Wednesday, June 23, 2010

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជា​ធ្វើ​ពិធី​ទទួល​ជំនួយ​រថយន្ត​យោធា​ចិន​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃនេះ​

កម្ពុជា​-ចិន​បាន​រៀប​ចំ​ទទួល​ និង​ប្រគល់​ជា​ផ្លូវការ​នៅថ្ងៃនេះ​ នូវ​រថយន្ត​យោធា​ជាជំនួយ​របស់​
ប្រទេស​ចិន​ចំនួន​ ២៥៧​ គ្រឿង។​ នៅ​វេលា​ម៉ោង​ ១ ​និង​ ៣០​នាទី​ថ្ងៃពុធ​នេះ ​លោក​ម៉ឹង​ សំផន​ រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ បាន​ចូល​រួម​នៅ​ក្នុង​ពិធី​ទទួល​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ជំនួយ​ទាំង​ នោះ​ជាមួយ​នឹង​មន្ត្រី​ចិន​។ ពិធី​ចុះហត្ថលេខា​ទទួល​ជាផ្លូវ​ការ​នឹង​ធ្វើឡើង​នៅ​ក្រសួង​ការពារ​ជាតិ ​នៅ​រសៀល​ថ្ងៃនេះ​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន​។

លោក​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ម៉ឹង​ សំផន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្រោម​ពិធីទទួល​ជំនួយ​រថយន្ត​យោធា​នោះ​ថា​ មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ក្នុង ​វិស័យ​យោធា។​ គួរ​បញ្ជាក់​ថា ​រថយន្ត​ទាំង​ ២៥៧​ គ្រឿង​នេះ​ត្រូវ​បាន​ប្រទេស​ចិន​ផ្តល់​ឲ្យ​ប្រទេស​ កម្ពុជា​នៅ​ក្នុង​អំឡុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​ប្រធានា​ធិបតីចិន​​ ហ៊ូ ​ជីនតាវ​ កាល​ពី​ខែឧសភា​កន្លងទៅ។ ​ការផ្តល់​ជំនួយ​រថយន្ត​យោធា​ចំនួន​ ២៥៧​ គ្រឿង​រួម​នឹង​ សម្លៀក​បំពាក់​យោធា​ ៥​ ម៉ឺន​សម្រាប់​ផង​នោះ ​ធ្វើ​ឡើង​មិន​ដល់​មួយ​ខែ​ផង ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ បាន​លុប​ចោល​កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​ ​រថយន្ត យោធា ​ស្រដៀង​គ្នា​នេះ។​

ទាក់​ទង​នឹង​បញ្ហា​នេះ ​លោក​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ ម៉ឹង​ សំផន​ បាន​ថ្លែង​ថា ​ការ​ផ្តល់ ​ជំនួយ​រថយន្ត​យោធា​ដល់​កម្ពុជា​ពី​សំណាក់​ប្រទេស​ចិ​ននៅ​ពេល​នេះ ​មិន​មែន​ជាកា​របញ្ឈឺ​ចិត្ត ​សហរដ្ឋ​អាមេរិក​ទេ ហើយ​ក៏មិន​ខ្លាច​សហរដ្ឋ​អាមេរិក​អាក់អន់​ចិត្ត​ដែរ​៕

No comments:

Post a Comment