បណ្តឹងកើនឡើងច្រើនប្រឆាំងនឹងអ្នកកាសែត បន្ទាប់ពីក្រមព្រហ្មទណ្ឌចូលជាធរមាន
គឹម យុទ្ធណា
ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការកើននូវបណ្តឹងតបចំពោះអ្នកកាសែតកម្ពុជាក្នុងពេលចុងក្រោយនេះ គឺបង្ហាញពីការឈានឆ្ពោះទៅរកនីតិរដ្ឋរបស់កម្ពុជា ដែលទាំងអស់គ្នាមានការយល់ដឹងពីច្បាប់សង្គមដែលកំពុងស្ថិតជាធរមានបញ្ញត្តិ។
សេចក្តីថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានខាងលើនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងរបាយការណ៌មួយ របស់សមាគមកម្ពុជា ការពារអ្នកកាសែត ដែលលើកឡើងដោយលោក នេត្រ ភក្ត្រា អគ្គលេខាធិការសមាគមដែលកត់សម្គាល់ថា ចំនួនបណ្តឹង និងការដាក់ទោសទណ្ឌមកលើអ្នកកាសែតកម្ពុជា នាឆ្នាំកន្លងមកនិងនៅដើមឆ្នាំនេះ មានការកើនឡើងជាងពីពេលមុនកន្លងមក។
ក្នុងកិច្ចប្រជុំតុមូល ស្តីពីក្រមព្រហ្មទណ្ឌនិងវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ដែលមានអ្នកកាសែតជាង៨០នាក់ចូលរួម ក្រោមការរៀបចំពីសមាគមកម្ពុជាការពារអ្នកកាសែត (CAPJ) លោក នេត្រ ភក្ត្រា ជាអគ្គលេខាធិការមានប្រសាសន៌ថា « តាមការកត់សម្គាល់ថា ក្រោយដែលក្រមព្រហ្មទណ្ឌចូលជាធរមានតាំងពីឆ្នាំកន្លងទៅ គិតរហូតមកដល់ដើមឆ្នាំ ២០១១ នេះចំនួនបណ្តឹងចោទប្រកាន់មកលើក អ្នកសារព័ត៌មាន និងការឃុំខ្លួនអ្នកសារព័ត៌មាន មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់»។ ប៉ុន្តែ ការលើកឡើងនេះ មិនមានបញ្ជាក់ថា បណ្តាលមកពីការរិតបន្តឹង ឬមកពីការអនុវត្តក្រមថ្មីនេះនោះទេ។
លោក ខៀវ កាញារីទ្ធ ដែលចូលរួមជាអធិបតី មានថ្លែងតបថា ការកើនឡើងនូវចំនួនបណ្តឹងតបនឹងអ្នកកាសែតនេះ មិនមែនមកពីការរិតបន្តឹងច្បាប់លើកអ្នកាសែតទេ ប៉ុន្តែ វាជាដំណាក់ការដែលពលរដ្ឋមានការយល់ដឹងពីច្បាប់ច្រើន ខណៈដែលសង្គមកាន់តែមានសណ្តាប់ធ្នាប់របៀបរៀបរយ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានកត់សម្គាល់ថា ពីកន្លងមកអ្នកកាសែតមួយចំនួន បានចុះផ្សាយ ឬបញ្ចេញមតិផ្តេសផ្តាស ឬសរសេររិះគន់គេមិនត្រឹមត្រូវ តែអត់មានប្រតិកម្មតបទេ។ ប៉ុន្តែ សង្គមកម្ពុជាបានវិវឌ្ឍន៍ ដោយរដ្ឋាភិបាលរៀបចំច្បាប់ជាច្រើន ដែលបានផ្សព្វផ្សាយយ៉ាងទូលាយ ហើយមហាជនជាពលរដ្ឋមានការយល់ដឹងពីច្បាប់ច្រើន ហេតុនេះការធ្លាប់តែសរសេរបំពានពីមុនខុសក្រមសីលធម៌ និងវិជ្ជាជីវៈ ក៏រងការប្តឹងតប។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ «ពីមុនធ្លាប់ទៅស៊ីគុយទាវគេអត់បង់លុយ តែដល់ឥឡូវគេយកលុយ វាពិបាកត្រូវគិតបន្តិចហើយ»។
លោកបានបញ្ជាក់ថា ៖«នៅក្នុងសង្គមមួយដែលមានគណបក្សកាន់អំណាចធំ និងកាន់តែរឹងមាំ ដូចនៅកម្ពុជាសារព័ត៌មានដែលឯករាជ្យ ហើយនិងមានវិជ្ជាជីវៈត្រឹមត្រូវ គឺជាការសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងនូវទិដ្ឋភាពទាំងអស់របស់សង្គម»។
យោងតាមរបាយការណ៏សង្ខេបស្តីពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជាឆ្នាំ ២០១០ បានសង្កេតឃើញថា បណ្តឹងប្រឆាំងនឹងអ្នកកាសែតមួយចំនួនត្រូវបានបន្តមានទាំងបទបរិហាកេរ្តិ៍ បទផ្សាយព័ត៌មានមិនពិត បទឆបោក និងបទជំរិតទារប្រាក់។ របាយការណ៏បន្តថា បណ្តឹងសរុបប្រឆាំងនឹងអ្នកកាសែតទាំងអស់មានចំនួន៤ករណីធំៗ និងពាក់ព័ន្ធអ្នកការសែតចំនួន ៥នាក់់មកពីស្ថាប័នកាសែត និងទូរទស្សន៍។ដោយឡែករហូតមកទល់នឹងខែកុម្ភៈនេះ បណ្តឹងប្រឆាំងនឹងអ្នកការសែតតាមក្រមព្រហ្មទណ្ឌថ្មីបានកើនឡើងរហូតដល់ ៨ករណី ដែលមានអ្នកកាសែតពាក់ព័ន្ធយ៉ាងហោចណាស់១០នាក់ ដែលអ្នកខ្លះកំពុងជាប់ឃុំ បណ្តោះអាសន្នរង់ចាំការជំនុំជំរះក្តីពីបទឆបោកនិងជំរិតទារប្រាក់៕
No comments:
Post a Comment