សភាជ្រើសរើសតំណាងសម្រាប់សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
ដោយ លាង ដឺលុច (វិទ្យុបារាំងអន្តរជាតិ)
រដ្ឋសភា និងព្រឹទ្ធសភានឹងចាប់ផ្តើមធ្វើការបោះឆ្នោតនៅថ្ងៃស្អែកជ្រើសតាំង បេក្ខភាពតំណាងស្ថាប័នខ្លួន ដើម្បីបញ្ចូល ទៅក្នុងសមាសភាពនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវបាន កំណត់បង្កើតឡើងដោយច្បាប់ប្រឆាំងអំពើពុករលួយ។ សមាសភាពក្នុងក្រុមប្រឹក្សាជាតិនេះមាន១១រូប។
សមាសភាព និងតួនាទីរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនេះ មានចែងនៅក្នុងមាត្រា៦ក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ បើយោងតាមច្បាប់នេះ សមាសភាពនៅក្នុងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានដល់ទៅ១១ រូប។ ហើយសមាសភាពទាំងនោះរួមមាន ឥស្សរជន១រូបតែងតាំងដោយព្រះមហាក្សត្រ។ មួយរូបជ្រើសតាំងដោយព្រឹទ្ធសភាតាមសំឡេងភាគច្រើនដាច់ខាត។ មួយរូបជ្រើសតាំងដោយរដ្ឋសភាតាមសម្លេងភាគច្រើនដាច់ខាតដូចគ្នា។ មួយរូបជ្រើសតាំងចេញពីរដ្ឋាភិបាល។ មួយរូបជ្រើសតាំងដោយ ឬចេញពីអាជ្ញាធរសវនកម្មជាតិ។ មួយរូបជ្រើសតាំងដោយ ឬចេញពីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ មួយរូបជ្រើសតាំងដោយ ឬចេញពីក្រុមប្រឹក្សាអ្នកច្បាប់។ មួយរូបជ្រើសតាំងដោយ ឬចេញពីក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ មួយរូបជ្រើសតាំងដោយ ឬចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ មួយរូបជ្រើសតាំងចេញពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសមាសភាពចុងក្រោយគឺជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ខៀវ កាញារីទ្ធ ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលបានមានប្រសាសន៍ថា រហូតដល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់តែងតាំងឥស្សរជនរូបណាមួយជាផ្លូវការនៅឡើយទេ ដើម្បីបញ្ជូនទៅធ្វើជាសមាសភាពក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នោះ។ ក៏ប៉ុន្តែលោក ខៀវ កាញារីទ្ធ អះអាងបន្តថា ជាគោលការណ៍គឺលោក ឱម យិនទៀង។ សូមបញ្ជាក់ថា លោក ឱម យិនទៀង គឺជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល។
យោងតាមមាត្រា៨នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាជិកនៃក្រុមប្រឹក្សាជាតិនេះត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖ គឺត្រូវមានសញ្ជាតិខ្មែរពីកំណើត មានសីលធម៌ល្អនិងកេរ្តិ៍ឈ្មោះស្អាតស្អំ មិនដែលមានទោសមជ្ឈឹមឬឧក្រិដ្ឋ ឬមិនមានក្ស័យធន មានសញ្ញាបត្រ ចាប់ពីឧត្តមសិក្សាឡើងទៅ មានបទពិសោធន៍ការងារក្នុងសង្គមយ៉ាងតិច១០ឆ្នាំ និងត្រូវមានអាយុយ៉ាងតិច៤៥ឆ្នាំ៕
No comments:
Post a Comment