Friday, June 25, 2010










អតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រខ្មែរបញ្ចប់ព្រះទស្សនកិច្ចនៅវៀតណាម

អតីត​ព្រះមហាក្សត្រ​ និង​ព្រះមហាក្សត្រ​ខ្មែរ​ បានយាង​និវត្តន៍​មកដល់​ប្រទេស​កម្ពុជា​វិញហើយ​នៅ​
ព្រឹក​ថ្ងៃសុក្រ​នេះ​ បន្ទាប់ពីបាន​បញ្ចប់​ព្រះ
ទស្សនកិច្ច​រយៈពេល​ ៤​ ថ្ងៃ​នៅ​ប្រទេស​វៀតណាម។​ ព្រះ​ទស្សន
កិច្ច​ជាលក្ខណៈ​ឯកជន​នេះ​ ត្រូវបាន​ធ្វើ
ឡើង​ ដើម្បី​រឹតចំណង​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ។​ បញ្ហា​នយោបាយ​ និង​បូរណភាព​ដែនដី​ មិនត្រូវបាន​ភាគី​ទាំងពីរ​លើកឡើង​ឡើយ​។



តើដំណើរ​ទស្សនកិច្ច​ជាលក្ខណៈ​ឯកជន​រយៈពេល​ ៤​ ថ្ងៃ​របស់​សម្តេចឪ​នៅ​វៀតណាម​ទទួល​បានលទ្ធផល​យ៉ាងណា​ខ្លះ?​

យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ ដំណើរ​ទស្សនកិច្ច​របស់​សម្តេចឪ​ នរោត្តម​ សីហនុ​ សម្តេចម៉ែ​ និង​ព្រះមហាក្សត្រ​ខ្មែរ​ រយៈពេល​បួនថ្ងៃ​ ដែលបាន​បញ្ចប់​នៅថ្ងៃនេះ​ គឺ​ទទួល​បាន​ ជោគជ័យ​ និងបង្ហាញ​នូវការរឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​ ដែល​ធ្លាប់មាន​ទំនាក់​ទំនង​តាំងពី​ យូរយារ​ណាស់​មកហើយ។​ ចំណែក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ក៏បាន​បង្ហាញ​ពីភាពវិជ្ជមាន​នៃ​ព្រះដំណើរ​ទស្សនកិច្ច​នេះដែរ​ ដោយ​បានចាត់​ទុកថា ​ដំណើរ​ទស្សនកិច្ច​នេះ ​នឹង​ជាកត្តា​មួយ​ពង្រឹង​ទំនាក់​ទំនង​ល្អ​ដែល​កម្ពុជា​ និង​វៀតណាម​មាន​ស្រាប់​ឲ្យកាន់​តែមាន​ភាពរឹងមាំ​បន្ថែមទៀត។​ លោក​ទិត សុធា​ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បានថ្លែងថា​ ចំណង​មិត្តភាព​ និង​កិច្ចសហ​ប្រតិបត្តិ​រវាង​កម្ពុជា​និង វៀតណាម​នឹងមាន​ភាពស្អិត​រមួត​ ស្ថិតស្ថេរ​គង់វង្ស​ជារៀង​រហូត​ ខណៈ​ដែលប្រទេស​ទាំងពីរ​ជាមិត្ត ​និង​បាន​តស៊ូ​ រួមគ្នាកាល​ពីអតីតកាល​។​ លោក​ទិត សុធា​ បានលើកឡើង​ទៀតថា ​កម្ពុជា​ដឹងគុណ​ជានិច្ច​ចំពោះ​វៀតណាម​ដែល​បាន​ជួយ​រំដោះ​ ប្រជាជន​កម្ពុជា​ចេញ​ពីរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហមនៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩។​ លោក​ទិត សុធា​ បន្ត​ថា ​ចំណង​មិត្តភាព​ ដែល​រឹតបន្តឹង​ថ្មីៗនេះ​ នឹងនាំ​មកនូវ​ការ​វិនិយោគ​ថ្មីៗ​ទៀត​ពីសំណាក់​ប្រទេស​វៀតណាម។​




ចុះចំណែក​មេដឹកនាំ​វៀតណាម​ មានបាន​លើកឡើង​ពី​បញ្ហា​អ្វីខ្លះ​ជាមួយនឹង​សម្តេចឪ?​

យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ នៅក្នុង​ព្រះដំណើរ​ទស្សនកិច្ច​របស់​សម្តេចឪ​ បួនថ្ងៃនេះ​ ព្រះអង្គ​បានជួប​សវនាការ​ជាមួយ​នឹង​ឥស្សរជន​ជាន់ខ្ពស់​វៀតណាម​ជាច្រើន​រូប​ក្នុង​នោះ​រួម​មាន​លោក​ ប្រធានា​ធិបតី​វៀតណាម​ ង្វៀន​ មិញទ្រៀត​ និង​អគ្គលេខា​ធិការ​បក្ស​កុម្មុយ​និស្ត​វៀតណាម​ ណង​ ឌឹកម៉ាញ់​ជាដើម​។មេដឹកនាំ​វៀតណាម​បាន​អបអរសាទរ​ចំពោះ​សមិទ្ធ​ផល​នានា​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការអភិវឌ្ឍជាតិ​កន្លង។​ អគ្គលេខា​បក្ស​កុម្មុយនិស្ត​វៀតណាម​ បានសម្តែង​នូវការដឹងគុណ​យ៉ាងជ្រៀលជ្រៅ​ចំពោះ​ព្រះមហាក្សត្រ​ ប្រជា​ជន​ និង​រដ្ឋាភិបាល​កម្ពុជា ​កាល​ពីអតីតកាល​ដែល​បាន​ជួយ​រំដោះ ​និង​បង្រួប​បង្រួម​ជាតិ​វៀតណាម​ និង​បាន​
កសាង​មិត្តភាព​ និង​អ្នកជិតខាង​ល្អ​ ហើយ​បន្តការពារ​រហូត​មកដល់​បច្ចុប្បន្ន​នេះ។​ ចំណែក​ឯប្រធានា​ធិបតី​ង្វៀង​ មិញទ្រៀត​ ក៏បាន​បញ្ជាក់​ថា​ ប្រជាជាតិ​វៀតណាម​មិនអាច​​បំភ្លេ​ចគុណកម្ពុជា​បានទេ​ចំពោះ​ការជួយ​ជ្រោមជ្រែង​
របស់​កម្ពុជា​កាល​ពីអតីត​កាល​ រហូត​ដល់​សព្វថ្ងៃ។​ ប្រធានា​ធិ
បតី​ វៀត​ណាម​ ង្វៀន​ មិញទ្រៀត​ បាន​គូស​បញ្ជាក់​ថា​ ព្រះ​ដំណើរ​ទស្សន​កិច្ច​របស់​សម្តេច​ឪ​ នៅ​ក្នុង​ប្រទេស​វៀត​ណាម​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនាក់​ទំនង​រវាង​ ប្រទេស​កម្ពុជានិង​វៀតណាម​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ និង​សំខាន់​ឡើង។​ លោក​ង្វៀនមិញទ្រៀត​ បានថ្លែង​ថា ប្រទេស​កម្ពុជានិង​វៀត​ណាម​ ក៏ដូចជា​ប្រទេស​ជិត​ខាង​ឡាវ​ មាន​ការ​តាំង​ចិត្ត​ប្តូរ​ផ្តាច់​ធានា​ និង​រឹត​នូវ​ចំណង​សាមគ្គី​ភាព​ជា​មួយ​គ្នា។ ចំណែកឯ​សម្តេចឪ​ នរោត្តម​ សីហនុ​ និង​ព្រះមហាក្សត្រ​ខ្មែរ​ ត្រូវបាន​ទីភ្នាក់ងារ​ ព័ត៌មាន​វៀតណាម​ដកស្រង់​ព្រះរាជ​បន្ទូលថា​ កម្ពុជា​ និង​វៀតណាម​នៅតែបន្ត​ទំនាក់​ទំនង​មិត្តភាព​ជាយូរអង្វែង​ រវាង​ប្រទេស​ជិតខាង​ទាំងពីរ​។



ក្រៅពីការ​រឹតចំណង​មិត្តភាព​ និង​កិច្ចសហ​ប្រតិបត្តិការ​ តើមាន​ការលើកឡើង​ពី​បញ្ហានយោបាយ​ ឬ​ បញ្ហាព្រំដែន​ ដូចដែល​មានការ​ស្នើសូម​ពី​គណបក្ស​ប្រឆាំង​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ខ្លះទេ?​

ដូចដែល​សម្តេចឪ​ នរោត្តម​ សីហនុ​ និង​ព្រះរាជ​លេខាផ្ទាល់​របស់​ព្រះអង្គ ​មាន​បន្ទូល​បញ្ជាក់​តាំង​ពី​មុន​

ការ​ចាប់​ផ្តើម​ព្រះ​ទស្សន​កិច្ចម្ល៉េះថា​ ទស្សនកិច្ច​ដែល​អតីត​ព្រះ​មហាក្សត្រ​ និង​ព្រះមហាក្សត្រ​ទៅ​ប្រទេស​វៀត ណាម​គឺមាន​លក្ខណៈ​ឯកជន​សុទ្ធសាធ​ គឺមិនមាន​លក្ខណៈ​នយោបាយ​ទេ។​ ទីបំផុតទៅ​ គឺពិតជា​ដូច្នេះមែន​ គ្មាន​សេចក្តី​រាយការណ៍​ ឬ​ប្រភពព័ត៌មាន​ណាមួយ​អះអាងថា​ សម្តេចឪ​ នរោត្តម​ សីហនុ​ ឬ​ព្រះមហាក្សត្រខ្មែរ​ លើកឡើង​ពីភាពមិន​ប្រក្រតី​នានា​លើការបោះ​បង្គោល​ព្រំដែន​ ឬការបែងចែក​នូវ​ការគ្រប់គ្រង​រួមគ្នា​លើដែនដី​
កម្ពុជា​ និង​កោះត្រល់​​រវាង​កម្ពុជា​ និង​វៀតណាម​ដូច​ដែល​គ
ណបក្ស​ប្រឆាំង​ និង​ក្រុម​សង្គម​ស៊ីវិល​ខ្លះ​លើក​ ឡើ ក៏​ដូចជា​លោក​សឺន​ ស៊ូប៊ែរ្តិ៍​ អនុប្រធាន​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពល​រដ្ឋខ្មែរ​ បានស្នើ​សូម​អង្គព្រះមហាក្សត្រ​
មាន​ព្រះរាជ​តម្រិះ​នោះ​ទេ។​ គឺ​មានតែការលើក​ពីកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ និង​ការសន្យា​
រក្សា​គ្នាទៅវិញ​ទៅមក​ក្នុងនាម​ជាប្រទេស​ជិតខាងល្អ​។





ចុះ​គណបក្ស​សម រង្ស៊ី​ ដែលជា​អ្នក​ស្នើ​សូម​ឲ្យព្រះអង្គ​លើកពី​បញ្ហា​ភាពមិនប្រក្រតី​នៃការបោះបង្គោល​ ព្រំដែន​ជាមួយនឹង​វៀតណាម​មាន​អត្ថាធិប្បាយ​យ៉ាងណាដែរ​?

នៅពេល​ទាក់ទង​នៅថ្ងៃសុក្រ​នេះ​ លោក​យឹម​ សុវណ្ណ​ តំណាងរាស្ត្រ​ និងជា​អ្នកនាំពាក្យ​គណបក្ស​សម​ រង្ស៊ី ​មិនបាន​បង្ហាញ​នូវក្តីអស់​សង្ឃឹម​នោះទេ ​បើទោះ​បីជា​គ្មានសេចក្តី​រាយការណ៍​ណាមួយ​ថា​សម្តេចឪ​ និង​មេ ដឹកនាំ​វៀតណាម​លើក​ឡើង​ពី​បញ្ហា​បូរណ​ភាពដែនដី​។ ប៉ុន្តែលោកនៅតែមាន​ជំនឿ​ថា​ សម្តេចឪ​ប្រាកដ​ជា​បានលើក​បញ្ហា​នេះ ​នៅក្នុង​សវនាការ​ជាមួយនឹង​មេដឹកនាំ​ជាន់ខ្ពស់​វៀតណាម។​ មាន​ជំនឿ​ដោយលោក​បញ្ជាក់​ថា​ សម្តេចឪ​ ជា​អង្គ​ព្រះមហាក្សត្រ​ដែលមាន​បទពិសោធ​ខ្ពស់​ក្នុងការដឹកនាំ​ជាតិ​ ដូច្នេះ​ព្រះអង្គ​ប្រាកដ​ជាបាន​លើកឡើងពី​បញ្ហា​បូរណភាព​ និង​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​។ បញ្ហា​ព្រំដែន ​ដែល​លោក​យឹម​ សុវណ្ណ​ លើកឡើងថា​គឺ ជាចំណុច​រសើប​ ដូច្នេះ​​ការពិភាក្សា​មិនអាច​បើកចំហ​សម្រាប់​សាធារណជន​នោះឡើយ​។ លោកបាន​បន្តថា​ គណបក្ស​ប្រឆាំង​នឹងបន្តធ្វើ​កិច្ចការ​ត្រួតពិនិត្យ​លើការបោះបង្គោល​ព្រំដែន​បន្តទៀត​ មិនត្រឹម​តែជាមួយនឹង​ប្រទេស​ វៀតណាម​ទេ​ ប៉ុន្តែ​នឹងបន្តទៅ​ភាគខាងលិច​ជាមួយនឹង​ប្រទេសថៃ​។ ប្រទេសថៃ​ និង​វៀតណាម​ដែលតាម​ការ អះអាង​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ គឺនៅតែបន្ត​ចិញ្ចឹមចិត្ត​ក្នុងការឈ្លានពាន​កាន់កាប់​ទឹកដីខ្មែរ​ដោយ​ខុសច្បាប់​ដដែល៕

No comments:

Post a Comment