បច្ចុប្បន្នភាពកម្ពុជា
កម្ពុជាទាត់ចោលព័ត៌មានថាមេដឹកនាំក្រុមអាវក្រហមលាក់ខ្លួននៅកម្ពុជា
ដោយជាង សុខា (ភ្នំពេញ ប៉ុស្តិ៍)
ប្រទេសកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍មានប្រតិកម្មយ៉ាងខ្លាំងនឹងទីក្រុងបាងកកដែលចេះតែបន្តបង្កើតព័ត៌មានក្លែងក្លាយក្នុងបំណងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ខណៈពេលនយោបាយផ្ទៃក្នុងរបស់ប្រទេសខ្លួនកំពុងតែជ្រួលច្របល់។
នៅក្នុងសេចក្តីប្រកាសដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស(PQRU)របស់ទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យកម្ពុជាបានថ្លែងថា ចាប់តាំងពីថ្ងៃទី ៣១ ខែឧសភារហូតដល់ថ្ងៃទី ១៦ ខែមិថុនា មានសេចក្តីរាយការណ៍ក្លែងក្លាយចំនួន ២ អំពីការរារាំង និងបំបែកក្រុមបាតុករអាវក្រហមត្រូវបានបង្កើតឡើងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាពីសំណាក់ជនអគតិថៃមួយក្តាប់តូច។
សេចក្តីថ្លែងការណ៍នោះសរសេរថា៖«ជាថ្មីម្តងទៀត ប្រទេសកម្ពុជាសូមស្នើដោយទទូចឲ្យរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយថៃបញ្ឈប់ជាបន្ទាន់ និងទាំងស្រុងនូវឥរិយាបថបង្ករឿងដោយការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋាន ដែលនាំឲ្យមានការយល់ច្រឡំពីសំណាក់មតិជាតិ និងអន្តរជាតិ ហើយធ្វើឲ្យទំនាក់ទំនងទ្វេភាគីដ៏ល្អរបស់ប្រទេសទាំង ២ ធ្លាក់ចូលក្នុងគ្រោះថ្នាក់»។
សេចក្តីថ្លែងការណ៍នោះបន្ថែមថា៖«ប្រទេសកម្ពុជាជឿលើធម៌ពិត និងអហិង្សា ហើយអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅនឹងគោលការណ៍រួមរស់ជាមួយគ្នាដោយសន្តិភាព។ ប្រទេសនេះពុំដែលមានបំណងព្យាបាទប្រទេសដទៃ ហើយក៏ជឿថាសម្អប់បង្កើតសម្អប់ ហើយតណ្ហា និងអំពើហិង្សាប្រាកដជានាំក្តីវិនាសដល់ខ្លួនឯង»។
ប្រតិកម្មនេះត្រូវបានធ្វើឡើងបន្ទាប់ពីទូរទស្សន៍ថៃ ASTV បានរាយការណ៍កាលពីថ្ងៃពុធ និងបានស្រង់សម្តីពីជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសថៃដោយសម្អាងទៅលើប្រភពព័ត៌មានដែលមិនអាចបញ្ជាក់បានដែលផ្តល់ជូនដោយស្ថាប័នសន្តិសុខជាតិថៃដែលបានលើកឡើងថា មេដឹកនាំក្រុមអាវក្រហម ២ រូបគឺលោក អារីស្មាន់ ភុងរួងរុង និងលោក ស៊ូផន អាថាវង្ស បានគេចខ្លួនចូលកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដែលស្ថិតនៅជិតព្រំដែនថៃ។
លោក ទិត សុធា អ្នកនាំពាក្យរបស់អង្គភាពនេះបានថ្លែងថា ព័ត៌មាននេះមានចេតនាបង្កបញ្ហាជាមួយប្រទេសកម្ពុជា ហើយគឺបង្ហាញពីកម្សោយនៃក្រុមចារកម្មថៃ ដែលតែងតែផ្តល់ព័ត៌មានមិនពិតទៅមេដឹកនាំរបស់ពួកគេ ដែលជានិច្ចកាលអាចបណ្តាលឲ្យមានទំនាស់ជាមួយប្រទេសជិតខាង៕
No comments:
Post a Comment