ព័ត៌មានទាន់ហេតុការណ៍
អាមេរិកប្រគល់វត្ថុបុរាណ ៧ ដុំឲ្យកម្ពុជា
សហរដ្ឋអាមេរិកបានប្រគល់ត្រឡប់មកវិញដល់ប្រទេសកម្ពុជានូវវត្ថុបុរាណសម័យអង្គរចំនួន ៧ ដុំ ដែលជា
ផ្នែកមួយនៃការចូលរួមអបអរពិធីខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ពិធីប្រគល់ជាផ្លូវការ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ នៅសារមន្ទីរជាតិ ក្រោមអធិបតីភាពរបស់លោកឧបការីក្រសួងការបរទេស អាមេរិក William Burns និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាលកម្ពុជា។
លោក William Burns បានថ្លែងថា វត្ថុបុរាណទាំងនេះត្រូវបានរកឃើញ និងចាប់បាននៅក្នុងក្របខ័ណ្ឌនៃ«ប្រតិបត្តិការបុរាណវត្ថុ» ដែលជាកម្មវិធីពិសេសមួយធ្វើឡើងដោយមន្ត្រីផ្នែកអន្តោប្រវេសន៍ និងគយរបស់ អាមេរិក ក្នុងការស៊ើបអង្កេតលើការជួញដូរវត្ថុបុរាណពីតំបន់អាស៊ីអាគ្នេយ៍មកកាន់សហរដ្ឋអាមេរិក។
ទាក់ទងនឹងការប្រគល់វត្ថុបុរាណនេះដែរ លោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងថា រដ្ឋាភិបាល
កម្ពុជា រហូតមកទល់ពេលនេះ បានទទួលវត្ថុបុរាណចំនួន ២៧ ដុំរួចមកហើយពីប្រជាជន និង រដ្ឋាភិបាល
អាមេរិក ហើយវត្ថុបុរាណទាំងនោះ ឥឡូវនេះត្រូវបានរក្សាទុក និងដាក់បង្ហាញនៅសារមន្ទីរជាតិ។ លោក បានមានប្រសាសន៍ថា៖«ការវិលត្រឡប់មកវិញនូវវត្ថុបុរាណទាំងនេះ គឺដូចជាការវិលត្រឡប់នូវព្រលឹងរបស់ បុព្វបុរសខ្មែររបស់យើងចូលមកក្នុងខ្លួនប្រាណវិញដែរ បន្ទាប់ពីបានឃ្លាតចាកឆ្ងាយជាច្រើនទសវត្សរ៍មក។ នេះគឺជាការធ្វើឲ្យរាងកាយមានជីវិតរស់ឡើងវិញ»។
ក្នុងចំណោមវត្ថុបុរាណទាំងនោះរួមមានផ្តែរទ្វារ ព្រះសិរទេវរូបភេទប្រុស ដងខ្លួនទេវភេទប្រុស បំណែកក្បាច់ កញ្ចាំងជាដើម ដែលវត្ថុបុរាណទាំងនេះត្រូវបានគេ ស្គាល់ថាស្ថិតនៅក្នុងសម័យកាលអង្គរ ចន្លោះពីសតវត្សរ៍ ទី១០ ដល់ ១២៕
No comments:
Post a Comment