Saturday, July 3, 2010

បច្ចុប្បន្នភាពកម្ពុជា

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលផ្អាកការផ្សាយរបស់ខ្លួន

ដោយ​ ជាង សុខា (ភ្នំពេញ ប៉ុស្តិ៍)

អគ្គនាយកមជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល ​បាន​ប្រកាស​ភ្លាមៗកាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា លោក​បានផ្អាក​ប្រតិបត្តិការ​​កាសែត ស្ថានីយ​វិទ្យុ និង​ទស្សនាវដ្ដី​ដ៏​ល្បី​ឈ្មោះរបស់លោក ដោយ​អះអាង​ថា​ ​បណ្តាល​មក​ពី​បញ្ហា​ហិរញ្ញ​វត្ថុ។

លោក​សយ សុភាព អ្នក​សារព័ត៌មាន​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា និង​ជា​អគ្គ​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល​ បាន​គូស​បញ្ជាក់​ថា​ ប្រតិបត្តិការ​ផលិត​ផល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​បីប្រភេទ រួម​មាន​កាសែត​ដើម​អម្ពិល វិទ្យុ​ FM ៩៣.៧៥ និង​ទស្សនាវដ្ដី​មរក៌ត បាន​ផ្អាក​ដំណើរ​ការ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​​តទៅ​ និង​មិន​មាន​គម្រោង​បើក​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។

លោក​សយ សុភាព បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ការ​បិទ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​លោក​ ដោយ​ថ្លែង​ថា៖ «ខ្ញុំ​បាន​ជូន​ដំណឹង​ទៅ​លោក​រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន​អំពី​ការ​ផ្អាក​ដំណើរ​ការ​កាសែត ស្ថានីយ​វិទ្យុ និង​ទស្សនាវដ្ដី ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ»។​ លោក​សយ សុភាព បាន​ថ្លែង​ថា គេហទំព័រ​ព័ត៌មាន​របស់​លោក​ នឹង​បន្ត​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​ថ្មីៗ​ជា​រៀង​រាល់​ថ្ងៃ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ គេហទំព័រ​ដើម​អម្ពិល ​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន ជូន​ដំណឹង​ដល់​ប្រិយមិត្ត​​​អ្នកអាន​​អំពី​ការ​បិទ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​បី​របស់​មជ្ឈមណ្ឌល​ដើម​អំពិល។

លោក​ សយ សុភា ប្អូន​ប្រុស​របស់​លោក​ សយ​ សុភាព និង​ជា​និពន្ធ​នាយក​ទស្សនា​វដ្តីមរក៌ត​ បាន​ថ្លែង​ថា ​ការ​បិទ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នេះ​ គឺ​ដោយ​សារ​បញ្ហា​ មិន​ឯកភាព​គ្នា​ផ្នែក​ថវិកា សម្រាប់​ដំណើរ​ការ​ប្រតិបត្តិការ រវាង​លោក​សយ សុភាព និង​អ្នកស្រី សៀង ចាន់​ហេង ប្រធាន​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍ និង​ជា​អ្នក​ផ្តល់​ហរិញ្ញវត្ថុ​ដល់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល។

លោក​សយ សុភា បាន​អះអាង​ថា លោក​សយ សុភាព បាន​សម្រេច​បិទ​ប្រតិបត្តិការ​កាសែត ស្ថានីយ​វិទ្យុ និង​ទស្សនាវដ្ដី បន្ទាប់​ពី​លោក​ត្រូវ​បាន​ស្នើ​ឲ្យ​កាត់​បន្ថយការ​ចំណាយ​សុរប​ប្រតិបត្តិការ​ចំនួន​ពាក់​កណ្តាល។ លោក​សយ សុភា បាន​ថ្លែង​ថា៖ «ពួក​គេ​មិន​ចង់​ឃើញ​មជ្ឈមណ្ឌល​នេះ​បន្ត​ខាត​បង់​ប្រាក់​ ដូច្នេះ​ពួកគេ​បាន​ស្នើ​ឲ្យ​ខ្ញុំ​កាត់​បន្ថយ​ប្រាក់​ចំណាយ និង​បន្ថយ​ចំនួន​បុគ្គលិក ប៉ុន្តែ​យងើ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ»។

លោក​បាន​អះអាង​ថា លោក​សយ សុភាព បាន​សម្រេច​មិន​កាត់​បន្ថយ​ចំនួន​បុគ្គលិក​មក​ត្រឹម ១១០​នាក់ ដែល​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល​ ដោយ​បន្ត​ប្រតិបត្តិការ​ដោយ​សប្បាយ​ចិត្ត។ ដូច្នេះ​លោក​បាន​សម្រេច​បិទ​ប្រតិបត្តិការ​ទាំង​អស់។

នៅពេល​ភ្នំពេញ ​ប៉ុស្តិ៍ ​ទាក់​ទង​ទៅ​អ្នក​ស្រី សៀង ចាន់​ហេង អ្នកស្រី​បាន​ថ្លែង​ថា ​អ្នកស្រី​មិន​បាន​ដឹង​អំពី​ការ​បិទ​ប្រតិបត្តិការ​​មជ្ឈមណ្ឌល​ព័ត៌មាន​នេះ​ទេ។ អ្នក​ស្រី​ទទួល​ស្គាល់​ថា​ មជ្ឈមណ្ឌល​ព័ត៌មាន​នេះ​បាន​ខាត​បង់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ខែ ​ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​ជាមួយ​មជ្ឈមណ្ឌល​ដើម​អម្ពិល ប៉ុន្តែ​អ្នក​ស្រី​បាន​ថ្លែង​ថា ​អ្នក​ស្រី​មិន​ដែល​ស្នើ​ឲ្យ​បិទ​ប្រតិបត្តិការ​អាជីវកម្ម​នោះទេ។

អ្នកស្រី សៀង ចាន់​ហេង បាន​ថ្លែង​ថា៖ «វា​មិន​មែន​ជា​បញ្ហា​លុយ​កាក់​នោះ​ទេ។ យើង​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ប្រតិបត្តិការ ។ យើង​ខាត​ពី ១ម៉ឺន​ដុល្លារ ទៅ ៤ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែ ប៉ុន្តែ​គ្មាន​បញ្ហា​ទេ»។ អ្នកស្រី​បាន​ថ្លែង​ថា៖ «បញ្ហា​គឺ​លោក​សយ សុភាព ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន មិន​បាន​ជូន​ដំណឹង​ដល់​យើង ដែល​ជា​អ្នក​ឧត្ថម្ភ​ហរិញ្ញ​វត្ថុ»។

លោក ​ប៊ុត បូវុឌ្ឍ អគ្គនាយក​ព័ត៌មាន​ និង​ផ្សព្វ​ផ្សាយ​ នៅក្រសួង​ព័ត៌មាន​ បាន​ថ្លែង​ថា ​លោក​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​លោក​សយ សុភាព ដោយ​ជូន​ដំណឹង​ដល់​ក្រសួង​អំពី​ការ​ការ​បិទ​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​មជ្ឈ
មណ្ឌល​ព័ត៌មាន​ដើមអម្ពិល​ទទួល​បាន​ប្រជា​ប្រិយភាព​ពី​អ្នក​អាន​ ដោយ​សារ​តែ​មជ្ឈមណ្ឌល​នេះ​បាន​ផ្តល់​ព័ត៌មាន​ល្អៗ និ​ងឆាប់​រហ័ស។ បញ្ហា​ចម្បង​នៃ​ការ​បិទ​ប្រតិបត្តិការ​នេះ​គឺ​ដោយ​សារ​បញ្ហា​ខ្វះ​ខាត​ហិរញ្ញវត្ថុ»។

សារព័ត៌មាន​ដើម​អម្ពិល​ បាន​ចាប់​ផ្តើម​ប្រតិបត្តិការ ​នៅ​ក្នុង​ឆ្នាំ២០០៦។ ទស្សនាវដ្តី​មរក៌ត បាន​ចាប់​ផ្តើម​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០០៩ និង​ស្ថានីយ​វិទ្យុ​ចាប់​ផ្តើម​ក្នុង​ខែ​ធ្នូ ក្នុងឆ្នាំដដែល៕

No comments:

Post a Comment