សេចក្តីថ្លែងការណ៍
របស់សមាគមកម្ពុជាការពារអ្នកកាសែត (CAPJ)
ទិវាសេរីភាពសារព័ត៌មានពិភពលោកត្រូវបានប្រារព្ធធ្វើឡើងគ្រប់ទីកន្លែង ក្នុងពិភពលោកនៅថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកទៅដល់គោលការណ៍មូលដ្ឋានគ្រឹះសំខាន់ៗនៃសេរីភាពសារព័ត៌មាន និង ក៏ដើម្បីរម្លឹកចំពោះអ្នកសារព័ត៌មានដែលបានពលីជីវិត ឬទទួលការដាក់ទណ្ឌកម្ម នៅក្នុងការបំពេញភារកិច្ចវិជ្ជាជីវៈរបស់ខ្លួន។ ទិវាសេរីភាពសារព័ត៌មាននៅឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សេរីភាពខាង
ទទួលព័ត៌មានៈ សិទ្ធិដឹង» ដែលជាផ្នែកស្នូលមួយនៃសេរីភាពបញ្ចេញមតិ។
នៅក្នុងឱកាសនេះ សមាគមកម្ពុជាការពារអ្នកកាសែត (CAPJ) សូមជំរុញដល់ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងរដ្ឋាភិបាលកម្ពុជា បង្កភាពងាយស្រួលឲ្យកាន់តែខ្លាំងថែមទៀត ដល់អ្នកសារព័ត៌មានក្នុងការទទួលបានព័ត៌មាន ការចូលយកព័ត៌មាន និងមិនត្រូវមានការរើសអើង
ប្រឆាំងនឹងស្ថាប័នព័ត៌មានណាមួយឡើយ។ CAPJ ជឿជាក់ថា ការបង្កភាពងាយស្រួលក្នុងការទទួលបានព័ត៌មាននេះ នឹងជាយន្តការមួយក្នុងការធានាបាន
នូវលំហូរព័ត៌មានពីស្ថាប័នរដ្ឋ ស្ថាប័នឯកជនទៅដល់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋទៅស្ថាប័នរដ្ឋ និង ឯកជនដែលជាការចូលរួមចំណែកក្នុងដំណើរការ
អភិបាលកិច្ចបែបលទ្ធិប្រជាធិបតេយ្យ។
ដើម្បីធ្វើឲ្យសេរីភាពខាងទទួលព័ត៌មានត្រូវបានគោរព សមាគមកម្ពុជាការពារអ្នកកាសែត សូមទទូច ដល់ស្ថាប័នរដ្ឋ និងស្ថាប័នឯកជនធំៗដែលមិនទាន់មានមន្ត្រីអ្នកនាំពាក្យ ត្រូវបង្កើតឲ្យមានមន្ត្រីអ្នកនាំពាក្យប្រចាំស្ថាប័នរបស់ខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងព័ត៌មាន។ CAPJ ក៏សូមស្នើផងដែរ ថា ការផ្តល់ព័ត៌មានពីស្ថាប័នពាក់ពន្ធនានា រួមទាំងការផ្សព្វផ្សាយព័ត៌មានពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយត្រូវគោរពទៅតាម
ក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ជាព័ត៌មានពិត និងទុកចិត្តបាន មិនលម្អៀង ដើម្បីជាប្រយោជន៍ ក្នុងការលើកស្ទួយសិទ្ធិដឹង និងសេរីភាពបញ្ចេញមតិនៅកម្ពុជា និងចូលរួមចំណែកក្នុងការធ្វើឲ្យសម្រេចបាននូវសិទ្ធិផ្សេងៗទៀតដែលត្រូវបានទទួលស្គាល់ដោយ
សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស។
ជាមួយគ្នានេះដែរ សមាគមកម្ពុជាការពារអ្នកកាសែត ក៏សូមស្វាគមន៍ចំពោះការដោះលែងលោក ហង្ស ចក្រា ចាងហ្វាង និងជានិពន្ធនាយកសារព័ត៌មាន ខ្មែរម្ចាស់ស្រុក ពីពន្ធនាគារកាលពីថ្ងៃទី១៣ ខែមេសាហើយសមាគមសូមស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសតុលាការគ្រប់ថ្នាក់ ត្រូវយកច្បាប់ស្តីពីរបបសារព័ត៌- មាន មកអនុវត្តក្នុងសំណុំរឿងក្តីផ្សេងៗដែលទាក់ទងនឹងការបំពេញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ CAPJ ក៏
សូមអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលកម្ពុជា អន្តរាគមន៍ដោះលែងលោករស់ សុឃិត ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃសក្នុងសំណុំរឿង
បរិហារកេរ្តិ៍ឲ្យមានសេរីភាពដូចដើមវិញដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា កម្ពុជាគោរពសេរីភាពសារព័ត៌មាន និងគ្មានអ្នកសារព័ត៌មានណាម្នាក់ជាប់ពន្ធនាគារឡើយ៕
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១០
សម្រាប់ព័ត៌មានបន្ថែម សួមទាក់ទងៈ
-លោក នេត្រ ភក្ត្រា ០១២ ៤៨៣ ២៨៣ ឬ សារអេឡិចត្រូនិច
-លោក អ៊ុំ សារិន ០១២ ៩៩៧ ០៥៤ ឬ សារអេឡិចត្រូនិច
-លោក ខៀវ ភិរម្យ ០១២ ៩៣៧ ៦៥៥ឬ សារអេឡិចត្រូនិច Kphirum@gmail.com
No comments:
Post a Comment