Sunday, July 4, 2010

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជាប្រគល់ជនជាតិថៃជាប់សង្ស័យក្នុងអំពើភេរវកម្មពីរនាក់ឲ្យអាជ្ញាធរថៃ


ជនជាតិថៃ ២ នាក់ ដែលត្រូវបានអាជ្ញាធរខ្មែរចាប់បាន កាលពីថ្ងៃសៅរ៍ ជាប់ចោទថា មានការពាក់ព័ន្ធនឹងការរៀបចំគម្រោងវាយប្រហារគ្រាប់បែកនៅទីក្រុងបាងកកកាលពីខែមុន ត្រូវបានប្រគល់ឲ្យមន្ត្រីថៃ នៅថ្ងៃចន្ទនេះ។ ពីធីប្រគល់ដែលបានធ្វើឡើងនៅវេលា ម៉ោងជិត ១០ ព្រឹក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោមអធិបតីភាពរបស់លោកឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស កម្ពុជា និងភារធាវីស្តីទីស្ថានទូតថៃប្រចាំកម្ពុជា។

លោកឡុង វីសាឡូ បានគូសបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងធ្វើកិច្ចប្រតិបត្តិការ ជាមួយនឹងប្រទេសនានា។ រីឯមន្ត្រីស្ថានទូតថៃ ដែលបានទទួលជនសង្ស័យទាំងពីរនោះ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កម្ពុជាដែលបានសហការចាប់ជនសង្ស័យទាំងពីរនាក់នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃអាទិត្យម្សិលមិញ នគរបាលក្នុងខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យឈ្មោះ ប៊ូន ភ្លុត កុបឆៃ កើតថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ១៩៦៧ និងម្នាក់ទៀត ភេទស្រី ឈ្មោះ ប៊ូនសុំ វ៉ារីសារីយ៉ា កើតថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ១៩៦៧ នៅល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីបានប្រព្រឹត្តអំពើភេវរកម្ម ដោយគប់គ្រាប់បែក នៅថ្ងៃទី២២ ខែមិថុនា នៅទីក្រុងបាងកក។

នៅពេលជួបសម្ភាសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីព្រឹកមិញ ជនសង្ស័យឈ្មោះ ប៊ូន ភ្លុត កុបឆៃ បានថ្លែងច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលថៃ ថាខ្លួនមានការជាប់ពាក់ព័ន្ធនឹងគម្រោងការបោកគ្រាប់បែក។ ជនសង្ស័យរូបនេះ បានថ្លែងថា ខ្លួននឹងត្រូវគេសម្លាប់ ពេលដែលត្រូវគេចាប់បញ្ជូនទៅប្រទេសថៃវិញ។ ប៉ុន្តែជនសង្ស័យរូបនេះមិនបានបញ្ជាក់ថា នរណានឹងសម្លាប់ខ្លួននោះទេ។

No comments:

Post a Comment