Friday, June 18, 2010

បច្ចុប្បន្នភាពកម្ពុជា

លោកឱម យ៉ិនទៀងសុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើរឿងធ្វើរូបសំណាក
ដោយឃុត សុភចរិយា​(ភ្នំពេញ ប៉ុស្តិ៍)

ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហាមប្រាមមិនឲ្យធ្វើរូបសំណាកទាំងអស់របស់ថ្នាក់ដឹកនាំ
ដែលកំពុងមានជីវិតនៅឡើយដែលជាការមិនគិតដល់វប្បធម៌ព្រះ ពុទ្ធសាសនា បន្ទាប់ពីរកឃើញកាលពីថ្ងៃពុធថា រូបសំណាក ដែលសាងសង់ នៅខ្លោងទ្វារស្ថាប័នប្រឆាំង

អំពើពុករលួយថ្មីមួយមានភិនភាគដូចលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

លោក ឱម យ៉ិនទៀង ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី និងជាប្រធាននៃអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលស្គាល់ កាលពីថ្ងៃព្រហស្បតិ៍ថារូបលោកទទួលខុសត្រូវសាងសង់រូបសំណាកលោក
នាយករដ្ឋមន្រ្តី។ លោក ឱម យ៉ិនទៀង បានថ្លែងថា៖ «ខ្ញុំពិតជាបានសាងសង់រូបសំណាកសម្តេច
នាយករដ្ឋមន្រ្តី ដោយមិនបានសុំការអនុញ្ញាតពីសម្តេច ប៉ុន្តែខ្ញុំធ្វើដូច្នេះដោយមានបំណងល្អ»។
លោកបានបន្ថែមទៀតថា លោកបានសុំទោសលោកនាយករដ្ឋមន្រ្តីជាសាធារណៈ ហើយនឹងយករូបសំណាកនោះចេញ នៅពេលសម្តេចប្រាប់ឲ្យយកចេញ។

នៅក្នុងលិខិតសុំទោសជាសាធារណៈ លោកឱម យ៉ិនទៀង បានលើកឡើងថា៖«ខ្ញុំបាទសូមធ្វើ ការសុំទោសជាសាធារណៈ ដោយរូបខ្ញុំបាទបានធ្វើរូបសំណាកសម្តេចអគ្គមហាសេនាធិបតីតេ
ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឯកចិត្តតាមតែទឹកចិត្ត និងមនោសញ្ចេតនាផ្ទាល់របស់ខ្លួន ដែលដឹងគុណ គោរព និងស្រឡាញ់ដ៏ជ្រៀលជ្រៅបំផុត
ដែលខ្ញុំមានចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។
លោកឱម យ៉ិនទៀង បានបន្តទៀត៖«ការកសាងនូវរូបសំណាកដែលខ្ញុំគោរព និងស្រលាញ់ដ៏ ជ្រៀលជ្រៅនេះ បានដំនើរការឡើដោយសម្តេចតេជោ ហ៊ុន សែនមិនបានដឹងខ្លួនទេ ហើយអាច នាំឲ្យសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងស្ថានភាពរងគ្រោះពីការរិះគន់យ៉ាងអយុត្តិធម៌ពីមជ្ឈ ដ្ឋានមួយក្តាប់តូចថានេះជាអំពើលើកតម្កើងបុគ្គល ដែលតាមការពិតទៅ រូបសម្តេចតេជោ ហ៊ុន សែន ផ្ទាល់ លោកមិនដែលមាននូវគំនិតនេះក្នុងខ្លួនរបស់លោក សូម្បីតែបន្តិចបន្តួចក៏ដោយ»។
លោក ហូ សិទ្ធី នាយកខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងក្នុងសេចក្តីជូនដំណឹងមួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រូបលោកសង្ឃឹមថា គ្រប់ស្ថា
ប័នរដ្ឋាភិបាល និងសាធារណជនទាំងអស់ នឹងឈប់ឆ្លាក់ ឬចាក់ពុម្ភរូបសំណាកមេដឹកនាំជាន់ ខ្ពស់ប្រទេសយើងក្នុងគោលបំណងដាក់លក់ ឬធ្វើជាវត្ថុអនុស្សាវរីយ៍។
សេចក្តីជូនដំណឹងបានសរសេរថា៖ «ការឆ្លាក់ ឬចាក់ពុម្ភរូបសំណាកមនុស្សដែលកំពុងនៅមានជីវិតនៅឡើយ គឺខុសពីវប្បធម៌ និងទំនៀមទម្លាប់ជាតិ»។
លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើរូបសំណាករបស់មនុស្សនៅមានជីវិតនៅឡើយ គឺជាការបំពានលើទំនៀមទម្លាប់ព្រះពុទ្ធសាសនា ហើយថែមទាំងអាចមានផលវិបាកអវិជ្ជមានចំពោះអ្នកទាំងឡាយ ដែលហានសាងសង់រូបសំណាកនោះ។ លោកបានបញ្ជាក់ថា៖ «មិនមែនជាការល្អឡើយ ប្រជាពលរដ្ឋយើងមានជំនឿថា ជនណាម្នាក់ ដែលធ្វើដូច្នោះ នឹងជួបសំណាងមិនល្អរបស់ខ្លួន»។
ទាក់ទងនឹងបញ្ហានេះលោក យីម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងថា ៖ «ប្រសិនបើគាត់ [ឱម យ៉ិនទៀង] ដាក់រូបសំណាកនៅមុនស្ថាប័នប្រឆាំងអំពើពុករលួយ នៅពេលមានអំពើពុករលួយជាច្រើនក្នុងជួររដ្ឋាភិបាល នោះជាតំណាងអំពើពុករលួយរបស់រដ្ឋាភិបាល។ ដូច្នេះ ខ្ញុំស្វាគមន៍សេចក្តីសម្រេចរបស់ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តីនេះ ដែលយករូបសំណាកចេញ»។
លោកមៀច ប៉ុណ្ណ ទីប្រឹក្សាគណៈកម្មការទំនៀមទម្លាប់ និងប្រពៃណីរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកម្ពុជា បានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា មិនធ្លាប់បានឭក្នុងប្រវត្តិសាស្រ្តឡើយ ដែលថ្នាក់ដឹកនាំម្នាក់សាងសង់រូបសំណាករបស់មនុស្សនៅមានជីវិតនៅឡើយនោះ។ លោកបានបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែ ខ្ញុំមិនដឹងច្បាស់ថាតើ ជាការត្រឹមត្រូវដែរឬទេ ដែលមនុស្សធ្វើរូបសំណាកពីថ្ម ដែក ឈើ ឬដីឥដ្ឋ ដើម្បីតាំងបង្ហាញ ពីព្រោះគ្មានឯកសារណាមួយទាក់ទងនឹងបញ្ហានេះឡើយ»៕

No comments:

Post a Comment