អតីតប្រធានគុកទួលស្លែងស្នើដកមេធាវីបរទេស François Roux ចេញ
ប្រធានអង្គភាពគាំពារការពាក្តីសាលាក្តីខ្មែរក្រហមបានថ្លែងឲ្យដឹងនៅថ្ងៃនេះថា អតីតប្រធានគុកទួល ស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច បានស្នើសុំដកសហមេធាវីបរទេសរបស់លោកចេញពីក្រុមការងារការពារក្តី។ សំណើដកលោក Fracois Roux សហមេធាវីបរទេសនេះ ត្រូវបានឌុចបញ្ជូនទៅកាន់អង្គភាពគាំពារការពាក្តី កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ។
លោក Richard Rogers ប្រធានអង្គភាពគាំពារការពារក្តី បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅ ថ្ងៃសុក្រថា បន្ទាប់ពីបានពិនិត្យលើនីតិវិធីច្បាប់ និងវិធានផ្ទៃក្នុងរួចមក អង្គភាពគាំពារការពារក្តីបានយល់ព្រម
លើសំណើរបស់លោកកាំង ហ្គេកអ៊ាវ សុំដកសហមេធាវីបរទេសរបស់គាត់ លោក Roux។
ជាមួយនឹងសេចក្តីសម្រេចនេះ អង្គភាពគាំពារការពារក្តីបានកត់សម្គាល់ថា ពុំមានមូលហេតុអ្វីដែល
ត្រូវសង្ស័យថាការបាត់បង់ទំនុកចិត្តរបស់លោក កាំង ហ្គេកអ៊ាវ គឺមិនពិតនោះទេ ហើយពុំមានមូលហេតុអ្វី ដែលត្រូវសង្ស័យថា សំណើសុំដកមេធាវីការពារក្តីមានចេតនារារាំងដល់ដំណើរការនីតិវិធីដែរ។ លោក Richard Rogers បានបន្តទៀតថា៖«ការដកលោក Francois Roux នៅដំណាក់កាលនេះនឹងមិនបង្កឲ្យមានការពន្យារដំណើរការនីតិវិធីដោយមិនត្រឹមត្រូវដែរ។ ការបាត់បង់ទំនុកចិត្តបង្កើតឲ្យមានករណីពិសេស»។
ប្រធានអង្គភាពគាំពារការពារក្តីបានបន្ថែមថា៖«សេចក្តីសម្រេចនេះមិនមែនជាការគាំទ្រដល់មូល
ហេតុនៃការបាត់បង់ទំនុកចិត្តដែលត្រូវបានលើកឡើងនៅក្នុងសំណើរបស់លោកកាំង ហ្គេកអ៊ាវនោះទេ។ នៅក្នុងកាលៈទេសៈនេះ វាមិនចាំបាច់ទទួលយក ឬបដិសេធមូលហេតុទាំងអស់ខាងលើនេះ»។ លោកបន្តថា អង្គភាពគាំពារការពារក្តីសូមឲ្យអង្គជំនុំជម្រះសាលាដំបូងយល់ព្រមលើការដកលោក Roux ជាសហមេធាវី បរទេសរបស់លោកកាំង ហ្គេកអ៊ាវ។
ជំនុំជម្រះសាលាដំបូងបានឃើញការស្នើសុំដកលោក Roux ជាសហមេធាវីបរទេសរបស់លោកកាំង ហ្គេកអ៊ាវ ហើយ។ សហមេធាវីជាតិរបស់គាត់ លោក ការ សាវុត្ថ នឹងបន្តការពារលោក កាំង ហ្គេកអ៊ាវទៅទៀត។ អង្គភាពគាំពារការពារក្តីនឹងមិនពិចារណាលើការចាត់តាំងសហមេធាវីទី២ ដើម្បីជំនួសលោក Roux ទេ រហូតទាល់តែក្រោយការចេញសាលក្រម។ សាលាក្រមលើរឿងឧក្រិដ្ឋកម្មនៅគុកទួលស្លែងដឹកនាំដោយឌុច ដែលគ្រោងនឹងប្រកាសឡើងនៅថ្ងៃទី ២៦ ខែកក្កដា ខាងមុខនេះ៕
No comments:
Post a Comment