ព័ត៌មានទាន់ហេតុការណ៍
រ៉ុង ឈុនចង់ទៅពិនិត្យមើលព្រំដែនសាជាថ្មី
ដោយ មាស សុខជា (ភ្នំពេញ ប៉ុស្តិ៍)
លោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជាបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា លោកនឹងដឹកនាំមនុស្សមួយក្រុមរបស់លោកទៅពិនិត្យមើលបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាមនៅដើមខែនេះក្នុងស្រុកលើកដែក និងកោះធំ ដែលត្រូវបានចោទប្រកាន់ថា បានដាំរំលោភចូលបូរណភាពទឹកដីប្រទេសកម្ពុជា។
លោកបានថ្លែងថា ការដាំបង្គោលតម្រុយព្រំដែនក្នុងភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំដែលត្រូវបានដាំចូលមកក្នុងទឹកដីប្រទេសកម្ពុជា ដោយបានលើកឡើងថា ការចោទប្រកាន់បែបនេះ គឺយោងតាមប្រជាពលរដ្ឋដែលបានរាយការណ៍ប្រាប់លោកប៉ុណ្ណោះ។ លោក រ៉ុង ឈុន មានប្រសាសន៍ថា ៖ «យោងតាមប្រវត្តិដីក្នុងភូមិប៉ាក់ណាំ ដីទាំងនោះត្រូវបានជួលឲ្យដាំស្រូវដោយប្រជាជនវៀតណាម តែនៅពេលការងារដាំបង្គោលព្រំដែនបានចាប់ផ្តើម ប្រទេសវៀតណាមបានដាំបង្គោលនោះយ៉ាងលឿន»។
លោកមានប្រសាសន៍បន្តថា៖«ប្រជាពលរដ្ឋអញ្ជើញខ្ញុំឲ្យទៅពិនិត្យមើល[បង្គោលតម្រុយព្រំដែន]ដោយខ្លួនឯង»។ លោកបន្ថែមថា គោលបំណងនៃការចុះទៅពិនិត្យមើលនេះគឺដើម្បីស្វែងរកការពិតអំពីការដាំបង្គោលទាំងនោះថាតើបង្គោលតម្រុយទាំងនោះត្រូវបានដាំត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ លោកថ្លែងថា៖«បើពិនិត្យទៅឃើញថាវាមិនត្រឹមត្រូវ យើងនឹងលើកបញ្ហានេះទៅកាន់រដ្ឋាភិបាលភ្លាម»។ យ៉ាងណាមិញ លោក រ៉ុង ឈុន មិនបានបញ្ជាក់ច្បាស់អំពីបង្គោលតម្រុយណាមួយដែលលោកចង់ទៅពិនិត្យឡើយ ដោយបានលើកឡើងថា លោកមិនចង់ឲ្យអាជ្ញាធររំខានក្រុមការងាររបស់លោកឡើយ។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដែលទទួលបន្ទុកការងារបោះបង្គោលព្រំដែនបដិសេធមិនបំភ្លឺ នៅពេលលោក រ៉ុង ឈុន ពុំបានបញ្ជាក់អំពីបង្គោលតម្រុយណាមួយច្បាស់លាស់ ដោយលោកបានថ្លែងថា បើសិនជាលោក រ៉ុង ឈុន ចង់ទៅពិនិត្យមើលព្រំដែន វាស្រេចតែទៅលើលោកទេ តែថា លោក រ៉ុង ឈុន គួរប្រកាសជាសាធារណៈអំពីបង្គោលណាមួយ និងលេខបង្គោលដែលលោកមានបំណងទៅពិនិត្យនោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment