Saturday, July 3, 2010


បច្ចុប្បន្នភាពកម្ពុជា


សុខភាពនាយករដ្ឋមន្ត្រី និងមន្ត្រីកម្ពុជា ៥ រូបទៀតបានប្រសើរឡើង ប៉ុន្តែនៅបន្តស្ថិតក្រោមការតាមដាន

ដោយ ជាង សុខា (ភ្នំពេញ ប៉ុស្តិ៍)


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​មួយ​ចំនួន​កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​ត្រួត​ពិនិត្យ និង​វិភាគ​បន្ត​ទៀត បន្ទាប់​ពី​បាន​ឆ្លង​នូវ​ជំអឺ​គ្រុន​ផ្តាសាយថ្មី A(H1N1) កាល​ពី​សប្តាហ៍​មុន។ នេះ​បើ​យោង​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជាដែល​បាន​ថ្លែង​ឲ្យ​ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​កាល​ពី​ថ្ងៃ​ពុធម្សិលមិញ។



លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​​ថា៖​«លោក​វេជ្ជ​បណ្ឌិត​កំពុង​បន្ត​តាម​ដាន​ជម្ងឺ​របស់​គាត់​[លោក ហ៊ុន សែន] និង​មន្ត្រី​រដ្ឋា​ភិបាល​ដទៃ​ទៀត»។ លោកមិនបានធ្វើអត្ថាធិប្បាយឲ្យស៊ីជម្រៅលើដំណើរការព្យាបាលនេះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋ​មន្ត្រី​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​មួយ​ចំនួន​ដែល​រួម​មាន​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី យឹម ឆៃលី លោក​ទេស​រដ្ឋ​មន្ត្រី ឆាយ ថន និង តាវ សេងហួរ និង​មន្ត្រី​រដ្ឋា​ភិបាល​មួយ​ចំនួន​ទៀត​ គឺ​លោក គឹម អិត និង​លោក អ៊ិត មិត ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​ជំងឺ​ផ្តាយ​សាយថ្មី A(H1N1) ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ​ជា​ជំងឺគ្រុន​ផ្តាសាយ​ជ្រូក ក្រោយ​ពេល​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ប្រចាំ​សប្តាហ៍​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។

យោង​តាម​សេចក្តី​ជូនដំណឹង​ដែល​ចេញ​ដោយ​ក្រសួង​សុខា​ភិបាល​កាល​ពី​យប់​ថ្ងៃ​អង្គារ ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​សុខ​ភាព​របស់​ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បាន​វិល​មក​រក​លក្ខណៈ​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់​ពី​ទទួលបាននួវការថែ​ទាំ​ព្យាបាល​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក។

មេ​រោគ​នេះ​បណ្តាល​ឲ្យ​លោក ហ៊ុន សែន ខក​ខាន​មិន​បាន​ចូល​រួម​ពិធី​ខួប​ឆ្នាំ​ទី ៥៩ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​កម្មវិធី​មួយ​ចំនួន​ទៀត​របស់​លោក​ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​នោះ។

លោក ស៊្រី ថាមរុង្គ ទី​ប្រឹក្សា​ផ្ទាល់​លោក ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុកមួយកាល​ពី​ថ្ងៃ​ព្រឹកថ្ងៃពុធ​ថា ស្ថាន​ភាព​សុខ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​វិល​ត្រឡប់​មក​រក​ប្រក្រតី​ភាព​វិញ​ហើយ តែ​លោក​ពុំ​ទាន់​អាច​ចាប់​ផ្តើម​ការងារ​របស់​គាត់នៅ​ឡើយ​ទេ។ លោក ស្រ៊ី ថាមរុង្គ មាន​ប្រសាសន៍​ថា៖​«សម្តេច[លោក ហ៊ុន សែន]​ស្នាក់​នៅ​ក្នុង​ផ្ទះ និង​មិន​ធ្វើ​ដំណើរ​ទៅ​ណា​ឡើយ»។

ទាក់ទាក់នឹងការឆ្លងជំងឺផ្តាសាយប្រភេទថ្មីនេះដែរ លោកទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការ
គណៈរដ្ឋមន្ត្រី បានថ្លែងថា ចាប់ពីមានការផ្ទុះជំងឺផ្តាសាយជ្រូកនេះមក អគារទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានបាញ់សម្អាត ហើយមន្ត្រី មួយចំនួនរួមទាំងសន្តិសុខផងដែរ ត្រូវបានធ្វើតេស្ត និងចាក់ថ្នាំការពារ។

គួរ​រម្លឹក​ផង​ដែរ​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច ៦ នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​តែ​ជម្ងឺ​ផ្តាសាយ A(H1N1) ហើយ​មនុស្ស ៥៩១ នាក់​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​បាន​ឆ្លង​មេ​រោគ​ជម្ងឺ​នេះ ចាប់​តាំង​ពី​វា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​កន្លង​ទៅ។

លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល និង​លោក ហេង តៃគ្រី រដ្ឋ​លេខា​ធិការ​ដែល​បាន​ផ្តល់​ការ​ថែ​ទាំ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បដិសេធ​មិន​ធ្វើ​ការ​បំភ្លឺជុំវិញបញ្ហានេះទេ៕

No comments:

Post a Comment