Friday, June 4, 2010

បច្ចុប្បន្នភាពកម្ពុជា

តុលាការខែត្រសៀមរាបកោះហៅអ្នកកាសែតម្នាក់បំភ្លឺរឿងជំរិតទារប្រាក់
ដោយ ហង្ស សាវយុត (2010-06-03) ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី

អ្នក កាសែតក្នុងស្រុកម្នាក់ត្រូវបានតុលាការខេត្តសៀមរាប ចេញដីកាកោះហៅឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺ អំពីដំណើររឿងចាប់ជំរិតទារប្រាក់ បង្ករបួសស្នាមដោយចេតនា និងផ្សព្វផ្សាយព័ត៌មានមិនពិត កាលពីព្រឹកថ្ងៃទី២ ខែមិថុនា។

លោក ជា ស្រស់ ហៅ សំបូរ ជាអ្នកយកព័ត៌មានឲ្យកាសែតក្នុងស្រុកមួយឈ្មោះ រស្មីកម្ពុជា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ថា រូបលោកបានចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២ ខែមិថុនា អំពីដំណើររឿងចាប់ជំរិតទារប្រាក់បង្ករបួសស្នាមដោយចេតនា និងផ្សាយព័ត៌មានមិនពិត បន្ទាប់ពីរូបលោកបានចុះផ្សាយរិះគន់តុលាការថា បានកោះហៅអ្នកកាសែតក្នុងស្រុកម្នាក់ទៀត ឈ្មោះ ផ្លុង រ៉េត និងបានដកហូតយកម៉ាស៊ីនថតរូប និងកាតសម្គាល់ខ្លួនទុកជាច្រើនម៉ោង។

លោក ជា ស្រស់ បានបញ្ជាក់ថា ៖ «ចូលដំបូង គេថា ខ្ញុំបើកកកាយកិច្ចការគេស៊ើបអង្កេត! តែអាហ្នឹងគេអត់មានកត់ចូលក្នុងកំណត់ហេតុរបស់គេទេ ហើយកំណត់ហេតុគេនោះ គេសួរថា យើងបានព័ត៌មានពីណា? ហើយម៉េចបានជាមិនសួរគេ? ហើយខ្ញុំថា ខ្ញុំសួរយ៉ាងម៉េច! ក្នុងអត្ថបទខ្ញុំមានដាក់ហើយថា លោកជាប់សវនាការ! ព័ត៌មានហ្នឹងគ្រាន់តែយើងលើកអង្គហេតុ ដោយសារ ផ្លុង រ៉េត អ្នករៀបរាប់ប្រាប់យើងតើ! មួយទៀត ព័ត៌មានហ្នឹងធ្លាប់ត្រូវគេចុះផ្សាយហើយ។ និយាយទៅ គេប្រាប់តាមអ្នកកាសែតកម្ពុជាថ្មីហ្នឹងថា ឲ្យធ្វើលិខិតសុំទោស! ខ្ញុំថា ខ្ញុំអត់សុំទោសទេ! ហើយគេទាមទារឲ្យយើងបំភ្លឺ កែតម្រូវឲ្យគេវិញ។ អាហ្នឹងវាហួសពេលហើយ មានអីត្រូវនេះ បើគេប្ដឹងយើង កោះហៅយើងហើយ មានអីត្រូវបំភ្លឺ!»។

ចំណែកលោក ប៊ុន រដ្ឋា អ្នកយកព័ត៌មានឲ្យកាសែតកម្ពុជាថ្មី និងជាប្រធានសាខាសម្ព័ន្ធអ្នកសារព័ត៌មានប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា លោកកំពុងទទួលរងការប្ដឹងផងដែរពីមន្ត្រីប៉ូលិសស្រុកសូទ្រនិគម ខេត្តសៀមរាប បន្ទាប់ពីរូបលោកបានចុះផ្សាយអំពីការបើកវង់ល្បែងស៊ីសងខុស ច្បាប់នៅក្នុងស្រុកនោះ។

ក្រុមអ្នកកាសែតនៅខេត្តសៀមរាប កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់សិទ្ធិសេរីភាព អ្នកកាសែត ដោយគេសម្គាល់ឃើញថា កន្លងថ្មីៗនេះមានអ្នកកាសែតនៅក្នុងខេត្តសៀមរាបចំនួន ២នាក់ ត្រូវចាប់ខ្លួនដាក់ពន្ធនាគារ អ្នកកាសែតចំនួន ២នាក់ទៀតកំពុងត្រូវបានគេប្តឹង និងប្រមាណ ៥នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន ដោយសារការភ័យខ្លាចពីការតាមរកចាប់ដោយអាជ្ញាធរមានសមត្ថកិច្ច។
លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា អ្នកកាសែតជាច្រើនត្រូវបានគេប្ដឹងដោយមានបណ្ដឹង ខ្លះមិនមានទាំងដើមបណ្ដឹងផង ប៉ុន្តែបើពិនិត្យមើលទិដ្ឋភាពជាក់ស្ដែង លោកយល់ថា មិនគួរមានការប្ដឹងមកលើអ្នកកាសែតទាំងនោះទេ។

ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាបានឲ្យដឹងថា ចាប់តាំងពីអំឡុងខែមេសារហូតមកដល់ពេលនេះ មានអ្នកកាសែតប្រហែល ៣០នាក់នៅខេត្តសៀមរាប ត្រូវបានគេប្ដឹង៕


No comments:

Post a Comment