអន្តរជាតិ)
ដូច ការគ្រោងទុកនៅថ្ងៃអង្គារនេះ ព្រឹទ្ធសភានិងរដ្ឋសភាបានបោះឆ្នោតដាក់ដោយឡែកពីគ្នា ដើម្បីជ្រើសតាំងបេក្ខជនមួយរូបរៀងៗខ្លួនធ្វើជាសមាជិកក្រុម ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ នៅរដ្ឋសភាលោក តុប សំ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានជាប់ឆ្នោត ក្នុងចំណោមបេក្ខជន៦រូប។ ចំណែកនៅព្រឹទ្ធសភា លោកប្រាក់ សុខ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក៏ត្រូវបានជាប់ឆ្នោតក្នុងចំណោមបេក្ខជន១០រូប។
ការ បោះឆ្នោតផ្សេងគ្នា នៅព្រឹកមិញ សមាជិករដ្ឋសភាចំនួន ៨៣រូប ក្នុងចំណោម១០៦រូបដែលមានវត្តមានក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា បានសម្រេចយល់ព្រមបោះឆ្នោតជ្រើសរើសលោក តុប សំអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់ធ្វើជាតំណាងរបស់ស្ថាប័នរដ្ឋសភានៅក្នុងក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលួយ។ លោក តុប សំ ត្រូវបានជ្រើសរើសចេញពីបេក្ខជនចំនួន៦រូបដែលមិនមែនសមាជិករដ្ឋ សភាទេ។
ចំណែកនៅព្រឹទ្ធសភាវិញ សមាជិកចំនួន៤៥រូបក្នុងចំណោម៥៣រូបដែលចូលរួមប្រជុំបានគូសលើបោះ ឆ្នោត យល់ព្រមគាំទ្រលោក ប្រាក់ សុខ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលទើបផុតអាណត្តិ ដើម្បីធ្វើជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយតំណាង ឲ្យស្ថាប័នព្រឹទ្ធសភា។
ការបោះឆ្នោតនៅព្រឹកមិញ គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សមិនបានគាំទ្រទេ ដោយសំអាងថា គណបក្សប្រឆាំងនេះមិនបានគាំទ្រលើច្បាប់ប្រឆាំងអំពើពុករលួយ តាំងពីរដ្ឋសភា ពិភាក្សាកាលពីដើមទីមកម្លេះ។ ច្បាប់ប្រឆាំងអំពើពុករលួយដែលត្រូវបានអនុម័តដោយរដ្ឋសភានិង ព្រឹទ្ធសភា ហើយត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា នៅក្នុងខែមេសាកន្លងមកបានកំណត់ថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវមានភារកិច្ច កសាងយុទ្ធសាស្ត្រ និងនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ, ពិគ្រោះយោបល់ និងផ្តល់អនុសាសន៍ដល់អង្គភាពប្រឆាំងអំពើពុករលួយ, ឃ្លាំមើលដំណើរការការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ, ស្នើអង្គភាពប្រឆាំងអំពើពុករលួយឲ្យរាយការណ៍ ឬបំភ្លឺ, ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំជូននាយករដ្ឋមន្ត្រី។ ពោលគឺស្ថាប័នកំពូលនេះ មានតួនាទីពិគ្រោះយោបល់និងផ្តល់អនុសាសន៍លើការងារប្រយុទ្ធ ប្រឆាំងអំពើពុករលួយ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយហ្នឹង ជាស្ថាប័នឯករាជ្យ និងមានសមាសភាព១១រូបដែលត្រូវជ្រើសតាំងពីស្ថាប័នជាតិកំពូលៗ រួមទាំងឥស្សរជនដែលតែងតាំងដោយព្រះមហាក្សត្រ។
មកដល់ថ្ងៃនេះ ក្នុងចំណោមសមាសភាពក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយទាំង១១ រូបហ្នឹង យើងអាចដឹងជាសាធារណៈនូវអត្តសញ្ញាណឥស្សរជន៣រូបហើយគឺលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងជាទីប្រឹក្សាលោកនាយកមន្ត្រី ហ៊ុនសែន, លោក ប្រាក់ សុខ និងលោក តុប សំ ដែលជាអតីតក្រុមប្រឹក្សាធម្មនុញ្ញនិងទើបជាប់ឆ្នោតនៅថ្ងៃនេះ។ សមាសភាពក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនេះ ត្រូវបានសកម្មជនសិទ្ធិមនុស្សអង្គការ អាដហុក លោក ចាន់ សាវ៉េត ហាក់ដូចជាមិនមានជំនឿលើប្រសិទ្ធិភាពរបស់ស្ថាប័នកំពូលនេះ ក្នុងការចាត់វិធានការប្រឆាំងនឹងបទល្មើសពុករលួយប៉ុន្មានទេ។
តាមសកម្មជនសិទ្ធិមនុស្សរូបនេះ សមាសភាពស្ថាប័នប្រឆាំងអំពើពុករលួយ ដែលត្រូវបានជ្រើសតាំង ចេញពីគណបក្សនយោបាយ និងរដ្ឋាភិបាល មិនអាចឯករាជ្យបានទេ។ អ្នកទាំងនោះ ត្រូវធ្វើការស្ថិតនៅក្រោមអំណាចរដ្ឋាភិបាល និងអំណាចគណបក្ស ហើយមិនអាចឯករាជ្យបានទេ។
ចំណែកគណបក្សប្រឆាំងដែលបានធ្វើពហិការមិនគាំទ្រច្បាប់ប្រឆាំងអំពើ ពុករលួយនិងមិនបោះឆ្នោតគាំទ្របេក្ខជនតំណាងរដ្ឋសភា ដើម្បីធ្វើជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយតាមរយៈ លោកតំណាងរាស្ត្រ សុន ឆ័យ ក៏គ្មានជំនឿថា យន្តការ ដើម្បីប្រឆាំងអំពើពុករលួយនេះ អាចធ្វើទៅកើតនោះទេ។ លោក សុន ឆ័យ បានលើកបញ្ជាក់ថា កន្លងមកមន្ត្រីរដ្ឋាភិបាល ពិសេសលោក ឱម យិនទៀង ដែលកាន់តួនាទីជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយជាច្រើនឆ្នាំ មកហើយ មិនមានសកម្មភាពប្រឆាំងនឹងបញ្ហាពុករលួយអ្វីសោះ។ ដូច្នេះស្ថាប័នប្រឆាំងអំពើពុករលួយថ្មីនេះ នឹងមិនមានអ្វីប្លែកដើម្បីទប់ស្កាត់និងកាត់បន្ថយសកម្មភាពពុក រលួយនៅកម្ពុជាបានទេ។ ផ្ទុយទៅវិញ សមាជិកសភាគណបក្សប្រឆាំងរូបនេះ សម្តែងក្តីបារម្ភទៅវិញថា អាចនឹងមានការប្រើយន្តការនិងស្ថាប័នប្រឆាំងអំពើពុករលួយនេះ ដើម្បីគាបសង្កត់នូវវិស័យនយោបាយនិងវិស័យជំនួញសម្រាប់បម្រើផល ប្រយោជន៍ដល់រដ្ឋាភិបាល។
យ៉ាងណាដ៏ដោយ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ទិត សុធា ដែលជាអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តី ការគណៈរដ្ឋមន្ត្រី បានអះអាងថា ការជ្រើសរើសបេក្ខជនដែលព្រឹទ្ធសភា និងរដ្ឋសភាបានបោះឆ្នោតនៅថ្ងៃនេះ បានធ្វើដោយបើកទូលាយមិនដូចគណបក្សប្រឆាំងថា ជាការរៀបចំរបស់រដ្ឋាភិបាលហើយមិនតម្លាភាពនោះទេ។
លោក ទិត សុធា បានបញ្ជាក់ថា បេក្ខភាពដែលបានជ្រើសរើសដើម្បីធ្វើជាសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយនេះ មានសមត្ថភាពគ្រប់គ្រាន់និងជាអ្នកមានជំនាញឯកទេសច្បាប់ដែលជា ឥស្សរជនដ៏សំខាន់និងមានប្រសិទ្ធិភាពលើការងារប្រឆាំងអំពើពុករលួយ។ ផ្ទុយទៅវិញ គណបក្សប្រឆាំងដែលធ្វើពហិការ មិនមានឆន្ទះនយោបាយដើម្បីចូលរួមបង្ការទប់ស្កាត់និងកាត់បន្ថយ អំពើពុករលួយ ដូចអ្វីដែលគណបក្សប្រឆាំង បានជម្រុញឲ្យមានច្បាប់ប្រឆាំងអំពើពុករលួយនោះទេ៕
No comments:
Post a Comment