នយោបាយ
ប្តឹងទៅកាន់លោក អូបាមា ក្នុងករណីលោកស្រី មូរ សុខហួរ
ដោយ លី ម៉េងហួរ (វិទ្យុបារាំងអន្តរជាតិ)
ការ ប្រមូលនូវហត្ថលេខាលើពាក្យបណ្តឹងក្នុងករណីលោកស្រី មូរ សុខហួរ ត្រូវបានធ្វើឡើងដើម្បីដាក់ទៅកាន់លោកប្រធានាធិបតីអាមេរិក អូបាមា។ ពាក្យបណ្តឹងតាមប្រព័ន្ធអ៊ិនថឺណេតនោះបានទាមទារឲ្យលោកប្រធានាធិបតី អូបាមា ចេញសេចក្តីថ្លែងការណ៍ដើម្បីបញ្ឈប់ការគាបសង្កត់លើសេរីភាពបញ្ចេញមតិ នៅក្នុងប្រទេសកម្ពុជា។
ការ ប្រមូលហត្ថលេខាលើពាក្យបណ្តឹង ដាក់ទៅកាន់លោកប្រធានាធិបតីអាមេរិក អូបាមា នៅថ្ងៃសុក្រ ទី១១ មិថុនា ឆ្នំា ២០១០នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសកម្ពុជាសម្រេចឲ្យលោកស្រី មូរ សុខហួរ ចាញ់ក្តី ក្នុងសំណុំរឿងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គិតមកដល់ល្ងាចថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០១០ មានអ្នកចុះហត្ថលេខាលើពាក្យបណ្តឹងនោះចំនួនជាង ៤០០ នាក់ហើយ។
ពាក្យបណ្តឹងតាមប្រព័ន្ធអ៊ិនថឺណេត ដែលមានចំណងជើងថា បញ្ឈប់ការគាបសង្កត់លើសេរីភាពបញ្ចេញមតិ នៅក្នុងប្រទេសកម្ពុជា បានធ្វើការអំពាវនាវយ៉ាងទទូចដល់លោកប្រធានាធិបតីអាមេរិក អូបាមា ដើម្បីអន្តរាគមន៍ចំពោះការសម្រេចរបស់តុលាការកំពូលកម្ពុជាដែលបាន សម្រេចក្តីលើអតីតបេក្ខជនពានរង្វាន់ ណូបែល សន្តិភាពពិភពលោក និងជាសកម្មជនសិទ្ធិស្ត្រី ព្រមទាំងជាអ្នកតំណាងរាស្ត្រ គឺលោកស្រី មូរ សុខហួរ នៅក្នុងរឿងក្តីបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងពាក្យបណ្តឹងជូនលោក អូបាមាបានកត់សម្គាល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានលទ្ធភាពដើម្បីកុំឲ្យការសម្រេចរបស់តុលា ការកម្ពុជាគម្រាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ និងប៉ះពាល់ដល់សិទ្ធិនៃដំណើរការកាត់ក្តីដោយយុត្តិធម៌ តម្លាភាព និងការគោរពច្បាប់នៅកម្ពុជា។ ការលើកឡើងដូច្នេះ ដោយសារតែសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ៦០ លានដុល្លារ នៅឆ្នាំ២០០៩សម្រាប់រដ្ឋាភិបាលកម្ពុជា លើការងារកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ច។
ពាក្យបណ្តឹងដែលផ្សព្វផ្សាយដោយគណបក្សសមរង្ស៊ីនៅថ្ងៃនេះ ក៏បានទាមទារដោយទទូចទៅកាន់លោកប្រធានាធិបតី អូបាមា ដើម្បីឲ្យធ្វើសេចក្តីថ្លែងការណ៍ខ្លាំងៗ ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការកម្ពុជា សម្រាប់ការពារនូវតម្លៃនៃលទ្ធិប្រជាធិបតេយ្យ។
ក៏ប៉ុន្តែលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីមានជំនឿថា ការស្នើសុំរបស់អ្នកគាំទ្រគណបក្សសមរង្ស៊ីខាងលើនេះ នឹងមិនមានឥទ្ធិពលណាមួយឲ្យរដ្ឋាភិបាលអាមេរិកត្រូវធ្វើការគាប សង្កត់ទៅលើកម្ពុជានោះទេ។ ករណីប្តឹងផ្តល់លើតំណាងរាស្ត្រគណបក្សប្រឆាំងត្រូវបានមន្ត្រីជាន់ ខ្ពស់រដ្ឋាភិបាលបញ្ជាក់ថា ជាឆន្ទានុសិទ្ធិរបស់តុលាការ ដើម្បីពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។ នេះមិនមែនជាការគាបសង្កត់សេរីភាពបញ្ចេញមតិ ដូចការលើកឡើងឡើយ។
សូមរម្លឹកថា ក្រោយពីការសម្រេចរបស់តុលាការកំពូល កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១០ ដែលបានតម្កល់ការសម្រេចរបស់តុលាការជាន់ទាប ឲ្យលោកស្រី មូរ សុខហួរ ចាញ់ក្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមកដល់ថ្ងៃនេះ លោកស្រី មូរ សុខហួរ បានអះអាងថា លោកស្រីនឹងមិនបង់ប្រាក់ពិន័យប្រមាណ ៤០០០ ដុល្លារនោះទេ ហើយលោកស្រីសុខចិត្តជាប់ពន្ធនាគារ។ ដីកាបង្គាប់ឲ្យលោកស្រី មូរ សុខហួរ បង់ប្រាក់ពិន័យត្រូវបានគេឲ្យដឹងថា អាចនឹងចេញនាថ្ងៃច័ន្ទ ទី១៤ ខែមិថុនាខាងមុខ៕
No comments:
Post a Comment