បច្ចុប្បន្នភាពកម្ពុជា
កំលាំងប្រដាប់អាវុធខ្មែរនិងថៃប៉ះគ្នាមួយប្រាវទៀត
ដោយ លាង ដឺលុច (វិទ្យុបារាំងអន្តរជាតិ)
កំលាំង ល្បាតព្រំដែនខាងកម្ពុជានិងថៃបានប៉ះទង្គិចផ្នែកអាវុធមួយប្រាវសារ ជាថ្មីទៀតនៅព្រឹកថ្ងៃអង្គារ៍ទី៨មិថុនានេះ នៅក្នុងស្រុកត្រពាំងប្រាសាទ។ ការផ្ទុះអាវុធមានរយៈពេលតែ៥នាទី បានបង្កឡើងដោយការយល់ច្រឡំទាំងសងខាងទៅលើក្រុមអ្នកកាប់ឈើខុស ច្បាប់នៅក្នុងតំបន់ព្រៃលើខ្នងភ្នំដងរែកនោះ។ស្ថានការណ៍បានត្រលប់ មករកភាពធម្មតាវិញហើយ។ នេះបើតាមការបញ្ជាក់របស់លោកឈុំ សុជាតិ។
ឈុត ឆាកប្រយុទ្ធគ្នារវាងកងកំលាំងប្រដាប់អាវុធអ្នកល្បាតព្រំដែនរបស់ កម្ពុជា និងថៃបានកើតឡើងម្តងទៀត កាលពីម៉ោង៩និង៤០នាទីព្រឹកថ្ងៃអង្គារទី៨មិថុនានេះ។ ការផ្ទុះអាវុធរយៈពេល៥នាទីដែលមិនបានបង្កអោយមានរបួសនិងស្លាប់ ទាំង២ភាគីនោះ បានកើតឡើងដោយសារការយល់ច្រឡំរបស់កងកំលាំងប្រដាប់អាវុធទាំងពីរ ដែលបានឃើញគ្នាពីចំងាយ ហើយស្មានថាជាក្រុមអ្នកកាប់ឈើខុសច្បាប់។ នេះបើតាមការរៀបរាប់របស់លោក ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
ការផ្ទុះអាវុធបានកើតឡើងនៅម្តុំព្រលានដូនពេញ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ។ កន្លែងនេះហើយដែល បើតាមការអះអាងរបស់លោកឧត្តមសេនីយឯកឈុំ សុជាតិគឺជាតំបន់ធ្លាប់មានការលួចកាប់ឈើខុសច្បាប់នោះ។ កន្លែងផ្ទុះអាវុធកាលពីព្រឹកមិញនេះ ស្ថិតនៅចំងាយប្រមាណ៤០គមខាងលិចប្រសាទព្រះវិហារ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តអោយដឹងថា នៅពេលផ្ទុះអាវុធនោះ កងយោធាល្បាតខាងភាគីកម្ពុជាមានគ្នា១០នាក់។ រីឯខាងភាគីថៃវិញមានគ្នាមួយក្រុមប្រមាណ២០នាក់ ចម្រុះដោយទាហានឈុតខ្មៅ និងមេព្រៃ។ នៅក្នុងព្រឹត្តិការណ៍បាញ់តបតគ្នានោះ ភាគីទាំងពីរបានប្រើប្រាស់អាវុធធុនAK និងM16។
ក្រោយពីការផ្ទុះអាវុធមួយប្រាវមកនោះ ភាគីទាំងពីរបានអង្គុយទល់មុខគ្នាសម្រុះសម្រួលបន្ធូរបន្ថយស្ថានការ ភ្លាម។ រហូតដល់ពេលល្ងាចថ្ងៃអង្គារដដែលនេះ ស្ថានការណ៍បានត្រលប់មករកភាពធម្មតាវិញហើយ។ នេះបើតាមការបញ្ជាក់របស់លោកឈុំ សុជាតិ។
គួរកត់សម្គាល់ថា បើទោះណាជាមេទ័ពទាំងសងខាងខិតខំព្យាយាមនាំកូនទាហានអោយជួបគ្នា និងស្គាល់គ្នាក៏ដោយ ក៏ប៉ុន្តែយូរៗម្តង ទាហានទាំងពីរតែងប៉ះទង្គិចគ្នាដោយអាវុធដោយសារប្រការផ្សេងៗ។ កាលពីថ្ងៃទី១៦ខែមេសា ទាហានថៃបានចូលមកបង្ខំអោយទាហានកម្ពុជារុះរើតូបយាមមួយនៅក្បែរ តំបន់ប្រាសាទតាមាន់ ហើយការផ្ទុះអាវុធក៏បានកើតឡើងភ្លាមដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment