Wednesday, June 9, 2010

បច្ចុប្បន្នភាពកម្ពុជា

អ្នករាយការណ៍ពិសេស UN ជួបសង្គមស៊ីវិល ដើម្បីស្វែងយល់ពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌


ដោយ លី ម៉េងហួរ (វិទ្យុបារាំងអន្តរជាតិ)


លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ឺឌី ( Surya Prasat Subedi ) អ្នករាយការណ៍ពិសេស ស្តីពី ស្ថានភាពសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅថ្ងៃពុធនេះ បានចាប់ផ្តើមបេសកកម្ម ជាលើកទី៣ ដោយជួបនឹងអង្គការសង្គមស៊ីវិលមួយចំនួន។ កិច្ចប្រជុំដោយបិទទ្វារនោះ ផ្តោតសំខាន់លើកំណែទម្រង់វិស័យយុត្តិធម៌ នៅកម្ពុជា។
កិច្ច ប្រជុំរវាងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ឺឌី ជាមួយនឹងបណ្តាអង្គការសិទ្ធិមនុស្សក្នុងស្រុក បានធ្វើឡើង នៅការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងភ្នំពេញ។
កិច្ចជំនួបនៅព្រឹកមិញ ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងពីស្ថានភាពរំលោភសិទ្ធិមនុស្ស និងពិភាក្សាលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ពិសេសប្រព័ន្ធតុលាការនៅកម្ពុជា។
ការអនុវត្តន៍នីតិវិធីក្នុងតុលាការ នៅកម្ពុជា ដែលមានការឃុំខ្លួនជនជាប់ចោទលើសរយៈពេល ៦ខែ មុនការកាត់ទោស ភាពយឺតយ៉ាវ ក្នុងការបើកសវនាការ និង កំណែទម្រង់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏ត្រូវបានលើកឡើងផងដែរ។
លោកមេធាវី សុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលបានចូលរួមជួបលោក ស៊ូយ៉ា នៅព្រឹកមិញ បានឲ្យដឹងថា ប្រព័ន្ធតុលាការនៅកម្ពុជាបច្ចុប្បន្ន ពុំទាន់ឯករាជ្យ បានធ្វើឲ្យប្រជាពលរដ្ឋ ពុំមានជំនឿទុកចិត្តឡើយ។
លោកមេធាវី បានស្នើឲ្យលោក ស៊ូយ៉ា ជម្រុញទៅកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់សមាសភាពឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចាប់ពីពេលនេះ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ឺឌី ត្រូវបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៧ ខែមិថុនា។ នេះជាបេសកកម្មលើកទី៣ របស់លោកនៅកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្ស ដោយផ្តោតសំខាន់លើវិស័យយុត្តិធម៌។
ក៏ប៉ុន្តែអង្គការសិទ្ធិមនុស្ស អាដហុក នៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍ ដោយចាត់ទុកថា ការកំណត់បញ្ហានៃបេសកកម្មរបស់លោកស៊ូយ៉ា នៅកម្ពុជាពេលនេះ មិនជាអាទិភាពនោះទេ។
តាមសេចក្តីប្រកាសរបស់អង្គការអាដហុក បញ្ហាវិវាទដីធ្លី ដែលកំពុងធ្វើឲ្យពលរដ្ឋកម្ពុជា រងទុក្ខរៀងរាល់ថ្ងៃ គឺជាប្រធានបទសំខាន់ ដែលលោក ស៊ូយ៉ា គួរតែលើកឡើង ដើម្បីជម្រុញឲ្យរដ្ឋាភិបាល ធ្វើការដោះស្រាយជាបន្ទាន់។

មិនទាន់មានអត្ថាធិប្បាយពីលោក ស៊ូយ៉ា នៅឡើយទេ។ ក៏ប៉ុន្តែក្នុងដំណើរមកកាន់ទីក្រុងភ្នំពេញ កាលពីពីរលើកមុន លោក ស៊ូយ៉ា បានប្រកាសពីលទ្ធផលនៃដំណើរទស្សនកិច្ច ស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងសន្និសីទកាសែតនៅចុងបញ្ចប់នៃបេសកកម្មរបស់លោក។

ក្នុងបេសកកម្មរយៈពេល ១០ ថ្ងៃ នៅកម្ពុជា លើកទី៣ ចាប់ពីថ្ងៃ៨មិថុនានេះ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ លោក ស៊ូយ៉ា នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបមន្ត្រីរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមក្នុងវិស័យយុត្តិធម៌។ ក៏ប៉ុន្តែលោក ស៊ូយ៉ា គ្មានកម្មវិធីជួបជាមួយគណបក្សប្រឆាំងឡើយ៕

No comments:

Post a Comment