Thursday, July 22, 2010



ដំណើរឆ្ពោះទៅការប្រកាសសាលក្រមលើករណីអតីតប្រធានមន្ទីរស-២១ គុកសម្ងាត់ខ្មែរក្រហម

ដោយ នេត្រ ភក្ត្រា


អតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច គឺជាអតីតអ្នកដឹកនាំខ្មែរក្រហមទី១ ដែលត្រូវបានជំនុំជម្រះក្តីក្នុងរយៈពេលជាង ៣០ ឆ្នាំក្រោយពីរបបខ្មែរក្រហមត្រូវបានដួលរលំ។ មានអាយុ ៦៨ ឆ្នាំ ឌុច ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាជំនុំជម្រះក្តីលើបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ និងការធ្វើទារុណកម្ម អំពើមនុស្សឃាតក្រោមច្បាប់របស់កម្ពុជា។ រយៈ ពេលជាង៦ ខែនៃដំណើរការសវនាការលើអង្គសេចក្តីចំនួន៧៣លើក ឌុចបានចាប់ផ្តើមឡើងដោយការទទួលស្គាល់នូវការទទួលខុសត្រូវចំពោះ ឧក្រិដ្ឋកម្មរបស់ខ្លួន និងបានសម្តែងនូវវិប្បដិសារីចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ មករា ឆ្នាំ ១៩៧៩។ លោកបានសន្យាផ្តល់កិច្ចសហការជាមួយសាលាក្តីដើម្បីស្វែរងរកការពិត ក៏ប៉ុន្តែនៅទីចុងបញ្ចប់នៃសវនាការ ឌុច និងសហមេធាវីជាតិរបស់ខ្លួនបានធ្វើការស្នើសុំប្រកបដោយភាពភ្ញាក់ផ្អើលមួយ គឺសុំដោះលែងឌុច ដែលបានទទួលការទទួលខុសត្រូវលើការស្លាប់មនុស្សជាង ១២ ០០០ នាក់នៅមន្ទីរស-២១ ពេលខ្លួនគ្រប់គ្រង «ឲ្យមានសេរីភាព រួចផុតពីការចោទប្រកាន់ទាំងឡាយ»។

ប៉ុន្តែសហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហម បានស្វែងរកភស្តុតាងជាច្រើនបញ្ជាក់ពីឧក្រិដ្ឋកម្មរបស់ឌុច នៅមន្ទីរស-២១ ដែលគេ
សង្ស័យថាបានសម្លាប់មនុស្សជាង ១៥ ០០០នាក់ និងបក្សកុម្មុយនិស្តកម្ពុជាដឹកនាំដោយប៉ុល ពត។ ភស្តុតាងឧក្រិដ្ឋកម្មដែលត្រូវបាន
បញ្ជាក់ និងបង្ហាញបន្ថែម ដោយក្រុមជនរងគ្រោះដែលខ្លះជាដើម បណ្តឹងរដ្ឋប្បវេណី និងជាសាក្សី។ ឆ្លងកាត់ការសួរចម្លើយលើជនជាប់ចោទ ជនរងគ្រោះ និងមានការការពារក្តីពីសំណាក់សហមេធាវីរបស់ចុង ចោទ សហព្រះរាជអាជ្ញា នៅក្នុងសេចក្តីសន្និដ្ឋានបញ្ចប់សំណុំរឿរបស់ខ្លួន បានស្នើឲ្យចៅក្រមអង្គជំនុំជម្រះសាលាដំបូង សម្រេចផ្តន្ទាទោសឌុចដាក់ពន្ធនាគារ ៤០ ឆ្នាំ បន្ទាប់ពីបានលើកឡើងពីគុណសម្បត្តិមួយចំនួន
របស់ឌុចក្នុងកិច្ចសហការជាមួយសាលាក្តី និងការឃុំខ្លួនខុសនីតិវិធី ច្បាប់ នៅមុនពេលដែលឌុចត្រូវបានបញ្ជូនមកតុលាការចម្រុះកម្ពុជា-អ.ស.ប. ដើម្បីជំនុំជម្រះក្តី។ សម្រាប់ភាគីដើមបណ្តឹងរដ្ឋប្បវេណីខ្លះក្នុងចំ ណោមដើមបណ្តឹងរដ្ឋប្បវេណីទាំង ៩០ ក្នុងសំណុំរឿង ០០១ ប្រឆាំង
នឹងឌុច បានស្នើឲ្យដាក់ទោសឌុចក្នុងពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែទោះ បីយ៉ាងណា ការសម្រេចសេចក្តីចុងក្រោយ គឺស្ថិតនៅលើដៃរបស់
ចៅក្រមទាំង ៥ រូបរបស់អង្គជំនុំជម្រះសាលាដំបូង។ សាលក្រមនឹងត្រូវតុលា ការប្រកាសជាផ្លូវការនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១០ ខាងមុខ
នេះ។ នេះគឺជាការសង្ខេបនូវដំណើរការជំនុំជម្រះក្តីឌុចនាពេល កន្លងមកៈ


«អំពីឧក្រិដ្ឋកម្មនៅមន្ទីរស-២១ ខ្ញុំសូមទទួលស្គាល់នូវការទទួលខុសត្រូវរបស់ខ្ញុំតាមផ្លូវច្បាប់ ចំពោះឧក្រិដ្ឋកម្មទាំងអស់ដែលកើត
ឡើងនៅស-២១ សំខាន់គឺសកម្មភាពធ្វើទារុណកម្ម និងសម្លាប់ដល់អាយុជីវិតតាមអ្វីដែលខ្ញុំធ្លាប់ធ្វើរួចមកហើយនៅវេលាដែលលោកសហចៅក្រមស៊ើបអង្កេតនាំខ្ញុំទៅសម្តែងសកម្មភាពរម្លឹកព្រឹត្ត ការណ៍ឡើងវិញនៅជើងឯក និងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង»។ នេះគឺជា ការថ្លែងរបស់កាំង ហ្គេកអ៊ាវ ហៅឌុច នៅក្នុងសាលសវនាការកាលពីខែមីនា ឆ្នាំ ២០០៩។ គឺជាសម្តីដែលចេញពីមាត់របស់អតីតប្រធានគុក
សម្ងាត់របស់របបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាលើកទី១ ដែលពលរដ្ឋខ្មែរជាពិសេសជនរងគ្រោះក្នុងរបបខ្មែរក្រហម បានស្តាប់ឮ ខណៈ
ដែលមេដឹកនាំខ្មែរក្រហមដទៃទៀត មិនបានទទួលស្គាល់ការពិត និងឧក្រិដ្ឋកម្មដែលបានសម្លាប់មនុស្សជិត ២ លាននាក់ក្នុងរបបដែលខ្លួន
គ្រប់គ្រងឡើយ។

នៅចំពោះមុខទោសកំហុសកាលពីអតីតកាល ឌុចបានលើកឡើងថា៖«ខ្ញុំសូមធ្វើការអនុញ្ញាតសុំទោសចំពោះជនរងគ្រោះដែលនៅ
រស់រានមានជីវិត និងសុំទោសចំពោះក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតយ៉ាង អណោចអធមនៅមន្ទីរស-២១។ នៅ
ពេលនេះ ខ្ញុំសុំទោស ហើយសូមអស់លោកយកបំណងនេះទៅពិចារណា ខ្ញុំមិនសុំទាមទារឲ្យអស់លោកអត់ទោសនៅពេលឥឡូវនេះចំពោះ
ឧក្រិដ្ឋកម្មរបស់ខ្ញុំទៅលើជីវិតមនុស្សជាពិសេសទៅលើជីវិតស្រ្តី និងកុមារ ជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមិនអាចអត់ឱនឲ្យបានទេ។ សំណូមពរបច្ចុប្បន្ន
នេះរបស់ខ្ញុំគឺអស់លោកទុកទ្វារនៃការ សុំទោសនេះឲ្យនៅចំហផង»។

អតីតប្រធានគុកទួលស្លែងបានបន្តទៀតថា៖« វិប្បដិសារីដ៏សែនចុកចាប់របស់ខ្ញុំ រម្លឹកអតីតកាលពេលណាខ្ញុំសែនខ្លោចផ្សារពេល
នោះ ខ្ញុំតក់ស្លុតណាស់កាលណាខ្ញុំនឹកដល់សកម្ម ភាពកន្លងមក ដែលខ្ញុំបានទទួលអនុវត្ត និងបានបញ្ជាឲ្យអនុវត្តដែលជាសកម្មភាពប៉ះពាល់
ដល់ អាយុជីវិតជនស្លូតត្រង់យ៉ាងច្រើនក្នុងនោះរួមមានទាំងស្រ្តី និងកុមារផង។ ទោះបីខ្ញុំធ្វើដោយគោរពតាមបញ្ជារបស់អង្គការក៏ដោយ ក៏ខ្ញុំ
ពិតជាទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះ។ ខ្ញុំបានជម្រាបសហចៅក្រមស៊ើបអង្កេតហើយថា ខ្ញុំជាចំណាប់ថ្នូរ និងជាតួសម្តែងនៃរបប
ឧក្រិដ្ឋកម្មនេះ»។ លោកបានបន្តទៀតថា ៖ «ខ្ញុំជឿថាមនុស្សម្នាជាទូទៅ នៅពេលនេះចាត់ទុកខ្ញុំថាកម្សាក ថាអមនុស្សធម៌ ខ្ញុំទទួលពាក្យនេះ
ដោយស្មោះ និងដោយគោរព»។

ជាមួយគ្នានេះដែរ ឌុចបានសារភាពប្រាប់ចៅក្រមសាលាដំបូងថា៖«នៅសម័យ ស-២១ នោះ ខ្ញុំចាត់ទុកជីវិតខ្ញុំ និងជីវិតគ្រួសារខ្ញុំ
សំខាន់លើសជីវិតអ្នកជាប់ឃុំឃាំងនៅ ស-២១នោះ មិនប្រកែកប្រណាំងនឹងបទបញ្ជាថ្នាក់លើ។ ទោះបីជាដឹងថា បទបញ្ជានោះឧក្រិដ្ឋក៏ដោយ ក៏ខ្ញុំមិនហ៊ាននឹកនាដល់ដែរនៅជំនាន់នោះ។ នេះគឺជាបញ្ហាស្លាប់រស់របស់ខ្ញុំនិងគ្រួសាររបស់ខ្ញុំ។ ក្នុងឋានៈខ្ញុំជាប្រធានស-២១ ខ្ញុំអត់ហ៊ានគិតគូរ
រកលទ្ធភាពអីក្រៅពីអនុវត្តបទបញ្ជារបស់ថ្នាក់លើទេ ទោះបីខ្ញុំដឹងថាការអនុវត្តនោះនាំទៅរកការបាត់បង់អាយុជីវិតមនុស្ស រាប់ពាន់នាក់ក៏
ដោយ»។ លោកបានគូសបញ្ជាក់ថា៖ «បច្ចុប្បន្ននេះខ្ញុំមានវិប្បដិសារី សោកស្តាយយ៉ាងជ្រៀលជ្រៅ ព្រមទាំងខ្មាសអៀន មានសភាពរអៀសក្នុង
ឋានៈជាអ្នកមានខ្លួន មានទោស ដឹងថាខ្លួនមានទោសចំពោះជាតិ ប្រជាជនកម្ពុជាទាំងមូលចំពោះក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែលបាន
បាត់បង់ជីវិតនៅ ស-២១ ព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់ដែលមានសមាជិកមួយចំនួនបានបាត់បង់ជីវិតទៅហើយនោះ»។
នៅក្នុងដំណើរការសវនាការរបស់ខ្លួន ឌុចបានព្យាយាមពន្យល់ និងរម្លឹកឡើងវិញនូវទង្វើរបស់ខ្លួនដែលធ្លាប់បានប្រព្រឹត្តកាលពីជាង ៣០ ឆ្នាំមុន ដោយមានការចោទសួរពីសំណាក់ចៅក្រម។ ឌុចបានបញ្ជាក់ថាខ្លួនមិនពេញចិត្តក្នុងការធ្វើការងារនៅមន្ទីរ ស-២១ ខណៈដែល
ដំបូងឡើយគាត់ ចង់ទៅបម្រើការងារនៅក្រសួងឧស្សាហកម្ម។ តួនាទីដំបូងឡើយជាអនុប្រធានមន្ទីរស-២១ ត្រូវបានឌុចអះអាងថា ត្រូវបាន
គេចាប់ឲ្យធ្វើ ហើយអ្នកដែលជាអ្នកចាប់នោះគឺ សុន សេន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជាប្រជាធិបតេយ្យ ។ លោកត្រូវបាន ប៉ុល ពត សម្លាប់នៅក្នុងឆ្នាំ ១៩៩៧ ដោយចោទថាក្បត់ និងជាគិញសម្ងាត់របស់រដ្ឋាភិបាលកម្ពុជា។ ពេលឡើងធ្វើជាប្រធានមន្ទីរស-២១ ឌុចក៏បានអះអាងថាត្រូវបានគេចាប់បង្ខំថែមទៀត។

មុននឹងឈានសវនាការលើឧក្រិដ្ឋកម្មដែលកើតឡើងនៅមន្ទីរស-២១ តុលាការបានលើកយកនូវរឿរ៉ាវមួយចំនួនដែលជាដើមចមមុន នឹងកកើតមន្ទីរស-២១ ក្នុងនោះមានរឿងរ៉ាវទាក់ទងនឹងមន្ទីរឃុំឃាំង ម-១៣ ស្ថិតនៅក្នុងឃុំអមលាំង ខេត្តកំពង់ស្ពឺ។ នៅទីនោះ ឌុចបានទទួល ស្គាល់ថា គាត់គឺជាអ្នកគ្រប់គ្រងគុកនេះ។ រូបភាពនៃការធ្វើទារុណកម្មលើស្រី្តដូចជាយកភ្លើងទៅដុតសុដន់ ឬយកឈើទៅរុកចូលយោនីរបស់ស្រ្តី និងឃើញឌុចបាញ់សម្លាប់អ្នកទោស និងធ្វើទារុណកម្មលើអ្នកទោសជាដើម ត្រូវបានរៀបរាប់បង្ហាញដោយសាក្សីរស់ និងជាលាយលក្ខណ៍
អក្សរមួយចំនួន។ ប៉ុន្តែភស្តុតាងខ្លះដែលឌុចគិតថាពិត មិនអាចប្រកែកបាន ឌុចបានធ្វើការទទួលស្គាល់ ចំណែកភស្តុតាងណាដែលមានភាព
មិនច្បាស់លាស់ សាក្សី ចាំមិនច្បាស់ ឌុចក៏បានធ្វើការច្រានចោលផងដែរ។

ឌុចបានថ្លែងទទួលស្គាល់ថា ខ្លួនគឺជាប្រធានមន្ទីរស-២១។ ចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ឌុចបានកាន់តួនាទីនេះនៅការិយា
ល័យស-២១ ដែលជាទីស្នាក់ការនៃសាខាពិសេសរបស់នគរបាលពិសេស (សន្តិបាល)នៃបក្សកុម្មុយនិស្តកម្ពុជា។ ស-២១ ឬគុកទួលស្លែងគឺជា មន្ទីរសន្តិសុខតែមួយគត់ក្នុងចំណោមមន្ទីរសន្តិសុខនានា ដោយសារតែមានទំនាក់ទំនងផ្ទាល់ជាមួយនឹងគណៈកម្មាធិការមជ្ឈិមបក្ស និងមានតួនាទីនៅក្នុងការឃុំខ្លួន និងការសម្លាប់កម្មាភិបាលរបស់បក្សកុម្មុយនិស្តកម្ពុជា។ មានអ្នកទោសជាង ១៥ ០០០នាក់ ត្រូវបានសម្លាប់ ឬស្លាប់ ដោយការធ្វើទារុណកម្ម និងស្ថានភាពឃុំឃាំងដ៏អាក្រក់នៅមន្ទីរស-២១។ នៅថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ គេឃើញមានអ្នកទោសចំនួន ៨ នាក់ និងក្មេងៗប៉ុន្មាននាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតក្នុងនោះអ្នករស់រានមានជីវិតសព្វថ្ងៃគឺលោកវ៉ាន់ ណាត លោកជុំ មី លោក ប៊ូ ម៉េង ហើយកុមារាម្នាក់ទៀតដែលបច្ចុប្បន្នមានអាយុ ៤០ទៅហើយនោះ គឺលោកនង ចន្ទផល។

អតីតប្រធានគុកទួលស្លែង ឌុច ដែលឆ្អិនឆ្អៅដោយលទ្ធិកុម្មុយនិស្ត និងបានមើលសៀវភៅស្តីពីការធ្វើទារុណកម្មផ្សេងៗរបស់ទីភ្នាក់
ងារសម្ងាត់មួយចំនួន ហើយក្រោយមកបានយកមកអនុវត្តជាមួយអ្នកទោសនៅស-២១ បានលើកឡើងថា៖«ពីថ្ងៃ១៧ មេសា ១៩៧៥ ដល់ថ្ងៃ
ទី៦ មករា ឆ្នាំ១៩៧៩ បក្សកុម្មុយនិស្តកម្ពុជា គឺជាអ្នកទទួលខុសត្រូវផ្តាច់មុខលើឧក្រិដ្ឋកម្មនៅកម្ពុជា។ ភស្តុតាងសំខាន់ពីរ គឺលក្ខន្តិកៈបក្សឆ្នាំ
១៩៧៦ ទំព័រទី ១នៃលក្ខន្តិកៈនេះសរសេរជាអាទិថា ក្រោយពីដឹកនាំសម្រេចបដិវត្តន៌ប្រជាជាតិ ប្រជាធិបតេយ្យបានទាំងស្រុង និងជាស្ថាពរ នៅថ្ងៃទី ១៧ មេសាឆ្នាំ ១៩៧៥ មក បក្សកុម្មុយនិស្តកម្ពុជាដឹកនាំបដិវត្តន៍សង្គមនិយម និងកសាងសង្គមនិយមតទៅទៀត ដោយផ្តាច់មុខដាច់
ខាត និងគ្រប់ផ្នែក»។

ប្រធានគុកទួលសម័យខ្មែរក្រហមដែលជាមនុស្សស្និទ្ធរបស់សុន សេន ក្រោមការគ្រប់គ្រងរបស់បងធំទី២នៃរបបខ្មែរក្រហម នួន ជា បានលើកឡើងប្រាប់តុលាការថា៖ «ក្រោយថ្ងៃទី ១៧ មេសា ១៩៧៥ ប៉ុល ពត កើតចិត្តភ្លឺតភ្លើនខ្លាំងណាស់បានលើកមាគ៌ាដែលប៉ះពាល់ដល់
អាយុជីវិតមនុស្ស។ នេះដោយសារតែប៉ុល ពត គាត់មានសព្វមានគ្រប់ សំខាន់គឺគាត់មានបក្សជនរាប់ម៉ឺននាក់នៅក្នុងកណ្តាប់ដៃគាត់។ ឧក្រិដ្ឋកម្មនៅក្នុងសម័យនោះ គឺមានទំហំធំធេងណាស់។ ដោយឡែកការបាត់បង់អាយុជីវិត ប្រជាជនជាងមួយលាននាក់ដោយខ្ញុំជាបក្សជន
មួយរូបរបស់បក្សកុម្មុយនិស្តកម្ពុជា ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាមានតួនាទីទទួលខុសត្រូវនៅក្នុងផ្លូវចិត្តនៃឧក្រិដ្ឋកម្មដែលបក្សកុម្មុយនិស្តកម្ពុជា
បានប្រពឹ្រត្តឡើងក្នុងជំនាន់នោះ។ ខ្ញុំសូមសម្តែងនូវវិប្បដិសារី សោកស្តាយយ៉ាងឈឺចាប់បំផុតចំពោះឧក្រិដ្ឋគ្រប់យ៉ាងដែលបក្សកុម្មុយនិស្ត
កម្ពុជាបានប្រព្រឹត្តឡើងពីថ្ងៃទី ១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩»។

នៅក្នុងសវនាការដដែល ឌុច ក៏បានលើកឡើងពីមនុស្សបួនក្រុមដែលមានសិទ្ធិអំណាចនៅក្នុងការបញ្ជាឲ្យចាប់ និងសម្លាប់មនុស្ស
ដែលពួកគេចាត់ទុកថាជា សត្រូវរបស់អង្គការបដិវត្តន៍។ មនុស្សទាំងបួនក្រុមនោះជាមន្ត្រីដឹកនាំកំពូលៗរបស់បក្សកុម្មុយនិស្តកម្ពុជាដែលអាចជា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាភូមិភាគជាដើម។ ឌុចបានលើកឡើងជាច្រើនលើកអំពីការទទួលខុសត្រូវរបស់ខ្លួន និងទទួល អនុវត្តបញ្ជាពីថ្នាក់លើ។ មេដឹកនាំខ្មែរក្រហមពីរនាក់ ដែលឌុចបានធ្វើការផ្ទាល់ជាមួយ គឺសុន សេន និងពូនួន (នួន ជា)។ នួន ជា ដែលកាល នោះគឺជាមនុស្សទី២ នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា បានគ្រប់គ្រងលើការងារនេះពីលើសុន សេន ពិនិត្យ និងទទួលយកចម្លើយសារភាពដែល បុគ្គលិកមន្ទីរស-២១ យកបានពីកម្មាភិបាល និងអ្នកទោសនានាដែលត្រូវបានបញ្ជូនពីតំបន់នានាក្នុងប្រទេសកម្ពុជា ហើយដែលត្រូវគេចោទថា ជាជនក្បត់អង្គការ។ ឌុចក៏បានឆ្លៀតលើកឡើងពីគំនិតស្រមៃរបស់នួន ជាថា «អាណាធ្វើស្តេច ក៏អញនៅតែធ្វើឧបរាជ» មានន័យថា នួន ជា នៅតែជាមនុស្សសំខាន់ទី ២ រហូត ទោះបីជានរណា ឡើងធ្វើធំក៏ដោយ។

ដំណាក់កាលសវនាការលើអង្គសេចក្តីនៅមន្ទីរស-២១ បានចាប់ផ្តើមឡើងនៅក្រោយចូលឆ្នាំខ្មែរ ២០០៩ ឌុចបានធ្វើការរៀបរាប់
យ៉ាងលម្អិតអំពីរចនាសម្ព័ន្ធរបស់មន្ទីរស-២១ ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ៣ រួមនឹងទីតាំងផ្សេងៗទៀតដែលជាចំណុះ ឲ្យគុកសម្ងាត់ខ្មែរក្រហមនេះ។ មន្ទីរស-២១ មានសាខារបស់នៅមន្ទីរឃុំឃាំងព្រៃស គុកតាខ្មៅដែលជាកន្លែងឃុំឃាំងអ្នកមានទោសស្រាលៗ និងតំបន់ជើងឯក ដែលជាកន្លែងពិឃាតអ្នកទោស បន្ទាប់ពីសួរចម្លើយរួចហើយ និងអ្នកទោសដែលបានស្លាប់នៅក្នុងមន្ទីរឃុំឃាំង។ បច្ចុប្បន្ន នៅទីនោះ លលាដ៏ក្បាលជាច្រើនពាន់ដែលត្រូវបានគេកាយចេញនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ត្រូវបានដាក់បង្ហាញនូវក្នុងស្តូបដ៏ធំមួយ បញ្ជាក់ ពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រព្រឹត្តិឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ទម្រង់នៃការធ្វើទារុណកម្មជាច្រើនប្រភេទដែលបានប្រព្រឹត្តនៅក្នុងគុកទួលស្លែងត្រូវបានរៀបរាប់ឡើងរួមមានការវាយអ្នកទោសជាមួយ នឹងរំពាត់ ការឆក់ខ្សែភ្លើង យកថង់មកគ្របលើក្បាលធ្វើឲ្យអ្នកទោសហប់ខ្យល់ យកអ្នកទោសទៅច្រមុជក្នុងទឹកអាង ការដកក្រចកដៃក្រចកជើង បង្អត់អាហារ រួមនឹងទង្វើព្រៃផ្សៃអមនុស្សធម៌ជាច្រើនទៀត។ ការធ្វើទារុណកម្មបែបអមនុស្សធម៌ទាំងឡាយគឺដើម្បីតែម្យ៉ាងគត់ គឺទទួលបាននូវ ចម្លើយសារភាពរបស់អ្នកទោសជាប្រជាជនធម្មតា ឬជាកម្មាភិបាលខ្មែរក្រហមដែលសង្ស័យថាជាជនក្បត់អង្គការ។ ចម្លើយចេញពីការសារភាព
របស់អ្នកទោសត្រូវបានសរសេរនៅលើក្រដាសជាច្រើនម៉ឺនសែនទំព័រ រួមនឹងការថតរូប បង់លេខដើម្បីធ្វើជាភស្តុតាងថែមទៀត។

រាល់ចម្លើយ សារភាពដែលទាក់ទងនឹងអាយុជីវិតរបស់បដិវត្តន៍ត្រូវបានបញ្ជូនទៅថ្នាក់លើ គឺគណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា។ នៅលើចម្លើយសារភាពខ្លះ មានចំណារពីឌុច ឬចំណារវិលត្រឡប់មកវិញពីអ្នកត្រួតពិនិត្យមើលពីលើ ស-២១។ ឌុចបានថ្លែងប្រាប់ចៅក្រមថា លោកបានធ្វើចំណារលើចម្លើយអ្នកទោសមុននឹងត្រូវបញ្ជូនទៅថ្នាក់លើ គឺសុន សេន ដែលជាអ្នកសម្រេចថា ពួកគេត្រូវសម្លាប់ ឬអត់។ ចំណែក មេដឹកនាំផ្សេងទៀតដែលបានទទួលរបាយការណ៍ដែរនោះគឺអៀង សារី នួន ជា និងប៉ុល ពត។ ឌុចបានប្រាប់សវនាការថាខ្លួនគាត់ផ្ទាល់គ្រាន់
តែជាអ្នកអនុវត្តបទបញ្ជា ដែលចេញដោយសុន សេន ហើយបងធំទី២ នួន ជា គឺជាអ្នកត្រួតពិនិត្យមើលការអនុវត្តបទបញ្ជាដែលគេដាក់
ឲ្យ។ អតីតប្រធានគុកទួលស្លែងបានថ្លែងថា លោកមិនសូវជាជឿលើចម្លើយសារភាពដែលទទួលបានប៉ុន្មានទេ ប៉ុន្តែលោកបានថ្លែងថា៖«ខ្ញុំនឹង កំបុតក្បាល ប្រសិនបើខ្ញុំមិនធ្វើតាមបញ្ជា»។ ពេលខ្លះ ឌុចត្រូវកែប្រែចម្លើយសារភាពដើម្បីបំពេញចិត្តចៅហ្វាយនាយរបស់ខ្លួន។

អ្នកជំនាញប្រវត្តិសាស្ត្របាន ថ្លែងថា អ្វីដែលបក្សកុម្មុយនិស្តធ្វើឡើង ក្នុងការចាប់ខ្លួន និងធ្វើទារុណកម្មយកចម្លើយសារភាពគឺដើម្បី
ធ្វើបន្សុទ្ធកម្មលើកម្មាភិបាលបក្សកុម្មុយនិស្តកម្ពុជា និងកម្ចាត់សត្រូវ របស់បក្ស ដើម្បីធ្វើយ៉ាងណាអាចដឹកនាំ និងគ្រប់គ្រងប្រទេសបានយូរអង្វែង។ ឌុច ត្រូវបានមេធាវីការពារក្តីដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ពិពណ៌នាថា ជាបេក្ខជនដ៏ស័ក្តិសមម្នាក់ក្នុងការគ្រប់គ្រងគុកសម្ងាត់ ស-២១ ដោយសារតែ ភាពស្មោះត្រង់ និងការបូជារបស់លោកចំពោះបក្សកុម្មុយនិស្តកម្ពុជា ហើយអ្វីដែលជាពិសេសនោះគឺដោយសារតែបទពិសោធរបស់លោកនៅ ក្នុងការសួរចម្លើយ និងធ្វើទារុណកម្មនាពេលកន្លង។

ជាមួយគ្នានេះដែរ នៅក្នុងសវនាការ ឌុច បានសារភាពថា គឺលោកផ្ទាល់ជាអ្នកជ្រើសរើសតំបន់បឹងជើង ឯកសម្រាប់ធ្វើជាកន្លែង
ពិឃាត និងកប់សាកសពរបស់អ្នកទោស។ ឌុចបានលើកឡើងថា អ្នកទោសដែលបានបញ្ជូនមកកាន់មន្ទីរស-២១ ត្រូវ បានគេកាត់ទោស
ប្រហារជីវិតរួចស្រេចទៅហើយ បើទោះបីជាគេចាប់ច្រឡំយ៉ាងណាក៏ដោយ។ ឌុចបានលើកឡើងពីករណីឧក្រិដ្ឋកម្មនៅមន្ទីរស-២១ ដោយយក
ទ្រឹស្តីមេដឹកនាំកុម្មុយនិស្តវៀតណាមហូ ជីមិញមកប្រើ គឺ«នៅពេលកាប់ដើមឫស្សី គេត្រូវពន្លះបន្លាចេញឲ្យអស់»។ ទ្រឹស្តីនេះមានន័យថា គេចាំបាច់ត្រូវធ្វើការ ពង្រីកការចាប់ខ្លួនឲ្យបានច្រើននៅក្រោមប្រព័ន្ធនយោបាយមួយដែលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពីថ្នាក់លើដល់ថ្នាក់ក្រោម។

នៅក្នុងអំឡុងសវនាការ បញ្ជីនៃការចោទប្រកាន់ប្រឆាំងឌុច ៣៥១ ករណីត្រូវបានបង្ហាញជុំវិញឧក្រិដ្ឋកម្មរបស់គាត់នៅមន្ទីរ ស-២១។ ចំពោះឧក្រិដ្ឋកម្មខ្លះត្រូវបានច្រានចោល ប៉ុន្តែភាគច្រើនត្រូវបានអតីតប្រធានគុកទួលស្លែងទទួលយក បន្ទាប់ពីមានការសួរដេញដោលពី សំណាក់មេធាវីការពារក្តីរួចមក។ ឌុចបានលើកឡើងថា លោកនឹងមិនយកទឹកភ្នែកប៉ុន្មានដំណក់របស់លោកលុបលាងទុក្ខសោករបស់ជនរង
គ្រោះខ្មែរនោះទេ ប៉ុន្តែលោកនឹងទុកឲ្យតុលាការគឺជាអ្នកសម្រេច។ ឌុចត្រូវបានគេដឹងថា បានផ្លាស់ប្តូរសាសនារបស់ខ្លួន ពីសាសនាព្រះពុទ្ធមក កាន់គ្រឹស្តសាសនាវិញនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្រោយពីរបបខ្មែរក្រហមបានដួលរលំទៅ។

ជនរងគ្រោះជាច្រើនរូបដែលក្នុងនោះមានទាំងលោកជុំ មី លោកវ៉ាន់ ណាត និងលោកប៊ូ ម៉េង ដែលជាអ្នករួចរស់ជីវិតពីការធ្វើទារុណកម្ម និងសម្លាប់ពីមន្ទីរស-២១ ដោយសារតែចំណេះដឹងដូចជាការគូរគំនូរ ជាងអគ្គិសនីជាដើមដែលមន្ទីរស-២១ត្រូវបាននោះ បានចូលរួមផ្តល់នូវ សក្ខីកម្មជាច្រើន។ លោកវ៉ាន់ ណាត លើកឡើងពីភាពអត់ឃ្លាន និងការធ្វើទារុណកម្មសួរចម្លើយដ៏ព្រៃផ្សៃរបស់ឆ្មាំគុក។ លោកបានលើកឡើង ថា៖«នៅពេលនោះ ប្រសិនបើគេដាក់សាច់មនុស្សឲ្យហូប ក៏ខ្ញុំហូបដែរ ពីព្រោះនៅពេលនោះ ខ្ញុំឃ្លានណាស់»។ រីឯលោកជុំ ម៉ី បានលើកឡើង ពីការធ្វើទារុណកម្មដើម្បីសួរចម្លើយរបស់ខ្មែរក្រហមមានទាំងការដកក្រចក ឆក់ខ្សែភ្លើង។ លោកជុំ ម៉ី ថ្លែងថា លោកត្រូវបានគេធ្វើទារុណកម្មជាង ១០ ថ្ងៃដើម្បីសួរចម្លើយទៅលើអ្វីដែលគាត់មិនបានប្រព្រឹត្តផងនោះ គឺចោទគាត់ថាជាទីភ្នាក់ងារសម្ងាត់ KGB របស់សូវៀត។ ចំណែក
លោកប៊ូ ម៉េង បានលើកឡើងពីការធ្វើទារុណកម្មរហូតដល់សន្លប់ពីសំណាក់បុគ្គលិកនៅក្រោមបញ្ជារបស់ឌុច។

ក្រៅពីជនរងគ្រោះនៅមន្ទីរស-២១ ក៏មានក្រុមគ្រួសារជារងគ្រោះជាច្រើនទៀតទាំងជនជាតិខ្មែរ និងបរទេស ដែលជាដើមបណ្តឹងរដ្ឋ ប្បវេណី បានឡើងមករៀបរាប់រឿងរ៉ាវទាំងឡាយរបស់សាច់ញាតិខ្លួនដែលត្រូវបានសម្លាប់នៅមន្ទីរស-២១។ ក្នុងចំណោមនោះ រឿងរ៉ាវរបស់
លោកសាស្ត្រាចារ្យច្បាប់ ភុន តុន គឺបានលេចធ្លោជាងគេ និងបានធ្វើឲ្យអតីតប្រធានគុកទួលស្លែង ឌុច សម្រក់ទឹកភ្នែក ជាមួយនឹងអតីតអនុ
ប្រធានរបស់ខ្លួន គឺលោកម៉ម ណៃ។ លោកសាស្ត្រាចារ្យ ភុន តុន គឺធ្លាប់ជាគ្រូរបស់ឌុច និងរបស់លោកម៉ម ណៃផងដែរ។ ទឹកភ្នែក និងភាពរំ
ជួលអារម្មណ៍បានកើតឡើងនៅក្នុងសាលសវនាការ នៅពេលដែលជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ បានរម្លឹកឡើងវិញពីរឿងរ៉ាវសោក សៅនានាដែលកើតឡើងនៅមន្ទីរស-២១។ ចំពោះភស្តុតាងដែលមិនអាចប្រកែកបាន ឌុច គ្មានអ្វីក្រៅពីការសុំទោសជនរងគ្រោះ និងបង្ហាញ នូវការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលខ្លួនប្រព្រឹត្តឡើយ។

សហមេធាវីការពារក្តីរបស់ឌុច គឺលោក ការ សាវុត្ថ និងលោក François Roux បានធ្វើការការពារក្តីឲ្យឌុចយ៉ាងដុតដៃដុតជើង។ សហមេធាវីទាំងពីរបានស្វែងរកភស្តុតាង និងលើកឡើងពីទិដ្ឋភាពច្បាប់មួយចំនួនមកបកស្រាយ ហើយអ្វីដែលសំខាន់គឺធ្វើយ៉ាងណាឲ្យឌុច រួចផុតពីការចោទប្រកាន់ទាំងឡាយ ដោយទាញយកហេតុផលថា ឌុចមិនមែនជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏មិន
មែនជាអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលស្ថិតនៅក្នុងយុត្តាធិការរបស់សាលាក្តីខ្មែរក្រហមដែលត្រូវជំនុំជម្រះទោសដែរ។ សហមេធាវីជាតិ លោកការ សាវុត្ថ បានថ្លែងថា ឌុចជាប្រធានគុកដែលសម្លាប់មនុស្សត្រឹមតែ ១២ ០០០ នាក់បែរជាត្រូវគេយកមកកាត់ទោស ចំណែកឯគុកដទៃទៀតដែលបានសម្លាប់មនុស្សច្រើនជាងគុកទួលស្លែងមិនត្រូវបានយកមកកាត់ទោស ថាតើនេះគឺយុត្តិធម៌របស់អង្គជំនុំជម្រះ វិសាមញ្ញឬទេ? លោកបានស្នើឲ្យមានការលើកលែងការចោទប្រកាន់លើកូនក្តីលោក ដោយយោងទៅតាមច្បាប់ជាតិ។ ប៉ុន្តែសម្រាប់សហមេធាវី បរទេស លោក Francois Roux វិញ បានការពារក្តីឌុចដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងបំណងធ្វើយ៉ាងណា ប្រសិនបើមិនអាចលើកលែងការចោទប្រកាន់បានទេ គួរតែចៅក្រមធ្វើការពិចារណាក្នុងការសម្រាលទោស ព្រោះកូនក្តីលោកបានចូលរួមសហការជាមួយសាលាក្តីយ៉ាងពេញ
ទំហឹងតាំងពីដើមរហូតដល់ចប់ទៅហើយនោះ។

ចំណែកឯសហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហម គឺលោកស្រី ជា លាង និងលោក William Smith ដែលកាលនោះគឺជាសហព្រះ
រាជអាជ្ញាបរទេសស្តីទី ក្រោយពីលោក Robert Petit បានលាលែងចេញពីតំណែងកាលពីដើមខែកញ្ញា ឆ្នាំ ២០០៩ បានធ្វើសេចក្តីសន្និដ្ឋាន លើសំណុំរឿងរបស់ខ្លួន ដោយបានលើកហេតុផល និងភស្តុតាងជាច្រើនដើម្បីបិទបញ្ចប់សំណុំរឿង និងស្នើសុំទៅចៅក្រមធ្វើការសម្រេចកំណត់ ទោសលើអតីតប្រធានគុកទួលស្លែងនេះ។ ការស្នើកំណត់ទោសដែលព្រះរាជអាជ្ញាបានស្នើទៅចៅក្រមអង្គជំនុំជម្រះសាលាដំបូងដាក់ទោស ៤០ ឆ្នាំចំពោះឌុច។ ទោស ៤០ ឆ្នាំដែលហាក់ដូចជាតិចតួចបំផុតសម្រាប់ជនរងគ្រោះខ្លះដែលឆ្អែតនឹងការធ្វើទារុណកម្មរាប់មិនភ្លេចនៅមន្ទីរ ស-២១។ លោកជុំ ម៉ី និងប៊ូ ម៉េង ព្រមទាំងលោកនង ចន្ទផល នៅពេលនោះបានស្នើឲ្យតុលាការដាក់ទោសឌុចក្នុងពន្ធនាគារអស់មួយជីវិត ព្រមទាំងផ្តល់សំណងណាមួយសម្រាប់ជនរងគ្រោះ។

ប៉ុន្តែអ្វីដែលជាសម្តីចុងក្រោយរបស់ឌុចនៅពេលបិទបញ្ចប់សវនាការកាលពីខែវិច្ឆិកាកន្លងទៅ គឺឌុចបានស្នើសុំឲ្យតុលាការធ្វើការ ដោះលែងខ្លួនឲ្យមានសេរីភាព និងរួចចាកផុតពីការចោទប្រកាន់ទាំងឡាយ។ ជាការស្នើសុំមួយដែលត្រូវបានការពារដោយមេធាវីការពារក្តី លោកការ សាវុត្ថ។ ប៉ុន្តែបានធ្វើឲ្យសហមេធាវីបរទេស លោក Francois Roux មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សម្តីចុងក្រោយសុំឲ្យតុលាការ ដោះលែង និងរួចពីការចោទប្រកាន់នេះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាធ្វើឲ្យអ្វីដែលខ្លួនខិតខំពីដំបូងក្នុងការកសាងជំនឿទុកចិត្ត និងការ អភ័យទោសពីប្រជាជនខ្មែរ និងជនរងគ្រោះខ្មែរនោះ បែរជាធ្លាក់តម្លៃ ហើយត្រូវគេមើលឃើញថា អ្វីៗដែលឌុចបានសម្តែងការសុំខមាទោស និងវប្បដិសារី គឺគ្រាន់តែជាការសម្តែងរបស់ឌុចតែប៉ុណ្ណោះ ចំណែកឯទឹកភ្នែកដែលឌុចធ្លាប់ហូរ គឺ«ជាទឹកភ្នែកក្រពើ»។ ប៉ុន្តែទោះបីជាយ៉ាងណា ថាតើអតីតប្រធានគុកទួលស្លែងមានទោស ឬគ្មានទោសចំពោះអ្វីដែលបានប្រព្រឹត្តនៅមន្ទីរស-២១ សាលក្រមនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃ ចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០១០៕

No comments:

Post a Comment