ព័ត៌មានទាន់ហេតុការណ៍
កម្ពុជាប្រារព្ធខួបពីរឆ្នាំនៃការចុះឈ្នោះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
មនុស្សប្រមាណជាង ៥០០ នាក់មានកងទ័ព ប្រជាពលរដ្ឋ និងអាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលបានប្រារព្ធពិធីរម្លឹកខួប
ពីរឆ្នាំនៃការចុះឈ្មោះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃនេះ នៅប្រាសាទព្រះវិហារ។ តាម
ប្រភពព័ត៌មានពីខេត្តព្រះវិហារ មានការប្រារព្ធពីធីពីរកន្លែង ទី១ នៅលើប្រាសាទព្រះវិហារដែលអាជ្ញាធរ និងមន្ត្រីរដ្ឋា ភិបាលបានលើកឡើងពីភាពជោគជ័យនៃការដាក់ប្រាសាទព្រះវិហារជាបេកិតកភណ្ឌពិភពលោក និងបានលើកឡើង ពីផែនការអភិវឌ្ឍន៍ផ្សេងៗដែលសម្រេចបាននៅក្នុងរយៈពេលពីរឆ្នាំក្រោយពីការចុះបញ្ជី។ ទី២ សន្និសីទកាសែតមួយ ត្រូវបានរៀបចំឡើងនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ដែលទីនោះមានវត្តមានទាហានថៃផងដែរ។
ចំពោះស្ថានការណ៍នៅតាមបណ្តោយព្រំដែន ជាពិសេសតំបន់ប្រាសាទព្រះវិហារ ត្រូវបានគេរាយការណ៍ថា មានសភាពស្ងប់ស្ងាត់ជាធម្មតា មិនមានការប្រឈមមុខដាក់គ្នាអ្វីឡើយ។ កងទ័ពខ្មែរ និងកងទ័ពថៃ ដែលឈរនៅខ្សែ
ត្រៀមជួរមុខបានប្រាស្រ័យទាក់ទងគ្នាជាធម្មតា។ ប៉ុន្តែទោះបីយ៉ាងណាមានលេចឮព័ត៌មានថា ខណៈពេលដែលកម្ពុជាកំពុងប្រារព្ធពិធីអបអរខួបពីរឆ្នាំនៃការចុះឈ្មោះប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក មានក្រុមជ្រុលនិយមថៃ
មួយក្រុមបាននាំគ្នាធ្វើការតវ៉ានៅក្បែរតំបន់ព្រំដែនកម្ពុជា-ថៃ។ មិនទាន់មានព័ត៌មានពិស្តារណាមួយទាក់ ទងនឹងការតវ៉ានេះនៅឡើយទេ។
ប្រទេសកម្ពុជា សម្រេចបានជោគជ័យក្នុងការចុះប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពី ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ កន្លងទៅនៅប្រទេសកាណាដា បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ ក្រុមជ្រុលនិយមថៃមួយចំនួនក៏ដោយ។ ប្រទេសថៃ ដោយបានរំលោភលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិនានា បានលើកទ័ពមកឈ្លានពានទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ គឺមួយសបា្តហ៍ ក្រោយពីការដាក់ប្រាសាទព្រះចូលជាបេតិកភណ្ឌពិភពលោក។ ភាពតានតឹងផ្នែកយោធារវាងប្រទេសទាំងពីរបានចាប់ ផ្តើមឡើង និងបង្កឲ្យមានការប៉ះទង្គិចផ្លូវអាវុធដាក់គ្នាទៅវិញទៅមក និងបណ្តាលឲ្យមានការស្លាប់ទាហានទាំងសងខាង។
ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃក៏កាន់តែធ្លាក់បន្ថែមទៀតនៅពេលដែលប្រទេសថៃបានដកឯកអគ្គរាជទូតរបស់ ខ្លួនចេញពីប្រទេសកម្ពុជា ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះប្រទេសកម្ពុជា ដែលបានតែងតាំងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវាត្រា ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីខែតុលា។ ជាការឆ្លើយតប កម្ពុជាក៏បានដកឯកអគ្គរាជទូតរបស់ខ្លួនវិញ។ បច្ចុប្បន្ននេះទំនាក់ទំនងរវាងកម្ពុជា និងថៃ មានកម្រិតត្រឹម តែថ្នាក់ភារធារីតែប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment